សហភាពអឺរ៉ុប អ៊ីរ៉ង់ អ៊ីស្រាអែល អង្គការណាតូ រុស្ស៊ី អាល្លឺម៉ង់ បារាំង អង់គ្លេស សិង្ហបុរី ឥណ្ឌា ជប៉ុន បណ្តុំរដ្ឋឈូងសមុទ្រនិងប៉ាឡេស្ទីនជាដើម បានអបអរសាទនិងស្វាគមន៍យ៉ាងខ្លាំង ចំពោះប្រធានាធិបតីអាមេរិកថ្មីលោកចូ បាយដិន បន្ទាប់ពីលោកបានស្បថចូលកាន់តំណែងប្រធានាធិបតីជាផ្លូវការនៅថ្ងៃទី២០ខែមករាឆ្នាំ២០២១។ ក្រុមមេដឹកនាំពិភពលោកទាំងនេះ ជាពិសេស មេដឹកនាំប្រទេសដែលជួបភាពតានតឹងជាមួយអាមេរិក អំឡុងពេលលោកដូណាល់ ត្រាំដឹកនាំរយៈពេល៤ឆ្នាំកន្លងមក រំពឹងថាប្រធានាធិបតីអាមេរិកថ្មីនឹងជួសជុលទំនាក់ទំនងដែលរងនូវការខូចខាត ឲ្យប្រសើរឡើងវិញ។
លោកCharles Michelប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុបថ្លែងថា ថ្ងៃនេះគឺជាឱកាសដើម្បីស្ដារទំនាក់ទំនងឡើងវិញ ក្រោយទំនាក់ទំនងអឺរ៉ុប-អាមេរិករងគ្រោះខ្លាំងក្នុងរយៈពេល៤ឆ្នាំចុងក្រោយ។ លោកក៏បានអំពាវនាវឲ្យប្រធានាធិបតីថ្មី រួមគ្នាបង្កើតកតិកាសញ្ញាគ្រឹះថ្មីមួយសម្រាប់អឺរ៉ុប ដែលកាន់តែរឹងមាំសម្រាប់អាមេរិកនិងសម្រាប់ពិភពលោកមួយដែលល្អប្រសើរ។ ប្រធានគណៈកម្មាធិការអឺរ៉ុបលោកស្រីUrsula von der Leyenបានបង្ហាញក្ដីរំភើបដោយនិយាយថា ថ្ងៃថ្មីនៅអាមេរិកគឺជាពេលដែលអឺរ៉ុបទន្ទឹងរង់ចាំជាយូរមកហើយ។ លោកស្រីរំពឹងប្រធានាធិបតីថ្មីចូ បាយដិននឹងផ្សារភ្ជាប់សារៈសំខាន់ ដើម្បីនាំមកនូវសម្ព័ន្ធភាពនៃអំណាច ដែលមានគំនិតដូចគ្នាជាមួយសហភាពអឺរ៉ុប ស្ដីពី ការប្រែប្រួលអាកាសធាតុនិងបញ្ហាប្រឈមដទៃទៀត។ លោកស្រីបន្ថែមថា សហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិកត្រូវតែជាអ្នកដឹកនាំជួរមុខ។
សហភាពអឺរ៉ុបហាក់មានបំណងចង់ធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយអាមេរិក ដែលត្រូវបានខូចខាតដោយសារលោកដូណាល់ ត្រាំ។ ក្រៅពីដកអាមេរិកចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ដែលសម្របសម្រួលដោយមេដឹកនាំអឺរ៉ុប លោកត្រាំក៏បានដាក់សម្ពាធយ៉ាងខ្លាំងដល់សហភាពអឺរ៉ុបក្នុងការកាត់បន្ថយអតិរេកពាណិជ្ជកម្មជាមួយអាមេរិក។ ជាលទ្ធផលវាបានធ្វើឲ្យមានសង្គ្រាមពន្ធគយរវាងភាគីទាំងពីរ។
ចំណែកលោកHassan Rouhaniប្រធានាធិបតីអ៊ីរ៉ង់ ដែលជួបភាពជូរចត់ខ្លាំងជាងគេជាមួយអាមេរិក ក្នុងពេលដឹកនាំដោយលោកដូណាល់ ត្រាំ បានសាទរចំពោះការចាកចេញរបស់លោកត្រាំ និងរំពឹងថារដ្ឋបាលរបស់លោកបាយដិននឹងវិលត្រឡប់ទៅរកច្បាប់និងការប្តេជ្ញាចិត្ត ហើយព្យាយាមក្នុងរយៈពេល៤ឆ្នាំបន្ទាប់ ដើម្បីលុបស្នាមប្រឡាក់ដ៏ខ្មៅងងឹត បន្សល់ទុកដោយរដ្ឋាភិបាលចាស់ ក្នុងរយៈពេល៤ឆ្នាំកន្លងមក។ អ៊ីរ៉ង់បានទទូចម្តងហើយម្តងទៀតឲ្យទីក្រុងវ៉ាស៊ីនតោនដកទណ្ឌកម្មសេដ្ឋកិច្ចចេញពីខ្លួនផងដែរ។
