ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោកCharles Michelនៅថ្ងៃព្រហស្បត្តិ៍ បានអំពាវនាវឲ្យរុស្ស៊ីដោះលែងជាបន្ទាន់ នូវអ្នកនយោបាយប្រឆាំងរុស្ស៊ីដ៏លេចធ្លោមួយរូប គឺលោកAlexei Navalny។ លោកNavalnyត្រូវបានចាប់ខ្លួននៅថ្ងៃអាទិត្យ ក្រោយត្រឡប់មកពីព្យាបាលជំងឺនៅប្រទេសអាល្លឺម៉ង់កាលពីចុងសប្តាហ៍មុន។ មុនចាកចេញពីអាល្លឺម៉ង់លោកNavalnyដែលទើបតែជាសះស្បើយពីជំងឺ បានអះអាងថានឹងត្រឡប់ទៅប្រទេសរុស្ស៊ីវិញ បើទោះបីជាប្រឈមនឹងការចាប់ខ្លួនយ៉ាងណាក៏ដោយ។ នៅទីបំផុត លោកត្រូវបានចាប់ខ្លួននិងបញ្ជូនទៅមន្ទីរឃុំឃាំងរយៈពេល៣០ថ្ងៃមុនកាត់ទោស។ សេវាកម្មពន្ធនាគាររុស្ស៊ីនិយាយថា ការចាប់ឃុំខ្លួនអ្នកនយោបាយប្រឆាំងរុស្ស៊ីរូបនេះ ដោយសារតែលោករំលោភលើលក្ខខណ្ឌនៃការកាត់ទោសដែលត្រូវបានព្យួរទោសនោះ។ លោកNavalnyត្រូវបានចោទប្រកាន់ពីបទឆបោកកាលពីឆ្នាំ២០១៤ តែលោកNavalnyអះអាងថា ការប្រើប្រាស់ប្រព័ន្ធតុលាការដាក់សម្ពាធលើរូបលោក គឺក្រោមហេតុផលនយោបាយតែប៉ុណ្ណោះ។
គួរជម្រាបជូនថា លោកNavalnyត្រូវបានក្រុមគ្រួសារ និងប្រទេសមួយចំនួនជាពិសេសអាល្លឺម៉ង់ អន្តរាគមន៍បញ្ជូនទៅព្យាបាលជំងឺនៅក្រុងប៊ែកឡាំង ក្រោយលោកធ្លាក់ខ្លួនឈឺភ្លាមៗនៅលើយន្តហោះ កាលពីខែសីហាឆ្នាំ២០២០ បន្ទាប់ពីផឹកតែនៅហាងកាហ្វេនៅព្រលានយន្តហោះTomsk។ បើតាមអធិការបតីអាល្លឺម៉ង់លោកស្រីAngela Merkelនិយាយដោយយោងទៅលើលទ្ធផលនៃការធ្វើតេស្ត ដោយមន្ទីរពិសោធន៍កងទ័ពអាល្លឺម៉ង់ថា មានភ័ស្តុតាងច្បាស់ដែលថាអ្នកនយោបាយប្រឆាំងរុស្ស៊ីលោកAlexei Navalnyត្រូវបានបំពុល ដោយសារធាតុគីមីដែលអាចបំផ្លាញប្រព័ន្ធប្រសាទបាន។ សារធាតុគីមីនោះឈ្មោះថា Novichok ផលិតដោយសហភាពសូវៀតក្នុងទសវត្សឆ្នាំ១៩៧០និង១៩៨០។ តែគ្រូពេទ្យក្នុងស្រុកអះអាងថា មិនបានរកឃើញសារធាតុពុលក្នុងខ្លួនលោក Navalnyឡើយ អំឡុងពេលលោកសម្រាកព្យាបាលជំងឺរយៈពេលខ្លីនៅរុស្ស៊ី មុនផ្លាស់ទៅព្យាបាលនៅក្រៅប្រទេស ក្នុងស្ថានភាពសន្លប់ស្តូកស្តឹង។
លោកNavalnyនិយាយថាលោកវ្លា ឌីមៀ ពូទីនប្រធានាធិបតីរុស្ស៊ីជាអ្នកនៅពីក្រោយការពុលលោកកាលពីខែសីហា តែវិមានក្រឹមឡាំងបានបដិសេធ។ ពាក់ព័ន្ធនឹងករណីនេះ ថ្លែងបន្ទាប់ពីកិច្ចប្រជុំរបស់មេដឹកនាំសហភាពអឺរ៉ុបលោកCharles Michelបានប្រាប់អ្នកយកព័ត៌មានថា ការស៊ើបអង្កេតអន្តរជាតិដោយមិនលម្អៀង គួរតែត្រូវបានធ្វើឡើងក្រោមការគាំទ្ររបស់អង្គការហាមឃាត់អាវុធគីមី ទៅនឹងអ្វីដែលបានកើតឡើងចំពោះលោកNavalny។
លោកAlexei Navalnyវ័យ៤៤ឆ្នាំ ជាសមាជិកក្រុមប្រឹក្សាសម្របសម្រួលប្រឆាំងរុស្ស៊ីនិងជាមេដឹកនាំគណបក្សប្រឆាំងProgress Party និងជាសកម្មជនប្រឆាំងអំពើពុករលួយ។ លោកបានលេចធ្លោជាអន្តរជាតិ តាមរយៈការរៀបចំបាតុកម្មនិងការតស៊ូមតិ ដើម្បីគាំទ្រការធ្វើកំណែទម្រង់ប្រឆាំងនឹងអំពើពុករលួយនៅប្រទេសរុស្ស៊ី,ប្រធានាធិបតីរុស្ស៊ីលោកវ្លា ឌីមៀពូទីននិងរដ្ឋាភិបាលរបស់លោក។ ក្នុងឆ្នាំ២០១២កាសែតThe Wall Street Journalបានពិពណ៌នាលោកAlexei Navalnyថាជា“ បុរសដែលលោកវ្លា ឌីមៀពូទីនខ្លាចបំផុត”៕ ដោយ៖អ៊ុន សុខឡា