ប្រវត្ដិ​​និង​ការតស៊ូ​​របស់​អនុ​ប្រធានាធិបតី​ស្ដ្រី​ទី​១​​អាមេរិក ខា​ម៉ា​ឡា ហារី​ស​

24-01-2021 11:32 am 566

​លោកស្រី​ខា​ម៉ា​ឡា ហារី​ស​ទើបបាន​ស្បថ​ចូល​កាន់តំណែង​កាលពី​ថ្ងៃទី​២០ ខែ​មករា ឆ្នាំ​២០២១ ជា​អនុ​ប្រធានាធិបតី​អាមេរិក​។ លោកស្រី​ជា​អនុ​ប្រធានាធិបតីស្ដ្រី​ដំបូង​គេ ជា​អនុ​ប្រធានាធិបតីស្ដ្រី​ស្បែក​ខ្មៅ​ដំបូង​គេ និង​ជា​អនុ​ប្រធានាធិបតីស្ដ្រី​ពូជពង្ស​អាស៊ី​ដំបូង​គេ ក្នុង​ប្រវត្ដិសាស្ដ្រ​អាមេរិក​។ ប៉ុន្ដែ​មុន​ឈានដល់​ចំណុច​នេះ លោកស្រី​ក៏​ប្រឈម​បញ្ហា​ជាច្រើន​តាំងពីក្មេង ដោយ​ត្រូវគេ​រើសអើង​ផង ហើយ​ឪពុកម្ដាយ​លែងលះគ្នា​តាំងពី​អាយុ​៧​ឆ្នាំ​។ ចូលប្រឡូក​ក្នុង​ការងារ​ក៏ត្រូវ​ប្រឈម​ឧបសគ្គ​ជាច្រើន​ទៀត ប៉ុន្ដែ​លោកស្រី​ហារី​សបាន​តស៊ូ​រហូត​ក្លាយជា​អនុ​ប្រធានាធិបតី​អាមេរិក​។ 

​ជី​វប្រ​វត្ដិ​និង​ការសិក្សា​

​លោកស្រី​ខា​ម៉ា​ឡា ហារី​ស​មានឈ្មោះ​ពេញ​ថា​ខា​ម៉ា​ឡា ដេវី ហារី​ស​(Kamala Devi Harris) កើត​នៅ​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​១៩៦៤ ក្នុង​ទីក្រុង​Oakland រដ្ឋ​California សហរដ្ឋអាមេរិក បច្ចុប្បន្ន​មាន​វ័យ​៥៦​ឆ្នាំ​។ លោកស្រី​មាន​ម្ដាយ​ឈ្មោះ​Shyamala Gopalan ជា​ជនជាតិ​ឥណ្ឌា​ទៅ​បន្ដ​ការសិក្សា​នៅ​អាមេរិក​ក្នុង​ឆ្នាំ​១៩៥៨ ជា​ជីវ​វិទូ​។ ឪពុក​ឈ្មោះ​Donald J. Harris​សញ្ជាតិ​ចា​ម៉ៃ​កា ជា​សាស្ដ្រាចារ្យ​សេដ្ឋកិច្ច​នៅ​សាកលវិទ្យាល័យ​Stanford ប៉ុន្ដែ​បាន​ចូលនិវត្ដន៍​ទៅហើយ​។ លោក​បាន​ចាកចេញ​ពី​កោះ​Jamaica​ទៅ​បន្ដ​ការសិក្សា​ជំនាញ​សេដ្ឋកិច្ច​ក្នុង​ដី​អាមេរិក​ក្នុង​ឆ្នាំ​១៩៦១ ដែល​ទីនោះ​ហើយ​លោក​បាន​ជួប​អ្នកស្រី​Shyamala Gopalan​។ មាន​ម្ដាយ​ដើមកំណើត​អាស៊ី​និង​ឪពុក​ដើមកំណើត​ស្បែក​ខ្មៅ​ចា​ម៉ៃ​កា លោកស្រី​ហារី​ស​គឺជា​ស្ដ្រី​ស្បែក​ខ្មៅ​អាមេរិក​កាត់​អាស៊ី​ដំបូង​គេ​បាន​ក្លាយជា​អនុ​ប្រធានាធិបតី ហើយក៏​ជា​អនុ​ប្រធានាធិបតីស្ដ្រី​ទីមួយ​ក្នុង​ប្រវត្ដិសាស្ដ្រ​អាមេរិកផ​ង​ដែរ​។ លោកស្រី​មាន​ប្អូនស្រី​ម្នាក់​ឈ្មោះ​Maya រស់នៅក្នុង​ទីក្រុង​Berkeley​រដ្ឋ​California​សហរដ្ឋអាមេរិក​។​

