សហរដ្ឋអាមេរិកនៅថ្ងៃចន្ទទី១៨ខែមករាឆ្នាំ២០២១ បានទទូចឲ្យប្រទេសចិនអនុញ្ញាត ក៏ដូចជាបើកផ្លូវសម្រាប់ក្រុមអ្នកវិទ្យសាស្ត្រមកពីអង្គការសុខភាពពិភពលោក(WHO)បានចូលទៅកាន់ទីក្រុងវូហាន ដើម្បីស្វែងរកប្រភពដើមនៃវីរុសកូរ៉ូណាឬកូវីដ-១៩។
សូមបញ្ជាក់ថា ការទទូចពីសំណាក់របស់អាមេរិកដល់រដ្ឋាភិបាលចិនក្នុងការបើកផ្លូវដល់ក្រុមអ្នកវិទ្យាសាស្ត្រមកពីអង្គការសុខភាពពិភពលោកនេះដែរ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរសុខាភិបាលចិនកាលពីថ្ងៃទី១១ខែមករាបានអះអាងថា ក្រុមអ្នកជំនាញអន្តរជាតិនៃអង្គការសុខភាពពិភពលោក ដែលមានភារកិច្ចស៊ើបអង្កេតពីប្រភពដើមនៃជំងឺរាតត្បាតកូវីដ១៩ នឹងទៅដល់ប្រទេសចិននៅថ្ងៃទី១៤ខែមករាឆ្នាំ២០២១។ ម្យ៉ាងទៀត ការប្រកាសពីកាលបរិច្ឆេទនៃការមកដល់ប្រទេសចិន ដោយអ្នកជំនាញស៊ើបអង្កេតអន្តរជាតិ ធ្វើឡើងបន្ទាប់ពីត្រូវបានពន្យារពេលកាលពីដើមខែមករានេះ ក្រោមមូលហេតុដែលចិនលើកឡើងថា មានការយល់ច្រឡំគ្នាលើបញ្ហាមួយចំនួន។
បើតាមលោកGarrett Grigsby ប្រធានគណៈប្រតិភូសហរដ្ឋអាមេរិកបាននិយាយថា ប្រទេសចិនគួរតែ ចែករំលែករាល់ការសិក្សាវិទ្យាសាស្ត្រទាក់ទងនឹងគំរូរបស់មនុស្ស សត្វ និងបរិស្ថាន ដែលយកចេញពីទីផ្សារក្នុងទីក្រុងវូហាន ដែលជាកន្លែងត្រូវបានគេជឿថាជាដើមកំណើតដំបូងបង្អស់នៃវីរុសសកលកូវីដ-១៩នេះ។
ជាការឆ្លើយតប លោកស៊ុនយ៉ាង អគ្គនាយកការិយាល័យប្រតិកម្មរហ័សផ្នែកសុខភាពនៃគណៈកម្មាធិសុខាភិបាលជាតិចិនបានប្រាប់ក្រុមប្រឹក្សាភិបាលថា ការសិក្សាពីប្រភពដើមវីរុសកូវីដ-១៩ត្រូវតែមានលក្ខណៈវិទ្យាសាស្ត្រ និងត្រូវការការសម្របសម្រួល ការសហប្រតិបត្តិការ ពិសេសលោកបានទទូចឲ្យលុបបំបាត់ចោលនូវនិន្នាការនយោបាយ។
គួរជម្រាបថា ចិនបានក្លាយជាគោលដៅនៃការស៊ើបអង្កេតរកប្រភពដើមនៃវីរុសកូរ៉ូណាឬកូវីដ-១៩ ដោយសារតែវីរុសនេះត្រូវបានគេដឹងថាផ្ទុះឡើងដំបូងបំផុត នៅក្នុងទីក្រុងវូហានប្រទេសចិននៅចុងឆ្នាំ២០១៩ មុនបន្តរីករាលដាលទៅទូទាំងពិភពលោករហូតមកដល់បច្ចុប្បន្ន។ នៅពេលដែលមិនទាន់ដឹងថាវីរុសនេះ មានប្រភពមកពីទីកន្លែងណាឬពីអ្វីឲ្យពិតប្រាកដ មានការសន្និដ្ឋានខុសគ្នាជាច្រើន ពាក់ព័ន្ធនឹងប្រភពដើមរបស់វីរុស ដោយខ្លះសង្ស័យថាវីរុសអាចផ្ទុះចេញពីផ្សារលក់សាច់សត្វព្រៃក្នុងទីក្រុងវូហាន។ ដោយឡែកសម្រាប់អាមេរិកវិញ លោកដូណាល់ ត្រាំបានចោទប្រកាន់ប្រទេសចិនចំៗថា វីរុសនេះលេចធ្លាយចេញពីមន្ទីរពិសោធន៍មេរោគ ដែលមានទីតាំងនៅក្នុងទីក្រុងវូហានប្រទេសចិន។ ប៉ុន្តែចិនបានបដិសេធចំពោះការចោទប្រកាន់ដោយគ្មានភ័ស្តុតាងច្បាស់លាស់ទាំងនេះ។
តួយ៉ាង សម្រាប់គោលបំណងនៃការបើកការស៊ើបអង្កេតលើវីរុសកូវីដ-១៩ បើតាមអ្នកជំនាញស្រាវជ្រាវដែលធ្វើដំណើរទៅទីក្រុងវូហាន ធ្លាប់បានប្រាប់ទីភ្នាក់ងារសារព័ត៌មានAPថា វាមិនមែនជាចេតនាដើម្បីស្តីបន្ទោសលើចិនឡើយ តែផ្ទុយទៅវិញដើម្បីរកឲ្យឃើញប្រភពដើមដែលជំងឺផ្ទុះឡើង ដើម្បីការពារការផ្ទុះឡើងជាថ្មីនៅពេលអនាគត៕ ដោយ៖ យឺន សីហា