លោកស្រី​ហារី​ស​ស្ត្រី​ស្បែក​ខ្មៅ​អាមេរិក​កាត់​អាស៊ី​ដំបូង​គេ​ក្លាយជា​អនុ​ប្រធានាធិបតី​អាមេរិក​

21-01-2021 10:52 am 1773

​លោកស្រី​កា​ម៉ា​ឡា ហារី​ស​( Kamala Harris )​បាន​ស្បថ​ចូល​កាន់តំណែង​អនុ​ប្រធានាធិបតី​អាមេរិក​ជា​ផ្លូវការ​នៅ​ថ្ងៃទី​២០​ខែមករា​ឆ្នាំ​២០២១ ជាមួយ​លោកចូ បាយ​ដិនដែល​ស្បថ​ចូល​កាន់តំណែង​ប្រធានាធិបតី​ទី​៤៦​របស់​អាមេរិក​ជា​ផ្លូវការ នៅ​វិមាន​សភាជាតិ​។ លោកស្រី​ហារី​ស​ជា​ស្ត្រី​ស្បែក​ខ្មៅ​អាមេរិក កាត់​អាស៊ី​ដំបូង​គេ ដែល​បាន​ក្លាយជា​អនុ​ប្រធានាធិបតី​អាមេរិក​។​

​លោកស្រី​កា​ម៉ា​ឡា ហារី​ស​កើត​នៅ​ទីក្រុង​Oakland រដ្ឋ​California ឆ្នាំ​១៩៦៤​។ លោកស្រី​ហារី​សមាន​ម្តាយ​ជា​ជនជាតិ​ឥណ្ឌា​និង​ឪពុក​ជា​ជនជាតិ​Jamaica បានធ្វើ​អន្តោប្រវេសន៍​មក​រស់នៅ​អាមេរិក តែ​ឪពុកម្តាយ​លោកស្រី បាន​លែងលះគ្នា​តាំងពី​លោកស្រី​ហារី​សមាន​អាយុ​៥​ឆ្នាំ​មក​ម្លេះ​។ យ៉ាងណា ស្ត្រី​រូបនេះ​បាន​ខិតខំ​រៀនសូត្រ​រហូត​បាន​បញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ​និង​ទទួល​បរិញ្ញាបត្រ​ពី​សាកលវិទ្យាល័យ​ដ៏​ល្បី​នៅ​អាមេរិក​គឺ​Howard​និង​បរិញ្ញាបត្រ​ផ្នែក​ច្បាប់​ពី​សាកលវិទ្យាល័យ​រដ្ឋ​California​ក្នុង​ក្រុង​Hastings​។ 

​លោកស្រី​ធ្លាប់​បម្រើ​ការងារ​ជា​មេធាវី​ស្រុក​នៃ​ក្រុង​San Francisco​នៅ​មុនពេល​លោកស្រី​ជាប់ឆ្នោត​ជា​រដ្ឋមន្ត្រី​យុត្តិធម៌​នៃ​រដ្ឋ​California​។ កាលពី​ឆ្នាំ​២០១៦​លោកស្រី​បាន​ជាប់ឆ្នោត​ជា​សមាជិក​ព្រឹទ្ធសភា​អាមេរិក​តំណាង​រដ្ឋ​California ហើយ​លោកស្រី​ក៏​ក្លាយជា​ស្ត្រី​ទីមួយ ដែលជា​ពលរដ្ឋ​អាមេរិក​មាន​ដើមកំណើត​អាស៊ី​ខាងត្បូង ដែល​បានទទួល​តំណែង​នេះ​។​