លោកត្រាំបានដកអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ក្នុងឆ្នាំ២០១៨ ក្រោមហេតុផលថាអ៊ីរ៉ង់បានរំលោភលើកិច្ចព្រមព្រៀងនេះ និងដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងអ៊ីរ៉ង់យ៉ាងពេញទំហឹង ដែលជាហេតុធ្វើឲ្យអ៊ីរ៉ង់ខឹងសម្បាយ៉ាងខ្លាំង។ យ៉ាងណា មុនពេលស្បថកាន់តំណែង លោកបាយដិនធ្លាប់លើកឡើងថានឹងនាំអាមេរិកត្រឡប់ទៅរកកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥វិញ ហើយគៀងអ៊ីរ៉ង់ឲ្យចូលក្នុងគន្លងកិច្ចព្រមព្រៀងដ៏មានសារៈសំខាន់មួយនេះ។
រីឯនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោកបេនយ៉ាមីន នេតាន់យ៉ាហ៊ូ ដែលមានទំនាក់ទំនងយ៉ាងស្អិតល្មួតជាមួយមេដឹកនាំអាមេរិកមុនគឺលោកត្រាំ បានជំរុញឲ្យមេដឹកនាំអាមេរិកថ្មីដែលជាលោកបាយដិន ពង្រឹងសម្ព័ន្ធភាពដែលមានជាយូរមកហើយរវាងប្រទេសទាំងពីរ និងពិភពអារ៉ាប់និងប្រឈមមុខនឹងបញ្ហារួម។ នៅក្នុងបញ្ហានោះលោកបានសង្កត់ធ្ងន់ថា ការគំរាមកំហែងរបស់អ៊ីរ៉ង់គឺសំខាន់បំផុត។
ខុសពីអគ្គលេខាធិការអង្គការណាតូលោកJens Stoltenberg បានថ្លែងថាសម្ព័ន្ធមិត្តណាតូចាំបាច់ត្រូវឈររួមគ្នា ដើម្បីដោះស្រាយផលវិបាកសន្តិសុខ នៃការងើបឡើងនៃឥទ្ធិពលរបស់ចិន ការគំរាមកំហែងនៃអំពើភេរវកម្ម រួមមាននៅក្នុងប្រទេសអាហ្វហ្គានីស្ថាននិងអ៊ីរ៉ាក់ និងមិនអាចប្រកែកបានពីការកើនឡើងរបស់រុស្ស៊ីទល់នឹងណាតូ។
ពាក់ព័ន្ធនឹងរុស្ស៊ី អ្នកនាំពាក្យវិមានក្រឹមឡាំងលោកDmitry Peskovនិយាយថាប្រទេសរុស្ស៊ីនឹងស្វែងរក ទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិក ខណៈសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសនិយាយថា ពួកគេរំពឹងនឹងមានវិធីសាស្ត្រដែលមានលក្ខណៈស្ថាបនាបន្ថែមទៀត សម្រាប់កិច្ចពិភាក្សាអំពីការគ្រប់គ្រងអាវុធ។ អាមេរិកនិងរុស្ស៊ីអាចនឹងមានការពិភាក្សាគ្នា អំពី ការបន្តសុពលភាពកិច្ចព្រមព្រៀងនុយក្លេអ៊ែរSTARTដែលផុតកំណត់នៅឆ្នាំ២០២១នេះ។ START ជាសន្ធិសញ្ញារវាងអាមេរិក និងរុស្ស៊ីដែលហាមឃាត់មីស៊ីលយុទ្ធសាស្ត្ររបស់មហាអំណាចទាំងពីរ។
អធិការបតីអាល្លឺម៉ង់លោកស្រីAngela Merkel និយាយថា លោកស្រីកំពុងទន្ទឹងរង់ចាំទំព័រថ្មីនៃទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការអាមេរិក-អាល្លឺម៉ង់។ លោកស្រីMerkelចូលរួមអបអរសាទរយ៉ាងកក់ក្តៅបំផុតចំពោះលោកចូ បាយដិននិងលោកស្រីកាម៉ាឡា ហារីស ដែលគឺជាការអបអរសាទរដ៏ពិតប្រាកដនៃលទ្ធិប្រជាធិបតេយ្យរបស់អាមេរិក។ ប្រធានាធិបតីអាល្លឺម៉ង់លោកFrank-Walter Steinmeierបានសំដែងអារម្មណ៍ធូរស្រាលនៅពេលលោកចូ បាយដិនចូលមកជំនួសលោកដូណាល់ត្រាំ និងហៅថា ជាថ្ងៃល្អសម្រាប់ប្រជាធិបតេយ្យ។
