កូរ៉េខាងត្បូង​​ជំរុញ​ឲ្យ​លោក​​បាយដិន​​ធ្វើការ​​ជាមួយ​កូរ៉េខាងជើ​ង​​បន្ដ​ពី​លោក​ត្រាំ​

18-01-2021 3:56 pm 235

​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក​មូន ជែ​អ៊ីន​បាន​និយាយ​នៅ​ថ្ងៃទី​១៨​មករា​នេះ​ថា ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក​លោកចូ បាយ​ដិន គួរតែ​បើក​កិច្ចចរចា​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង ដើម្បី​បន្ដដំណើរ​ការដែល​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ​សម្រេចបាន​ជាមួយ​លោក​គីម ជុង​អ៊ុន​កន្លងមក​។ លោកចូ បាយដិ​ននឹងត្រូវ​ស្បថ​ចូល​កាន់តំណែង​ប្រធានាធិបតី​ថ្មី​អាមេរិក​នៅ​ថ្ងៃទី​២០​មករា ក្នុង​ចន្លោះ​ពេលដែល​កិច្ចពិភាក្សា​ស្ដីពី​ការរំលាយ​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ត្រូវ​ជាប់គាំង​។​

​ថ្លែង​ក្នុង​សន្និសីទកាសែត លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង​មូន ជែន​អ៊ីន ដែល​ធ្លាប់​ស្ម័គ្រចិត្ដ​ធ្វើជា​អ្នកសម្របសម្រួល​រវាង​ទីក្រុង​ព្យុងយ៉ាង​និង​ទីក្រុង​វ៉ាស៊ីនតោន បាន​បញ្ជាក់ថា​លោក​នឹង​ព្យាយាម​ស្វែងរក​ឱកាស​ដើម្បី​លើកយក​បញ្ហា​កូរ៉េខាងជើង ធ្វើជា​គោលនយោបាយ​ការបរទេស​អាទិភាពរ​បស់​លោក​បាយ​ដិន​។ បើ​ធ្វើបាន​ដូច្នេះ​នោះ​នឹង​អាច​ដើរ​តាម​កិច្ចព្រមព្រៀង ដែល​លោក​ត្រាំ​និង​លោក​គីម​សម្រេចបាន​ក្នុងជំនួប​លើកដំបូង​នៅ​សិង្ហ​បុរី​។​

​កិច្ចព្រមព្រៀង​ដែល​សម្រេចបាន​កាលនោះ មេដឹកនាំ​ទាំងពីរ​ប្ដេជ្ញា​បង្កើត​ទំនាក់ទំនង​ថ្មី និង​សហការ​ឆ្ពោះទៅ​សម្រេច​ឲ្យបាន​ការរំលាយ​នុយក្លេអ៊ែរ​ចេញពី​ឧបទ្វី​ប​កូរ៉េ​។ ប៉ុន្ដែ​នៅ​ក្នុងជំនួប​លើក​ទី​ពីរ​ដែល​គ្រោង​នឹង​បន្ដ​ជំរុញ​កិច្ចព្រមព្រៀង​ដែលមាន​ស្រាប់ បែរជា​បរាជ័យ​ដោយសារ​ខ្វែងគំនិត​លើ​ការបន្ធូរបន្ថយ​ទណ្ឌកម្ម​សេដ្ឋកិច្ច ជាហេតុ​ធ្វើឲ្យ​កិច្ចព្រមព្រៀង​រំលាយ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ត្រូវ​បន្ដ​ជាប់គាំង​។ ដូច្នេះ​លោក​មូន​ជឿជាក់ថា​ការស្បថ​ចូល​កាន់តំណែង​ប្រធានាធិបតី​របស់លោក​បាយ​ដិន លោក​នឹង​អាចដឹកនាំ​អាមេរិក​ត្រឡប់​ទៅ​ចាប់ផ្ដើម​កិច្ចចរចា​ជាថ្មី​ជាមួយ​កូរ៉េខាងជើង រួម​នឹង​កិច្ចចរចា​កូរ៉េខាងត្បូង​-​កូរ៉េខាងជើង​ផងដែរ ជា​កិច្ចការ​បន្ដ​ពី​រដ្ឋបាល​របស់លោក​ដូណាល់ ត្រាំ​។​

​ស្របពេល​ជាមួយគ្នា លោកមូ​ន​ក៏បានអំពាវនាវ​ឲ្យមាន​ដំណោះស្រាយ​ការទូត​ជាមួយ​ប្រទេស​ជប៉ុន ដើម្បី​ទប់ស្កាត់​ការលក់​ទ្រព្យសម្បត្ដិ​សាជីវកម្ម​ជប៉ុន ដើម្បី​ទូទាត់​សង​ដល់​ជនរងគ្រោះ​នៃ​ការបង្ខំ​ឲ្យធ្វើ​ពលកម្ម ដោយ​និយាយថា​វា​ជា​ការមិន​ចង់បាន​សម្រាប់​ទំនាក់ទំនង​ទ្វេភាគី​។ ប្រទេស​ទាំងពីរ​មានទំនាស់​គ្នា​តាំងពី​ជប៉ុន​ដាក់​អាណានិគម​លើ​ប្រទេស​កូរ៉េ​ចន្លោះ​ពី​ឆ្នាំ​១៩១០​ដល់​១៩៤៥ ហើយ​អតីត​ពលករ​ខ្លះ​បានទទួល​ដីកា​ពី​តុលាការ ដើម្បី​រឹបអូស​ទ្រព្យសម្បត្ដិ​ក្នុងស្រុក​របស់​ក្រុមហ៊ុន​ជប៉ុន​៕

​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត