យើងបានដឹងហើយថា ការជក់បារីក្រៅពីធ្វើឲ្យខាតបង់ប្រាក់ វាក៏ធ្វើឲ្យប៉ះពាល់សុខភាពធ្ងន់ធ្ងរ រហូតបាត់បង់ជីវិតផងដែរ។ កុំថាឡើយដល់ជក់ច្រើនដើម បើតាមការសិក្សាបានរកឃើញថា សូម្បីតែការជក់បារី១ដើមក្នុងមួយថ្ងៃ ក៏ប្រឈមនឹងហានិភ័យនៃការកើតជំងឺដាច់សរសៃឈាមខួរក្បាលដែរ។ អ្នកស្រាវជ្រាវបានរកឃើញថា អ្នកដែលជក់បារីមួយថ្ងៃ១ដើម មាន៧៤ភាគរយហាក់ដូចជាវិវត្តទៅរកជំងឺសរសៃឈាមបេះដូង ជាងអ្នកមិនជក់។ ម្រាប់អ្នកដែលជក់បារី២០ដើមក្នុងមួយថ្ងៃវិញ ប្រឈមនឹងជំងឺបេះដូង ជាងអ្នកមិនជក់ទ្វេដង។
ការសិក្សាបានរកឃើញទៀតថា អ្នកដែលជក់បារីក្នុងមួយថ្ងៃត្រឹមតែ១ដើម ប្រឈមនឹងហានិភ័យនៃការកើតជំងឺដាច់សរសៃឈាមខួរក្បាល ជាងអ្នកមិនជក់រហូតដល់៣០ភាគរយ។ នេះក៏ដោយសារតែសារធាតុគីមីនៅក្នុងបារី អាចធ្វើឲ្យខូចមុខងារនិងរចនាសម្ព័ន្ធនៃសរសៃឈាម ឬបង្កើនការប្រមូលផ្តុំនៃកំណកក្នុងសរសៃឈាមអាក់ទែ។ កំណកនេះអាចកាត់បន្ថយលំហូរឈាមទៅសរីរាង្គផ្សេងៗ ដែលនាំទៅរកជំងឺគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល៕