បរិភោគសាច់ក្រហមច្រើនប្រឈមកើតជំងឺ៥ប្រភេទ

20-01-2021 3:25 pm 500

សាច់ជាចំណែកមួយនៃអាហាររបស់មនុស្ស ហើយមនុស្សចាំបាច់ត្រូវតែទទួលទានសាច់។ សាច់ជាប្រភពផ្តល់ប្រូតេអ៊ីន ខ្លាញ់ឆ្អែត ជាតិដែក ស័ង្កសី ហើយវាមានតួនាទីសំខាន់ណាស់ ក្នុងការស្ថាបនាទ្រទ្រង់ និងជួសជុលជំនួសកោសិការ (សាច់ដុំ ស្បែក) ដែលងាប់ នឹងត្រូវការបង្កើតឡើងវិញជារៀងរាល់ថ្ងៃ។ ដូច្នេះទើបយើងត្រូវតែទទួលទានសាច់ ដើម្បីបានស្រូបយកជាតិប្រូតេអ៊ីនទៅចិញ្ចឹមរាងកាយ។

យ៉ាងណាមិញ សាច់ក្រហមគឺជាអាហារមួយដ៏ពេញនិយម និងជាទីចូលចិត្តរបស់មនុស្សភាគច្រើន មិនថាក្មេង ឬមនុស្សចាស់។ ទោះបីជាមានគុណសម្បត្តិច្រើនចំពោះសុខភាពយ៉ាងណា ប៉ុន្តែសាច់ក្រហម ព្រមទាំងសាច់កែឆ្នៃមួយចំនួន ក៏បានផ្ដល់នូវគុណវិបត្តិធ្ងន់ធ្ងរដូចគ្នាចំពោះសុខភាព បើអ្នកបរិភោគវាច្រើនលើសកំណត់ ដោយមិនបានយកចិត្តទុកដាក់។ នេះបើយោងតាមការព្រមានរបស់អង្កការពិភពលោក (WHO)។ 

បើតាមអង្គការសុខភាពពិភពលោកធ្លាប់បានឲ្យដឹងថា ការទទួលទានជាប្រចាំនូវសាច់ក្រហមដូចជាសាច់គោ សាច់ជ្រូក សាច់ចៀម…ព្រមទាំងសាច់កែច្នៃដូចជាពពួកសាច់ក្រក សាច់ប្រឡាក់ផ្អាប់ សាច់ងៀត សុទ្ធតែអាចជាភ្នាក់ងារបង្កឱ្យមានជំងឺមហារីក ដូចជាមហារីកលំពែង ក្រពេញប្រូស្តាតជាដើម។ បន្ថែមលើនេះ ការបរិភោគសាច់ក្រហមច្រើនពេក ក៏ធ្វើឲ្យអ្នកប្រឈមនឹងហានិភ័យកើតជំងឺ៥ប្រភេទទៀតដូចខាងក្រោម៖

១. ជំងឺមហារីកពោះវៀនធំ៖ អង្កការសុខភាពពិភពលោក (WHO) បានចាត់ទុកសាច់ក្រហមជាប់ចំណាត់ថ្នាក់លេខមួយ ដែលបង្កឲ្យកើតជំងឺមហារីក ព្រោះវាសម្បូរទៅដោយសារធាតុ nitrates និង nirit (សារធាតុរក្សាគុណភាព និងពណ៌) ដែលទាក់ទងផ្ទាល់ជាមួយនឹងជំងឺមហារីក។ ការបរិភោគសាច់ក្រហម សាច់ជ្រូកបីជាន់ច្រើនដុំក្នុងមួយថ្ងៃ វានឹងបង្កើនហានិភ័យកើតជំងឺមហារីកពោះវៀនធំ។