​ទាក់ទង​នឹង​ការសិក្សា លោកស្រី​ហារី​សបាន​ចូលរៀន​ថ្នាក់​មត្ដេយ្យ​ក្នុង​ទីក្រុង​Berkeley និង​ចូល​ថ្នាក់បឋមសិក្សា​នៅ​ទីក្រុង​Thousand Oaks​នៅ​ភាគ​ខាងជើង​ជាប់​ទីក្រុង​Berkeley​។ ដោយសារ​ឪពុកម្ដាយ​លែងលះ​តាំងពី​ខ្លួន​មាន​អាយុ​៧​ឆ្នាំ ដូច្នេះ​ហារី​ស​និង​ប្អូនស្រី​ត្រូវ​រស់នៅ​ជាមួយ​ម្ដាយ ហើយ​នៅ​វ័យ​១២​ឆ្នាំ​ហារី​ស​និង​ប្អូនស្រី​ម៉ា​យ៉ា បាន​ចាកចេញ​ពី​អាមេរិក​ទៅកាន់​ទីក្រុង​ម៉ុងត្រេអាល់​ប្រទេស​កាណាដា​ជាមួយ​ម្ដាយ ព្រោះ​ម្ដាយ​ទទួលយក​កិច្ចការ​ស្រាវជ្រាវ​និង​បង្រៀន​នៅ​សាកលវិទ្យាល័យ​នៅ​ទីនោះ​។ ហារី​សបាន​ចូលរៀន​នៅ​សាលាបឋមសិក្សា​និយាយ​ភាសា​បារាំង ហើយ​បន្ដ​រហូត​ចប់​វិទ្យាល័យ​ក្នុងប្រទេស​កាណាដា​ក្នុង​ឆ្នាំ​១៩៨១​។​

​ក្រោយ​បញ្ចប់​ថ្នាក់​វិទ្យាល័យ នៅ​ឆ្នាំ​១៩៨២​ហារី​សបាន​ត្រឡប់​ទៅ​បន្ដ​ការសិក្សា​នៅ​សាកលវិទ្យាល័យ​Howard​ស្ថិតក្នុង​ទីក្រុង​វ៉ាស៊ីនតោន​ឌី​ស៊ី​សហរដ្ឋអាមេរិក​វិញ​។ ហារី​ស​បញ្ចប់​ការសិក្សា​ពី​សាកលវិទ្យាល័យ​Howard​នៅ​ឆ្នាំ​១៩៨៦​ជំនាញ​វិទ្យាសាស្ដ្រ​នយោបាយ​និង​សេដ្ឋកិច្ច​។ ចាប់អារម្មណ៍​ពី​រឿង​នយោបាយ អាច​ដោយសារតែ​កាលពី​ក្មេង​ហារី​ស​រស់នៅក្នុង​សហគមន៍​អាហ្វ្រិក​-​អាមេរិក ហើយ​តែងតែ​ត្រូវបាន​នាំឲ្យ​ទៅ​ចូលរួម​ក្នុង​ការធ្វើបា​តុ​កម្មទា​ម​ទារ​សិទ្ធិ​ស៊ីវិល និង​ច្រៀង​ចម្រៀង​ក្នុង​ពិធី​សាសនា​។ ក្រោយ​បញ្ចប់​នៅ​សាកលវិទ្យាល័យ​Howard ហារី​សបាន​វិល​ទៅ​រដ្ឋ​California​ចូលរៀន​ច្បាប់​នៅ​សាកលវិទ្យាល័យ​ទីនោះ និង​បញ្ចប់​ថ្នាក់បណ្ឌិត​ច្បាប់​នៅ​ឆ្នាំ​១៩៨៩ ហើយ​ត្រូវបាន​បញ្ជូន​ទៅកាន់​ទីភ្នាក់ងា​រ​មេធាវី​ក្នុង​រដ្ឋ​California​ក្នុង​ឆ្នាំ​១៩៩០​។​

