បក្ស​ប្រជាធិបតេយ្យ​អាមេរិក​កាន់កាប់​ព្រឹទ្ធសភា​ជា​ថ្មី​ក្រោយ​ខកខាន​១​ទសវត្ស​

21-01-2021 6:04 pm 349

​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ថ្ងៃ​ពុធ​ទី​២០​ខែ​មករា​ឆ្នាំ​២០២១ បាន​ក្ដោប​ក្ដាប់​ព្រឹទ្ធសភា​អាមេរិក​ជាថ្មី បន្ទាប់ពី​សមាជិក​ចំនួន​០៣​រូប​របស់​គណបក្ស​ប្រជាធិបតេយ្យ​បាន​ចូលកាន់​តំណែង​។ នេះ​ជា​ការក្ដោបក្ដាប់​ព្រឹទ្ធសភា​ជា​ថ្មី​របស់​គណបក្ស​ប្រជាធិតេយ្យ ដោយហេតុ​ថា​បាន​ខកខាន​ក្នុង​ការកាន់កាប់​ព្រឹទ្ធសភា​ប្រមាណ​១​ទសវត្ស​មកហើយ​។​

​សមាជិក​របស់​គណបក្ស​ប្រជាធិបតេយ្យ​ទាំង​៣​រូប ដែល​ទើបនឹង​ចូល​កាន់កាប់​កៅអី​ព្រឹទ្ធ​សភា​រួមមាន លោក​Jon Ossoff លោក​Raphael Warnock និង​លោក​Alex Padilla​។ ការចូល​កាន់កាប់​កៅអី​ព្រឹទ្ធសភា​របស់​សមាជិក​ថ្មី​ទាំង​៣​រូប បាន​ធ្វើឲ្យ​សំឡេង​នៅក្នុង​ព្រឹទ្ធសភា​របស់​គណបក្ស​ទាំងពីរ កើន​ដល់​៥០​ទល់នឹង​៥០​ដូចគ្នា​។ ដូច្នេះ​ដើម្បី​ឲ្យ​គណបក្ស​មួយ​ក្នុងចំណោម​ទាំង​ពីរ​ទទួលបាន​សំឡេង​ភាគច្រើន​នៅ​ព្រឹទ្ធសភា ទាមទារ​ឲ្យ​លោកស្រី​Kamala Harris​បោះឆ្នោត​សម្រេច​។ ជា​លទ្ធផល​លោកស្រី​បាន​ផ្ដល់​សំឡេង​ឲ្យ​ខាង​គណបក្ស​ប្រជាធិបតេយ្យ​របស់​លោកស្រី  ធ្វើ​ឲ្យ​បក្ស​នេះ​ទទួលបាន​សំឡេង​៥០​បូក​១​អាច​កាន់កាប់​សំឡេង​ភាគច្រើន​ក្នុង​ព្រឹទ្ធសភា​បាន​។​

​ប្រការ​នេះ​បាន​ជំរុញ​ឲ្យ​លោក​Chuck Schumer​មកពី​គណបក្ស​ប្រជាធិបតេយ្យ​ក្លាយជា​មេដឹកនាំ​សំឡេង​ភាគច្រើន​ក្នុង​ព្រឹទ្ធសភា និង​បាន​ទម្លាក់​លោក​Mitch McConnell មកពី​គណបក្ស​សាធារណរដ្ឋ​ទៅជា​មេដឹកនាំ​សំឡេង​ភាគតិច​ក្នុង​ព្រឹទ្ធសភា​វិញ​។​

​លោក​Jon Ossoff​អាយុ​៣៣​ឆ្នាំ​មក​ពី​រដ្ឋ​Georgia ជា​សមាជិក​វ័យក្មេង​ជាងគេ​ក្នុង​ចំណោម​សមាជិក​ទាំង​៣​រូប ដែល​បាន​កាន់កាប់​កៅអី​ព្រឹទ្ធសភា​អាមេរិក​។ រីឯ​សមាជិក​ទី​២​គឺ​លោក​Raphael Warnock​វ័យ​៥១​ឆ្នាំ មិន​ធ្លាប់​បាន​កាន់​តំណែង​នយោបាយ​អ្វី​ពី​មុន​ឡើយ បាន​ក្លាយ​ជា​សមាជិក​ព្រឹទ្ធសភា​ស្បែក​ខ្មៅ​ដំបូង​គេ​តំណាងឲ្យ​រដ្ឋ​Georgia​។ សមាជិក​មួយ​រូប​ទៀត​គឺ​លោក​Alex Padilla​វ័យ​៤៧​ឆ្នាំ ត្រូវបាន​តែងតាំង​ជា​សមាជិក​ព្រឹទ្ធសភា​ដោយ​អភិបាលរដ្ឋ​កាលីហ្វ័​រញ៉ា ដើម្បី​បំពេញ​កៅអី​ព្រឹទ្ធសភា​ជំនួស​លោក​ស្រី​Kamala Harris បន្ទាប់​ពី​លោកស្រី​Harris​ត្រូវ​ចាកចេញ​ពី​កៅអី​នេះ ដោយសារ​ត្រូវ​ចូល​កាន់កាប់​តំណែង​អនុ​ប្រធានាធិបតី​និង​ជា​ប្រធានព្រឹទ្ធសភា​។ នៅពេល​ក្លាយជា​ព្រឹទ្ធសភា​ពេញ​ច្បាប់ ព្រឹទ្ធសភា​ក្នុង​អាណត្ដិ​ថ្មី​នេះ​ក៏​ត្រៀម​នឹង​បើក​សវនាកា​រលោក​ដូណាល់ ត្រាំ ដែល​ត្រូវបាន​ចោទប្រកាន់​ពីបទ​ញុះញង់​ឲ្យធ្វើ​កុបកម្ម​នៅឯ​វិមាន​សភា​កាលពី​ថ្ងៃ​ទី​០៦​មករា​៕

​ដោយ​៖ យឺន សីហា​

 ពាក្យគន្លឹះ  អាមេរិកព្រឹទ្ធសភា

ព័ត៌មានផ្សេងទៀត