​លោកស្រី​ហារី​ស​មិន​ស្កប់ស្កល់​នឹង​តំណែង​សមាជិក​ព្រឹទ្ធសភា​ឡើយ ត្បិត​លោកស្រី​មាន​គោលបំណង​ធំ ចង់​ក្លាយជា​ប្រធានាធិបតី​ស្ត្រី​ដំបូងបង្អស់​របស់​សហ​រដ្ឋ​អាមេរិក​។ ដើម្បី​បំពេញ​មហិច្ឆតា​ដ៏​ធំធេង​របស់ខ្លួន លោកស្រី​បាន​ចូលរួម​ប្រកួតប្រជែង ជាមួយ​លោកចូ បាយដិ​ននិង​អ្នកនយោបាយ​ផ្សេងទៀត ស្ថិតនៅក្នុង​ជួរ​គណបក្ស​ប្រជាធិបតេយ្យ ដើម្បី​ដណ្តើមយក​បេក្ខភាព​ប្រធានាធិបតី តំណាង​គណបក្ស​ប្រជាធិបតេយ្យ ដើម្បី​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​។ ប៉ុន្តែ​លោកស្រី​បាន​បរាជ័យ​នៅក្នុង​ការប្រកួតប្រជែង​នេះ ហើយ​លោក​បាយដិន​ជា​អ្នកទទួលបាន​ជ័យជម្នះ​។ 

​យ៉ាងណា ដោយ​សំឡឹង​ឃើញ​ពី​ភាព​ឆ្លាត​វ័យ និង​ស្វាហាប់​របស់​ស្ត្រី​វ័យ​៥៦​ឆ្នាំ​រូបនេះ នៅក្នុង​ខែសីហា​ឆ្នាំ​២០២០​លោក​បាយ​ដិន បានសម្រេច​ជ្រើសរើស​លោកស្រី​ហារី​ស ជា​បេក្ខជន​អនុ​ប្រធានាធិបតី ដើម្បី​ប្រកៀក​ស្មា​គ្នា ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​នៅ​ថ្ងៃទី​៣​ខែវិច្ឆិកា​ឆ្នាំ​២០២០​។ ទាំង​លោក​បាយដិ​ននិង​លោកស្រី​ហា​រីស បានបង្ហាញ​ភាពជឿជាក់​លើ​សមត្ថភាព​គ្នា​ទៅវិញទៅមក ថា​ពិតជា​អាច​ដណ្តើម​ជ័យជម្នះ​បាន​។ 

​នៅ​ទីបំផុត លោកស្រី​ហារី​សបាន​បំបែក​ឯ​តទគ្គក​ម្ម​ថ្មី​នៅលើ​ទឹកដី​អាមេរិក ដោយបាន​ក្លាយជា​ស្ត្រី​ដំបូង​គេ​បំផុត និង​ស្ត្រី​ជនជាតិ​អាមេរិក​ស្បែក​ខ្មៅ​បំដូង​គេ និង​ក៏​ជា​ជនជាតិ​អាមេរិក​ពូជពង្ស​អាស៊ី​ខាងត្បូង​ដំបូង​គេ​បង្អស់ ដែល​ជាប់ឆ្នោត​ជា​អនុ​ប្រធានាធិបតី​នៅ​អាមេរិក នៅក្នុង​ការបោះឆ្នោត​ថ្ងៃទី​៣​ខែ​វិ ច្ឆិកា​ឆ្នាំ​២០២០​។ ការប្រឹងប្រែង​របស់លោក​ស្រី​ហារី​ស ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំកន្លងមក បង្ហាញថា បើទោះបីជា​មិនអាច​ប្រជែង​យក​តំណែង​លំដាប់​ទី​១​នៅ​អាមេរិក​ដូចក្តី​ប្រាថ្នា ប៉ុន្តែ​យ៉ាងហោចណាស់ លោកស្រី ទទួលបាន​អំណាច​ខ្ពស់បំផុត​ទី​២ ជា​អនុ​ប្រធានាធិបតី​អាមេរិក​ដែរ​៕ ដោយ​៖​អ៊ុន សុខ​ឡា 

 ពាក្យគន្លឹះ  អាមេរិកលោកស្រីKamalaHarris

ព័ត៌មានផ្សេងទៀត