​ការចាប់​អាជីព​មេធាវី​លើកដំបូង​

​ក្រោយ​ត្រូវបាន​បញ្ជូន​ទៅកាន់​ទីភ្នាក់ងា​រ​មេធាវី​ក្នុង​រដ្ឋ​California លោកស្រី​ហារី​ស​ក៏​ត្រូវបាន​ជួល​ឲ្យធ្វើជា​មេធាវីរង​ប្រចាំ​ក្នុង​តំបន់​Alameda ជា​ដំណើរ​មួយ​ដែល​លោកស្រី​អាច​ក្លាយទៅជា​រដ្ឋអាជ្ញា​។ ក្នុង​ឆ្នាំ​១៩៩៤​ប្រធានរដ្ឋសភា​ប្រចាំ​រដ្ឋ​California​លោក​Willie Brown បានតែងតាំង​លោកស្រី​ហារី​ស​ទៅកាន់​ក្រុមប្រឹក្សាភិបាល​ឧទ្ធរណ៍​ធានារ៉ាប់រង​ភាព​គ្មាន​ការងារ​ធ្វើ​របស់​រដ្ឋ ហើយ​ក្រោយមក​បញ្ជូន​ទៅកាន់​គណៈ​កម្មា​ធិ​ការជំនួយ​ផ្នែក​វេជ្ជសាស្ដ្រ​រដ្ឋ​California​។ លោកស្រី​ហារី​បាន​សម្រាក​៦​ខែ​ក្នុង​ឆ្នាំ​១៩៩៤​ពី​តួនាទី​ជា​រដ្ឋអាជ្ញា ហើយ​នៅ​ខែកុម្ភៈ​ឆ្នាំ​១៩៩៨ ទីភ្នាក់ងារ​រដ្ឋអាជ្ញា​ក្រុង​San Francisco​បានជ្រើសរើស​ហារី​ស​ជា​ជំនួយការ ដែល​កាលនោះ​មាន​លោក​Terence Hallinan​ជា​ប្រធាន​។ នៅ​ទីនោះ​លោកស្រី​ហារី​សបាន​ក្លាយជា​ប្រធាន​ផ្នែក​កិច្ចការ​ព្រហ្មទណ្ឌ គ្រប់គ្រង​លើ​រដ្ឋអាជ្ញា​៥​រូប​ផ្សេងទៀត​។ តែ​នៅក្នុង​ឆ្នាំ​២០០០​ហារី​ស​ត្រូវបាន​គេ​រាយការណ៍​ថា បាន​ប៉ះទង្គិច​ជាមួយនឹង​ជំនួយការ​របស់លោក​រដ្ឋអាជ្ញា​Hallinan​ម្នាក់ ហើយ​នៅ​ខែសីហា​ឆ្នាំ​២០០០​ហារី​ស​ក៏បាន​ចាប់ផ្ដើម​ការងារ​ថ្មី​នៅ​សាលាក្រុង​San Francisco​វិញ​ម្ដង​។​