សម្ព័ន្ធមិត្តអាមេរិកផ្សេងទៀត គឺប្រធានាធិបតីបារាំងលោកអេ ម៉ាណូអែល ម៉ាក្រុងក្រៅពីសាទរ លោករំពឹងថាអាមេរិកនិងបារាំង នឹងកាន់តែរឹងមាំក្នុងការប្រឈមមុខនឹងឧបសគ្គនាពេលបច្ចុប្បន្ន។ កាន់តែខ្លាំងដើម្បីកសាងអនាគតដ៏រឹងមាំ ដើម្បីការពារភពផែនដីនេះ។ លោកម៉ាក្រុងក៏មិនភ្លេចឡើយនូវការស្វាគមន៍ចំពោះកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ កិច្ចព្រមព្រៀងអន្តរជាតិឆ្នាំ២០១៥ ដែលប្តេជ្ញាថាប្រទេសទាំងអស់កាត់បន្ថយការបំភាយកាបូន ដើម្បីកំណត់កំដៅផែនដី ប៉ុន្តែសហរដ្ឋអាមេរិកដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោកត្រាំ បានបញ្ចប់សមាជិកភាពជាផ្លូវការកាលពីខែវិច្ឆិកាឆ្នាំមុន តែយ៉ាងណា លោកបាយដិននឹងនាំអាមេរិកត្រឡប់មករកកិច្ចព្រមព្រៀងដ៏មានសារៈសំខាន់ចំពោះភពផែនដីនេះវិញ។
នាយករដ្ឋមន្ត្រីអង់គ្លេសលោកប័ររីស ចនសុនដែលបានប្រឈមមុខនឹងការរិះគន់ជុំវិញទំនាក់ទំនងជិតស្និទ្ធកជាមួយលោកត្រាំ បាននិយាយថាលោកកំពុងទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយលោកបាយដិន។ អង់គ្លេសនិងអាមេរិកមានគោលដៅដូចគ្នា ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩ ការពារសន្តិសុខនិងការលើកកម្ពស់និងការពារលទ្ធិប្រជាធិបតេយ្យ ហើយសង្ឃឹមថានឹងធ្វើការរួមគ្នាដើម្បីសម្រេចឲ្យបានជោគជ័យ។
ឥណ្ឌា ជប៉ុននិងកូរ៉េខាងត្បូងសុទ្ធតែទន្ទឹងរង់ចាំធ្វើការងារជាមួយលោកបាយដិន ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រឥណ្ឌា-អាមេរិក និងដើម្បីធ្វើឲ្យលេចរូបរាងឡើងនូវសេរីភាព ការបើកចំហឥណ្ឌូ-ប៉ាស៊ីហ្វិក។
ចំណែកលោកMahmud Abbasប្រធានាធិបតីប៉ាឡេស្ទីនវិញ អន្ទះសាចង់ធ្វើការងាររួមគ្នាជាមួយលោកបាយដិន ដើម្បីសន្តិភាពនិងស្ថេរភាពនៅក្នុងតំបន់និងពិភពលោក។ មេដឹកនាំប៉ាឡេស្ទីនរូបនេះ មិនពេញចិត្តនឹងលោកត្រាំយ៉ាងខ្លាំង ដែលគាំទ្រអ៊ីស្រាអែលប្រឆាំងនឹងប៉ាឡេស្ទីន រឿងជម្លោះទឹកដី។
ចំពោះមេដឹកនាំបណ្តុំរដ្ឋឈូងសមុទ្រដូចជាប្រទេសគុយវ៉ែត កាតា បារ៉ែន អារ៉ាប់ប៊ីសាអូឌីតនិងអារ៉ាប់រួមសុទ្ធតែបានផ្ញើសារអបអរសាទរ ចំពោះលោកចូ បាយដិន។ សម្រាប់សម្តេចប៉ាប ហ្វ្រង់ស័របានជំរុញឲ្យលោកបាយដិន លើកកម្ពស់ការផ្សះផ្សារនិងសន្តិភាពនៅជុំវិញពិភពលោក៕ ដោយ៖អ៊ុន សុខឡា