២. ជំងឺបេះដូង៖ ជាតិខ្លាញ់ និងកូឡេស្តេរ៉ុលនៅក្នុងសាច់ក្រហមអាចនាំឲ្យខូចបេះដូង។ បន្ថែមលើនេះ សារធាតុអំបិលនៅក្នុងសាច់ក្រហម ក៏ជាមូលហេតុដ៏សំខាន់ដែលបង្កឲ្យសម្ពាធឈាមឡើងខ្ពស់ ឈានដល់ការកើតជំងឺបេះដូង និងគាំងបេះដូងបាន។

៣. ជំងឺទឹកនោមផ្អែម៖ សាច់ក្រហមដែលយើងបរិភោគ អាចបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទ២ ដល់៩រហូតដល់១៨ភាគរយ។ សារធាតុបង្កជំងឺមហារីកមួយចំនួនត្រូវបានបង្កើតឡើងនៅពេលដែលសាច់ត្រូវបានចម្អិន ក៏អាចបង្កផលប៉ះពាល់ដល់កោសិកាលំពែង និងអាំងស៊ុយលីន។ ជាមួយគ្នានេះ ការបរិភោគសាច់ច្រើនពេកអាចធ្វើឲ្យអ្នកឡើងទម្ងន់ បង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែម។

៤. ជំងឺដាច់សសៃឈាមខួរក្បាល៖ បើតាមការសិក្សាមួយបានឲ្យដឹងថា ការបរិភោគសាច់ក្រហមច្រើនពេក អាចបង្កើនហានិភ័យនៃជំងឺដាច់សសៃឈាមខួរក្បាលពី១៣ដល់១៥ ភាគរយ។

៥. កាត់បន្ថយអាយុ៖ ក្រៅពីហានិភ័យជំងឺខាងលើ ការបរិភោគសាច់ក្រហមច្រើនពេកក៏អាចកាត់បន្ថយអាយុ នឹងអាចកើនឡើងហានិភ័យនៃការស្លាប់មុនអាយុរហូតដល់១៣ភាគរយផងដែរ។ 

ដូចច្នេះដើម្បីគេចផុតក៏ដូចជាកាត់បន្ថយហានិភ័យសុខភាពដែលបានរៀបរាប់ខាងលើ បើតាមក្រសួងសុខាភិបាលអាមេរិក បានណែនាំឲ្យគ្រប់គ្នាញ៉ាំសាច់ក្រហមប្រមាណត្រឹម៩០ក្រាម ឬតិចជាងនេះរៀងរាល់ថ្ងៃ។ ពេលចម្អិនសាច់ អ្នកត្រូវប្រើសីតុណ្ហាភាពក្នុងកម្រិតទាប។ សម្រាប់សាច់កែច្នៃអ្នកគួរមើលផលិតផលដែលគ្មានសារធាតុនីត្រាត (Nitrates) និងនីទ្រីត (Nitrites) ដែលជាសារធាតុរក្សាគុណភាពនិងពណ៌ ហើយត្រូវបានគេចាត់ទុកជាសារធាតុបន្ថែមក្នុងអាហារដែលអាក្រក់បំផុត។ បើអាចទៅរួច គួរកុំបរិភោគសាច់ក្រហម និងសាច់កែច្នែញឹកញាប់ពេក។ 

បន្ថែមលើនេះ ត្រូវមានថ្ងៃម្តងម្កាលដែលអ្នកមិនញ៉ាំសាច់សោះ ឬជួនកាលអ្នកអាចប្តូរសាច់ទាំងនេះមកជាសាច់មាន់ ត្រី ឬអាហារបួសជំនួសវិញទើបជាការប្រសើរ។ ជាងនេះទៅទៀត ជាញឹកញាប់គួរបរិភោគអាហារដែលសម្បូរជាតិសសៃដើម្បីសម្អាតសារធាតុនីត្រាត (Nitrates) និងនីទ្រីត (Nitrites) ក្នុងពោះវៀន កុំឲ្យសារធាតុទាំងនោះនៅផ្ទុកយូរ ដែលអាចបង្កផលប៉ះពាល់ដល់កោសិការរាងកាយ៕ 

 

ព័ត៌មានផ្សេងទៀត