នៅពេលប្រធានាធិបតីជាប់ឆ្នោតលោកចូ បាយដិនចូលកាន់តំណែងប្រធានាធិបតីអាមេរិកជាផ្លូវការនៅថ្ងៃទី២០មករានេះ លោកនឹងផ្លាស់ប្ដូរគោលនយោបាយចាំបាច់មួយចំនួន ដើម្បីដោះស្រាយបញ្ហាប្រឈមដែលអាមេរិកបានជួបក្នុងអំឡុងពេលលោកដូណាល់ ត្រាំកាន់អំណាច។ អ្វីដែលគេកំពុងទន្ទឹងរង់ចាំដែរនោះ គឺគោលនយោបាយអាមេរិកជាមួយប្រទេសចិន។ ប៉ុន្ដែប្រសិនបើលោកបាយដិននៅបន្ដដើរតាមយុទ្ធសាស្ដ្រប្រឈមមុខជាមួយចិនរបស់លោកត្រាំ អាចនិយាយបានថាលោកបាយដិននឹងស្ដាយក្រោយ។ នេះបើតាមការលើកឡើងពីអ្នកជំនាញមួយចំនួន។ តើហេតុអ្វីលោកបាយដិនត្រូវតែបញ្ចប់សង្គ្រាមពាណិជ្ជកម្មជាមួយចិន?
ខណៈលោកចូ បាយដិនទំនងនឹងប្រឆាំងចិនតិចជាងលោកដូណាល់ ត្រាំ លោកបាយដិនក៏នៅតែលើកយកករណីមួយចំនួនដែលលោកត្រាំធ្លាប់ចោទប្រកាន់ចិនមកនិយាយដែរ។ ក្នុងនោះមានដូចជាករណីអនុវត្ដសកម្មភាពពាណិជ្ជកម្មមិនស្មើភាព ការលួចកម្មសិទ្ធិបញ្ញា ការលក់បង្ខូចតម្លៃផលិតផលក្នុងទីផ្សារបរទេស និងការបង្ខំឲ្យផ្ទេរបច្ចេកវិទ្យាពីក្រុមហ៊ុនអាមេរិកទៅឲ្យចិនជាដើម។ លោកបាយដិនចង្អុលបង្ហាញដែរថា លោកនឹងមិនបោះបង់ចោលកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីដំណាក់កាលទី១សម្រេចបានកាលពីឆ្នាំមុន ឬក៏ដកចេញការដំឡើងពន្ធ២៥ភាគរយដែលដាក់លើទំនិញចិនប្រមាណពាក់កណ្ដាលនាំចូលមកអាមេរិកភ្លាមៗទេ។
តាមទស្សនៈលោកបាយដិន ជារឿងដ៏ល្អបំផុតដែលមិនត្រូវមានការផ្លាស់ប្ដូរគួរឲ្យកត់សម្គាល់ណាមួយជាមួយចិនទេ រហូតដល់លោកបានពិនិត្យឡើងវិញចប់សព្វគ្រប់កិច្ចព្រមព្រៀងដែលមាន និងបានប្រឹក្សាជាមួយសម្ពន្ធមិត្ដអាមេរិកទាំងនៅអាស៊ីនិងអឺរ៉ុបដើម្បីអភិវឌ្ឍយុទ្ធសាស្ដ្ររួម។ ការជ្រើសរើសអ្នកស្រីខាធឺរីន ថៃ ជាមនុស្សមានបទពិសោធន៍ទូលំទូលាយនៅក្នុងប្រទេសចិន ធ្វើជាអ្នកតំណាងផ្នែកពាណិជ្ជកម្មរបស់អាមេរិក អាចដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការពិនិត្យកិច្ចព្រមព្រៀងឡើងវិញ។ អ្នកស្រីថៃមានឪពុកម្ដាយជាជនអន្ដោប្រវេសន៍ចិនចូលមករស់នៅក្នុងទឹកដីអាមេរិក ហើយអ្នកស្រីកើតនៅអាមេរិកនិងមានសញ្ជាតិអាមេរិក។
ការដំឡើងពន្ធខ្ពស់ដែលមិនស្មើភាពគ្នា