​នៅ​ឆ្នាំ​២០០២​លោកស្រី​ហារី​សបាន​ត្រៀម​ប្រជែង​យក​តំណែង​រដ្ឋអាជ្ញា​នៅ​ក្រុង​San Francisco​ពី​លោក​Hallinan​ដែល​កំពុង​កាន់តំណែង និង​ជា​អតីត​ចៅហ្វាយនាយ​របស់ខ្លួន​ផងដែរ ដែលមាន​បេក្ខភាព​ចូល​ប្រជែង​មួយរូប​ទៀត​គឺ​លោក​Bill Fazio​។ ហារី​ស​គឺជា​បេក្ខជន​ដែល​ត្រូវបាន​គេ​ស្គាល់​តិចជាងគេ តែ​អាច​បន្ដ​រហូត​ឈានដល់​ជុំ​ចុងក្រោយ​ជាមួយ​រដ្ឋអាជ្ញា​ក្នុង​តំណែង​លោក​Hallinan​។ លោកស្រី​ហារី​សបាន​ព្យាយាម​យក​ចំណុច​ខ្វះខាត និង​អំពើ​មិន​ត្រឹមត្រូវ​មួយចំនួន​ទៅ​បកអាក្រាត​លោក​Hallinan ក្នុងពេល​ប្រជែង​យក​តំណែង​នៅ​ជុំ​ចុងក្រោយ​។ ទីបំផុត​លោកស្រី​ហារី​សបាន​យកឈ្នះ​ជាមួយ​សំឡេងគាំទ្រ​៥៦​ភាគរយ ក្លាយជា​រដ្ឋអាជ្ញា​ស្បែក​ខ្មៅ​ដំបូង​គេ​នៅ​ទីក្រុង​San Francisco​។ លោកស្រី​ហារី​ស​ក៏បាន​ឈរឈ្មោះ​សម្រាប់​អាណត្ដិ​ទីពីរ​ក្នុង​ឆ្នាំ​២០០៧ បន្ដ​រហូតដល់​ថ្ងៃទី​០៣ ខែ​មករា ឆ្នាំ​២០១១​។ ពី​ថ្ងៃទី​០៣ ខែ​មករា ឆ្នាំ​២០១១​ដល់​ថ្ងៃទី​០៣ ខែ​មករា ឆ្នាំ​២០១៧ បាន​បំពេញការងារ​ជា​អគ្គ​រដ្ឋអាជ្ញា​ទី​៣២​ប្រចាំ​នៅ​រដ្ឋ​California​។ ពី​ថ្ងៃទី​០៣ ខែ​មករា ឆ្នាំ​២០១៧ ដល់​ថ្ងៃទី​១៨ ខែ​មករា ឆ្នាំ​២០២១ ជា​សមាជិក​ព្រឹទ្ធសភាស្ដ្រី​ស្បែក​ខ្មៅ​ទីពីរ​ក្នុង​ប្រវត្ដិសាស្ដ្រ​អាមេរិកម​ក​ពីរដ្ឋ​California​។ 

​ការ​ប្រជែង​តំណែង​បេក្ខជន​ប្រធានាធិបតី​តំណាង​បក្ស​និង​ការតែងតាំង​ជា​អនុ​ប្រធានាធិបតី​

​ការ​ប្រឡូក​ជា​បន្ដបន្ទាប់​តាំងពី​ការងារ​ជា​មេធាវី ក្លាយជា​រដ្ឋអាជ្ញា និង​បន្ដ​ជា​សមាជិក​ព្រឹទ្ធសភា ធ្វើឲ្យ​លោកស្រី​ហា​រី​ស​ស្គាល់​គ្រប់​រស់ជាតិ ទាំង​ការរើសអើង ការគាបសង្កត់​នានា និង​ការចូលរួម​សកម្មភាព​តតាំង​រាប់មិនអស់ ប៉ុន្ដែ​ស្ដ្រី​វ័យ​៥៦​ឆ្នាំ​រូបនេះ​បាន​ពុះពារ​មិន​រាថយ​។ មាន​តំណែង​ជា​សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​ប្រជាធិបតេយ្យ​ហើយ លោកស្រី​នៅ​បន្ដ​ចង់បាន​តំណែង​ធំ​ផុត​លេខ​របស់​អាមេរិក គឺជា​ប្រធានាធិបតីស្ដ្រី​ដំបូង​គេ​។ ដើម្បី​បំពេញ​មហិច្ឆតា​ដ៏​ធំ​មួយ​នេះ លោកស្រី​ក៏បាន​បន្ដ​ចូលរួម​ក្នុងការ​ប្រជែង​យក​តំណែង​បេក្ខជន​ប្រធានាធិបតី​តំណាង​បក្ស​ជាមួយ​លោកចូ បាយដិ​ននិង​អ្នក​ផ្សេងទៀត​។ តែ​លទ្ធផល​ចុងក្រោយ​គឺ​លោក​បាយដិន​ជា​អ្នកឈ្នះ ត្រូវបានតែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​តំណាង​គណបក្ស​ប្រជាធិបតេយ្យ ទៅ​ប្រកួត​ជាមួយ​លោក​ដូណាល់ ត្រាំ​បេក្ខជន​ប្រធានាធិបតី​មកពី​គណបក្ស​សាធារណរដ្ឋ​នៅ​ថ្ងៃ​បោះឆ្នោតជាតិ​។ 

