អាមេរិក​ចោទ​ចិន​ថា​កំពុង​ប្រព្រឹត្ត​អំពើ​ប្រល័យពូជសាសន៍​ប្រឆាំង​ជនជាតិ​អ៊ុយ​ហ្គួ​រ​

20-01-2021 2:32 pm 310

​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​លោក​Mike Pompeo និយាយ​នៅ​ថ្ងៃ​អង្គារ​ទី​១៩​ខែ​មករា​ឆ្នាំ​២០២១​ថា ប្រទេស​ចិន​កំពុងតែ​អនុវត្ត​អំពើ​ប្រល័យពូជសាសន៍​ប្រឆាំងនឹង​ជនជាតិ​អ៊ុយ​ហ្គួ​រ និង​ប្រជាជន​មូស្លីម​ដទៃទៀត ដោយ​បាន​ចាប់​ឃុំឃាំង​របស់​ជនជាតិភាគតិច​ទាំងនេះ​នៅ​ទីក្រុង​ប៉េកាំង​។ លោក​Pompeo​លើក​ឡើង​យ៉ាង​ដូច្នេះ នៅ​ថ្ងៃ​ចុងក្រោយ​នៃ​តំណែង​របស់​លោក​ក្នុងនាម​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​។​

​ក្នុង​សេចក្តីថ្លែងការណ៍​លោក​Pompeo​និយាយថា លោក​ជឿជាក់​ថា​អំពើ​ប្រល័យពូជសាសន៍​កំពុង​បន្ត​ក្នុង​ប្រទេស​ចិន​។ លោក​ថា​អំពើ​ប្រល័យពូជសាសន៍​កើតឡើង​ជា​ប្រព័ន្ធ ដើម្បី​បំផ្លាញ​ជនជាតិ​អ៊ុយ​ហ្គួ​រ​ពី​សំណាក់​រដ្ឋាភិបាល​ចិន​។ អាមេរិក​មិន​នៅ​ស្ងៀម​ឡើយ ប្រសិនបើ​ចិន​នៅតែ​បន្ត​ប្រព្រឹត្តិ​អំពើ​ប្រល័យពូជសាសន៍​ប្រឆាំង​និង​មនុស្សជាតិ​។ ជាមួយគ្នា​លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​រូប​នេះ ក៏​បាន​ទទូច​ដល់​ស្ថាប័ន​អន្តរជាតិ​ទាំងអស់ ឲ្យមាន​ចំណាត់ការ​លើ​ការប្រព្រឹត្ត​របស់​ចិន​ទៅលើ​ជនជាតិ​អ៊ូ​ហ្គួ​រ និង​ប្ដេជ្ញា​ថា​អាមេរិក​នឹង​មិន​ឈរ​អោបដៃ​មើល​ឡើយ​។​

​បើ​តាម​របាយការណ៍រ​បស់​ក្រុម​អ្នកគាំទ្រ​សិទិ្ធ​មនុស្សប​ង្ហា​ញ​ថា យ៉ាងហោច​ណាស់​មាន​ជន​ជាតិ​អ៊ុយ​ហ្គួ​រ​យ៉ាងហោចណាស់​១​លាន​នាក់ និង​ជនជាតិ​មូស្លីម​និយាយ​ភាសាទួគី​ផ្សេងៗ​មួយចំនួន​ទៀត​ត្រូវបាន​ឃុំខ្លួន​នៅក្នុង​ជំរុំ​ស្ថិតនៅ​ភាគ​ខាងលិច​នៃ​តំបន់​ស៊ីន​ជាំ​ង​របស់​ប្រទេស​ចិន​។ តាម​ប្រភព​ពី​សារព័ត៌មាន​BBC​បានឲ្យដឹងថា ជនជាតិ​អ៊ុយ​ហ្គួ​រ​ទាំងនោះ​កំពុង​តែ​ចាប់​ទុក​ប្រើ​ជា​កម្លាំង​ពលកម្ម​។​

​យោង​តាម​សម្ដី​សាក្សី​និង​សកម្មជន​មួយចំនួន​ឲ្យដឹងថា ចិន​កំពុង​ព្យាយាម​បង្ខំ​ឲ្យ​ជនជាតិ​អ៊ុយ​ហ្គួ​រ​ឲ្យ​គោរព​តាម​វប្បធម៌​ចិន ដោយ​បាន​លុបចោល​នូវ​ការប្រកាន់យក​ជំនឿ​ឥស្លាម​ជាដើម​។ ពិសេស​នោះ ចិន​បាន​បង្ខំ​ឲ្យ​ប្រជាជនម៉ូ​ស្លីម​បរិភោគ​សាច់ជ្រូក និង​ផឹកស្រា​ដែល​សាសនា​របស់​ជនជាតិ​អ៊ុយ​ហ្គួ​រ​បាន​ហាមប្រាម​ជាដាច់ខាត​។​

​សម្រាប់​ចិន​បាន​ទាត់​ចោល​ការចោទប្រកាន់​របស់​អាមេរិក​ថា មិនមែន​ជា​ការ​ពិត​ឡើយ​។ ជាក់ស្ដែង​ចិន​បាន​អះអាង​ថា ជំរុំ​ដែល​ស្ថិត​នៅ​ភាគ​ខាងលិច​នៃ​តំបន់​ស៊ីន​ជាំ​ង គឺ​គ្រាន់តែ​ជា​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​មួយ​ប៉ុណ្ណោះ និង​ថា​វា​ជា​កន្លែង​សម្រាប់​កាត់បន្ថយ​ភាព​ភាពជ្រុលនិយម​របស់​សាសនា​អ៊ីស្លាម​ថែមទៀត​ផង​។​

​គួររម្លឹកថា អាមេរិក​ក្រោម​ការដឹកនាំ​ដោយ​រដ្ឋបាល​លោក​ដូណាល់ ត្រាំ​ធ្លាប់បាន​ចាត់វិធានការ​ក្ដៅ​មួយចំនួន​រួចទៅហើយ​លើ​ចិន គោលបំណង​ដើម្បី​ដាក់​សម្ពាធ​លើ​ប្រទេស​ចិន​ចំពោះ​ការប្រព្រឹត្ត​ដ៏​ឃោរឃៅ​លើ​ជនជាតិ​អ៊ុយ​ហ្គួ​រ​នេះ​។ វិធានការ​ក្ដៅ​ទាំងនោះ​មាន​ដូចជា ការហាមឃាត់​រាល់​ការនាំ​ចូល​កប្បាស​ពី​តំបន់​ស៊ីន​ជាំ​ង​របស់​ចិន​ចូល​ទៅ​កាន់​អាមេរិក​ជាដើម ដែល​ផលិតផល​ពី​កប្បាស​ទាំងនេះ ត្រូវ​អាមេរិក​រកឃើញថា ចិន​បាន​ប្រើប្រាស់​កម្លាំង​ពលកម្ម​ដោយ​បង្ខំ​នៅ​ស៊ីន​ជាំ​ង​៕ ដោយ​៖ យឺន សីហា​

ព័ត៌មានផ្សេងទៀត