នៅក្នុងរយៈពេលពីរឆ្នាំចុងក្រោយ សមាមាត្រនៃការនាំចេញរបស់ចិនទៅកាន់សហរដ្ឋអាមេរិកដែលជាប់ពន្ធគយបន្ថែម បានកើនឡើងយ៉ាងខ្លាំងពីចំនួនដែលតិចតួចមួយរហូតដល់ជាង៧០ភាគរយ។ រីឯការនាំចេញទំនិញអាមេរិកទៅកាន់ប្រទេសចិនដែលជាប់ពន្ធគយបន្ថែម ចាប់ផ្ដើមពីចំនួន២ភាគរយក្នុងខែកុម្ភៈឆ្នាំ២០១៨ដល់ជាង៥០ភាគរយនៅពីរឆ្នាំចុងក្រោយ។
ក្នុងរយៈពេលដូចគ្នា សហរដ្ឋអាមេរិកបានអនុវត្ដការដាក់ទណ្ឌកម្មចំនួន១១លើកប្រឆាំងនឹងអង្គភាពរបស់ចិន។ កាលពីខែមុនសហគ្រាសចិននិងបុគ្គលឯកជនចំនួន៥៩សហគ្រាស-នាក់ ត្រូវបានបញ្ចូលក្នុងបញ្ជីអង្គភាពត្រូវត្រួតពិនិត្យនៃក្រសួងពាណិជ្ជកម្មអាមេរិក ធ្វើឲ្យចំនួនសរុបដែលត្រូវបញ្ចូលក្នុងបញ្ជីនេះមានចំនួន៣៥០ ដែលជាចំនួនច្រើនបំផុត។
ជាមួយនឹងតម្លៃកើនឡើងខ្ពស់ហើយបានកំណត់លើការនាំចេញយ៉ាងតឹងរ៉ឹងដូច្នេះ ចិនមិនអាចបំពេញលើការប្ដេជ្ញាចិត្ដរបស់ខ្លួនបានឡើយ រួមបញ្ចូលទាំងកិច្ចព្រមព្រៀងក្នុងដំណាក់កាលទី១ផងដែរ ដើម្បីទិញទំនិញនិងសេវាកម្មអាមេរិកបន្ថែមមានតម្លៃប្រមាណ២០០ពាន់លានដុល្លារអាមេរិក ពីឆ្នាំ២០២០ដល់ឆ្នាំ២០២១។ តាំងពីខែមករាឆ្នាំ២០២០ ការនាំចេញរបស់អាមេរិកទៅកាន់ប្រទេសចិនបានធ្លាក់ចុះខ្លាំងពីទំហំដែលបានកំណត់។ ជាលទ្ធផលក្នុងខែវិច្ឆិកាឆ្នាំ២០២០ ចិនបានបំពេញត្រឹមតែ៥៧ភាគរយប៉ុណ្ណោះនៃការប្ដេជ្ញាចិត្ដដែលបានព្រមព្រៀង ក្នុងការទិញទំនិញប្រចាំឆ្នាំពីសហរដ្ឋអាមេរិក។
ជម្រើសរបស់ចិនក្នុងការពន្លឿនវឌ្ឍនភាពត្រូវបានកំណត់យ៉ាងខ្លាំង។ វិស័យឯកជនចិនដែលត្រូវការប្រមាណជិត៨០ភាគរយនៃការនាំចូលពីអាមេរិក មិនត្រូវបានណែនាំឲ្យទិញទំនិញអាមេរិកដែលមានអត្រាពន្ធខ្ពស់នោះទេ។ ការជំរុញឲ្យសហគ្រាសគ្រប់គ្រងដោយរដ្ឋលក់ទំនិញក្នុងតម្លៃធូរថ្លៃ នោះនឹងអាចបង្កើតបញ្ហាផ្ទាល់ខ្លួន។
ដូច្នេះអាចសន្និដ្ឋានបានច្បាស់ណាស់ថា ដរាបណាលោកបាយដិនប្រកាន់យកវិធីសាស្ដ្រប្រឈមមុខរបស់លោកត្រាំ កិច្ចព្រមព្រៀងដំណាក់កាលទី១នឹងមិនអាចដំណើរការបាននោះទេ ហើយវឌ្ឍនភាពឆ្ពោះទៅរកទំនាក់ទំនងពាណិជ្ជកម្មដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមកក៏មិនអាចទៅរួចដែរ។ ពាណិជ្ជកម្មទ្វេភាគីនឹងត្រូវដួលរលំ។
ការមិនទទួលបានផលប្រយោជន៍របស់អាមេរិកកើនឡើង