​សម្លឹង​ឃើញ​ភាព​ឆ្លាត​វៃ​និង​ស្វាហាប់​របស់​លោកស្រី​ហារី​ស នៅ​ខែសីហា​ឆ្នាំ​២០២០​លោកចូ បាយដិន​បានសម្រេច​ប្រកាស​ជ្រើសរើ​សយក​លោកស្រី​ជា​បេក្ខជន​អនុ​ប្រធានាធិបតី ដើម្បី​ប្រកៀក​ស្មា​គ្នា​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​នៅ​ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០២០​។ ទាំង​លោក​បាយដិ​ននិង​លោកស្រី​ហា​រីស បានបង្ហាញ​ភាពជឿជាក់​លើ​សមត្ថភាព​គ្នា​ទៅវិញទៅមក​ថា​ពិតជា​អាច​ដណ្ដើម​ជ័យជម្នះ​បាន​។ 

​នៅ​ទីបំផុត​លទ្ធផល​ឆ្នោត​បញ្ជាក់ថា​លោក​បាយដិន​ជា​អ្នកឈ្នះ ទោះ​ប្រទាំង​ប្រទើស​ដោយសារ​លោក​ត្រាំ​មិន​ទទួលស្គាល់ ប៉ុន្ដែ​លោក​បាយ​ដិនបាន​ចូល​កាន់តំណែ​ង​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​២០ ខែ​មករា ឆ្នាំ​២០២១ ក្លាយជា​ប្រធានាធិបតី​ស្របច្បាប់​ទី​៤៦​របស់​អាមេរិក​។ លោកស្រី​ហារី​ស​ក៏បាន​ស្បថ​ចូល​កាន់តំណែង​អនុ​ប្រធានាធិបតី​ក្នុង​ថ្ងៃ​ដំណាលគ្នា​នឹង​លោក​បាយ​ដិន​។ លោកស្រី​បាន​ក្លាយជា​ស្ដ្រី​ដំបូង​បំផុត ជា​ស្ដ្រី​ជនជាតិ​អាមេរិក​ស្បែក​ខ្មៅ​ដំបូង​គេ ហើយក៏​ជា​ជនជាតិ​អាមេរិក​ពូជពង្ស​អាស៊ី​ខាងត្បូង​ដំបូងបង្អស់ ជាប់​ជា​អនុ​ប្រធានាធិបតី​ក្នុង​ប្រវត្ដិសាស្ដ្រ​អាមេរិក​។​

​ស្ថានភាព​គ្រួសារ​

​លោកស្រី​ខា​ម៉ា​ឡា ហារី​សបាន​រៀបការ​ជាមួយ​លោក​មេធាវី​Doug Emhoff​ក្នុង​ឆ្នាំ​២០១៤ ជា​បុរស​ពោះម៉ាយ​មានកូន​ពីរ​នាក់​។ គិត​ត្រឹម​ខែសីហា​ឆ្នាំ​២០១៩ លោកស្រី​ហារី​ស​និង​ស្វាមី​មាន​ទ្រព្យសម្បត្ដិ​ប្រមាណ​៥.៨​លាន​ដុល្លារ​។ លោកស្រី​ក៏បាន​ទទួល​ពានរង្វាន់​ជាច្រើន​ក្នុងពេល​បំពេញការងារ​កន្លងមក ហើយ​កាលពី​ឆ្នាំ​២០១៣​ទស្សនាវដ្ដី​Time​របស់​អាមេរិក បាន​ដាក់ឈ្មោះ​លោកស្រី​ហារី​ស​ជា​មនុស្ស​ម្នាក់​ក្នុងចំណោម​១០០​នាក់ ដែលមាន​ឥទ្ធិពល​បំផុត​ក្នុង​ពិភពលោក​។ នៅ​ឆ្នាំ​២០២០​លោកស្រី​ហារី​និង​លោក​បាយ​ដិន ក៏​ត្រូវបាន​ទស្សនាវដ្ដី​Time​នេះ​ដាក់ឈ្មោះ​ជា “Time Person of the Year” គឺជា​មនុស្ស​អស្ចារ្យ​បំផុត​ប្រចាំឆ្នាំ​ផងដែរ​៕

​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត