ពាក់ព័ន្ធនឹងការចូលកាន់តំណែងរបស់លោកចូ បាយដិន មានបីចំណុចដែលអាចនិយាយបានថា ពិធីស្បថចូលកាន់តំណែងរបស់លោកខុសពីប្រធានាធិបតីផ្សេងៗក្នុងប្រវត្ដិសាស្ដ្រអាមេរិក។ ក្នុងនោះទី១គឺពិធីស្បថចូលកាន់តំណែងរបស់លោកត្រូវស្ថិតក្រោមការយាមកាមយ៉ាងតឹងរ៉ឹងបំផុត។ កងកម្លាំងឆ្មាំការពារជាតិប្រមាណជាង២ម៉ឺននាក់ រួមទាំងកម្លាំងប៉ូលិស និងមន្ដ្រីសន្ដិសុខរាប់ម៉ឺននាក់ទៀត ត្រូវបានដាក់ពង្រាយដើម្បីការពារសន្ដិសុខសណ្ដាប់ធ្នាប់ នៅថ្ងៃស្បថចូលកាន់តំណែងរបស់លោកបាយដិន។ ធ្វើដូច្នេះព្រោះខ្លាចក្រុមបាតុករចូលទៅអុកឡុកដូចកាលពីថ្ងៃទី០៦មករា។ ការចូលទៅរំខាននៅវិមានសភាកាលពីថ្ងៃ០៦មករា បណ្ដាលឲ្យមនុស្សស្លាប់៥នាក់ផងដែរ។
ទី២ ពិធីស្បថចូលកាន់តំណែងរបស់លោកចូ បាយដិន រៀបចំឡើងក្នុងទ្រង់ទ្រាយតូចតាចជាងសព្វឆ្នាំ ដោយសារតែការរាតត្បាតនៃជំងឺកូវីដ-១៩។ អាមេរិកជាប្រទេសមានមនុស្សឆ្លងនិងស្លាប់ច្រើនជាងគេបំផុតដោយសារជំងឺមួយនេះ។ បច្ចុប្បន្នមានមនុស្សឆ្លងជិត២៥លាននាក់ហើយ និងស្លាប់ជាង៤១ម៉ឺននាក់។ ដូច្នេះហើយដើម្បីទប់ស្កាត់ការរីករាលដាល ពិធីស្បថចូលកាន់តំណែងរបស់លោកបាយដិនត្រូវរៀបចំដោយមានមនុស្សចូលរួមតិចតួច ពិធីធ្វើឡើងតូចតាច ហើយត្រូវរក្សាគម្លាត និងអនុវត្ដវិធានការការពារយ៉ាងត្រឹមត្រូវ ខុសប្លែកពីសព្វឆ្នាំមានមនុស្សចូលរួមច្រើនកុះករនិងរៀបចំឡើងយ៉ាអាធឹកអាធ័ម។ លោកចូលកាន់តំណែងចំពេលប្រឈមនឹងជំងឺកូវីដ-១៩ ជាវិបត្ដិសុខភាពសាធារណៈដ៏ធ្ងន់ធ្ងរ។
ទី៣ ពិធីស្បថចូលកាន់តំណែងរបស់លោកចូ បាយដិន ខុសប្លែកពីពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីអាមេរិកដទៃទៀតគិតពីឆ្នាំ១៨៦៩ ដែលពុំមានប្រធានាធិបតីត្រូវផ្ទេរតំណែងមកចូលរួម ពោលគឺលោកដូណាល់ ត្រាំមិនបានមកចូលរួមនោះទេ។ មូលហេតុដោយសារតែលោកត្រាំមិនពេញចិត្ដនឹងលទ្ធផលឆ្នោតដែលត្រូវចាញ់លោកបាយដិន រហូតមានការដាក់ពាក្យប្ដឹងតវ៉ាឲ្យរាប់សន្លឹកឆ្នោតឡើងវិញនៅរដ្ឋមួយចំនួន តែនៅតែមិនទទួលជោគជ័យ។ ព្រោះតែការមិនព្រមទទួលស្គាល់ការពិតនេះហើយ ទើបធ្វើឲ្យផ្ទុះជាការតវ៉ានៅអាមេរិកនិងមានការរិះគន់មិនសំចៃមាត់ពីប្រទេសមួយចំនួន ថាក្នុងនាមជាបិតាប្រជាធិបតេយ្យពិភពលោក ប៉ុន្ដែអាមេរិកបែរមានរឿងប៉ះពាល់ដល់ប្រជាធិបតេយ្យទៅវិញ តួយ៉ាងរឿងតវ៉ាសន្លឹកឆ្នោតរបស់លោកត្រាំនេះ និងការមិនចង់ចុះចេញពីតំណែងនេះឯង។
តែទោះបីជាយ៉ាងនេះក្ដី ពិធីស្បថចូលកាន់តំណែងរបស់លោកចូ បាយដិន បានប្រព្រឹត្ដទៅដោយរលូនហើយលោកក៏ក្លាយជាប្រធានាធិបតីទី៤៦ពេញសិទ្ធិរបស់អាមេរិក៕
ដោយ៖ពេញ ផេង