អាមេរិកនឹងប្រឈមការបាត់បង់ប្រយោជន៍កាន់តែខ្លាំង ដែលករណីនេះមិនមែនមានន័យថា រដ្ឋបាលលោកបាយដិនត្រូវដកចេញត្រឹមតែពន្ធគយនោះទេ។ កិច្ចព្រមព្រៀងដំណាក់កាលទី១ក៏មានគុណវិបត្ដិយ៉ាងខ្លាំងដែរ ព្រោះថាការអនុលោមតាមកិច្ចព្រមព្រៀងនេះនឹងបង្ខំឲ្យចិនកាត់បន្ថយការនាំចូលពីប្រទេសដទៃ តែសំដៅដល់ការនាំចូលច្រើនពីអាមេរិក។ តាមរយៈការផ្ដល់ផលប្រយោជន៍ឲ្យសហរដ្ឋអាមេរិកច្រើនជាងដៃគូពាណិជ្ជកម្មចិនដទៃទៀត កិច្ចព្រមព្រៀងអាចរំលោភលើគោលការណ៍មិនរើសអើងរបស់អង្គការពាណិជ្ជកម្មពិភពលោក។
នៅចុងឆ្នាំ២០២០សហភាពអឺរ៉ុបនិងប្រទេសចិនបានបញ្ចប់កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយលើការវិនិយោគជាមួយគ្នា ហើយប្រទេសអាស៊ានទាំង១០ក៏បានចុះហត្ថលេខាលើភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់(RCEP) ជាមួយចិន ជប៉ុន កូរ៉េខាងត្បូង អូស្ដ្រាលី និងណូវែលហ្សេឡង់។ គ្មានកិច្ចព្រមព្រៀងណាមួយស្ថិតក្នុងចំណាប់អារម្មណ៍អាមេរិកឡើយ។ សម្រាប់សមាជិកជាអ្នកចាប់ផ្ដើមដូចជាប្រទេសសមាជិកអាស៊ាន ជាទីផ្សារដំបំផុតទីបួនសម្រាប់ទីផ្សារនាំចេញរបស់អាមេរិក ទំនងនឹងផ្លាស់ប្ដូរពាណិជ្ជកម្មកាន់តែច្រើនជាមួយដៃគូថ្មីគឺRCEP។
RCEPក៏ទំនងជាបង្កើនតម្រូវការរបស់ចិន សម្រាប់ការនាំចេញផ្នែកសិកម្មនិងថាមពលពីប្រទេសអូស្ដ្រាលីនិងណូវែលហ្សេឡង់ ហើយតាមរយៈការបង្កើតតំបន់ពាណិជ្ជកម្មសេរីមួយដោយប្រយោលក្នុងចំណោមប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង ដែលគេហៅថាជាតំបន់ត្រីកោណដែក វានឹងពង្រឹងខ្សែច្រវាក់ផ្គង់ផ្គង់នៅអាស៊ីភាគឦសាននិងប៉ាស៊ីហ្វិកខាងលិច។
ជំនួសឲ្យការប្រកាន់ខ្ជាប់នូវគោលនយោបាយប្រឈមមុខជាមួយចិនរបស់លោកត្រាំ លោកបាយដិនគួរតែទទួលយកតួនាទីជាកណ្ដាលរបស់ចិនក្នុងសេដ្ឋកិច្ចពិភពលោក និងបន្ដកិច្ចព្រមព្រៀងពាណិជ្ជកម្មស្ដីពីការមិនរើសអើងនិងផ្ដល់ប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។ កិច្ចប្រឹងប្រែងរបស់ចិនក្នុងការចូលរួមកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងវឌ្ឍនភាព ដែលពាក់ព័ន្ធនឹងភាពជាដៃគូអន្ដរប៉ាស៊ីហ្វិកបន្ទាប់ពីលោកត្រាំបោះបង់កិច្ចព្រមព្រៀងនេះ អាចផ្ដល់នូវការបើកចំហដ៏សំខាន់មួយនៅទីនេះ។
រដ្ឋបាលរបស់លោកបាយដិនសន្យាចាប់ផ្ដើមជាថ្មី សម្រាប់ទំនាក់ទំនងរវាងអាមេរិកជាមួយពិភពលោក។ ដូច្នេះដើម្បីបំពេញបានការសន្យា លោកបាយដិនត្រូវតែបញ្ចប់សង្គ្រាមពាណិជ្ជកម្មប្រឆាំងចិនបង្កឡើងដោយលោកត្រាំ៕
ដោយ៖ពេញ ផេង