លោក​គីម ជុង​អ៊ុន​​អ​វត្ដ​មាន​​ពី​កិច្ចប្រជុំសភា​​ដោយ​មិន​បញ្ជាក់​​មូលហេតុ​

18-01-2021 11:22 am 531

​ស្ថាប័ន​នីតិប្បញ្ញត្ដិ​ជាន់ខ្ពស់​របស់​កូរ៉េខាងជើង​គឺ​សភា​ជាន់ខ្ពស់​ប្រជាជន បានអនុម័ត​លើ​ច្បាប់​ដ៏​សំខាន់​មួយ ដើម្បី​អនុវត្ដ​យុទ្ធសាស្ដ្រ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​រយៈពេល​៥​ឆ្នាំ​។ ប៉ុន្ដែ​នៅក្នុង​កិច្ចប្រជុំ​កំពូល​នេះ មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន​មិនបាន​ចូលរួម​នោះទេ​។ កាសែត​រ៉ូដុង​ស៊ីន​មុន​របស់​គណបក្ស​ពលករ​កូរ៉េខាងជើង​បាន​ចេញផ្សាយ​នៅ​ថ្ងៃទី​១៨​មករា​នេះ​ថា សភា​ជាន់ខ្ពស់​ប្រជាជន​បាន​បើក​កិច្ចប្រជុំ​នៅក្នុង​ទីក្រុង​ព្យុងយ៉ាង​កាលពី​ថ្ងៃអាទិត្យ ដោយមាន​មន្ដ្រី​មក​ទី​ទូទាំងប្រទេស​ចូលរួម​។ លោក​គីម ជុង​អ៊ុន​ត្រូវបាន​គេ​រំពឹងថា​នឹងចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ ប៉ុន្ដែ​លោក​បាន​អ​វត្ដ​មាន​ដោយ​ពុំមាន​ការបញ្ជាក់​មូលហេតុ​។​

​លោក​គីម ជុង​អ៊ុន​ត្រូវបាន​បោះឆ្នោត​ជ្រើសរើស​ជា​អគ្គលេខាធិការ​គណបក្ស​ពលករ​កំពុង​កាន់អំណាច នៅឯ​សមាជ​គណបក្ស​ដែល​បានបញ្ចប់​កាលពី​ថ្ងៃ​អង្គារ​សប្ដាហ៍​មុន​។ មុខតំណែង​នេះ​ពីមុន​គ្រប់គ្រង​ដោយ​ឪពុក​របស់លោក គឺ​លោក​គីម ជុងអ៊ីល​។ 

​ដោយឡែក​នៅក្នុង​កិច្ចប្រជុំសភា​ជាន់ខ្ពស់​ប្រជាជន បានសម្រេច​អនុម័ត​លើ​ច្បាប់​និង​កញ្ចប់​ថវិកា​ដែល​ចាំបាច់ ដើម្បី​អនុវត្ដ​ផែនការ​សេដ្ឋកិច្ច​រយៈពេល​៥​ឆ្នាំ​ខាងមុខ​។ នៅក្នុង​កិច្ចប្រជុំ​ក៏មាន​ការប្រកាស​ពី​សមាសភាព​សមាជិក​គណៈរដ្ឋមន្ដ្រីថ្មី​ផងដែ​រ​។ កិច្ចប្រជុំ​ក៏​សម្រេច​រក្សា​កញ្ចប់​ថវិកា​ការពារជាតិ​សម្រាប់​ឆ្នាំ​២០២១​មិន​ផ្លាស់ប្ដូរ​ពី​ឆ្នាំមុន​នោះទេ​។ វា​គឺ​១៥.៩​ភាគរយ​នៃ​ថវិកាជាតិ​។ កូរ៉េខាងជើង​បាន​និយាយថា ការចំណាយ​លើ​វិស័យ​ការពារជាតិ​បាន​ជួយ​បង្កើន​សមត្ថភាព​ការពារ​ខ្លួន​។​

​កូរ៉េខាងជើង​ជា​ប្រទេស​ឯកោ​មួយ​នៅក្នុង​ពិភពលោក ដោយមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ប្រទេស​តិចតួច​ប៉ុណ្ណោះ​។ កូរ៉េខាងជើង​ក៏​កំពុង​រង​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​សហរដ្ឋអាមេរិក​និង​អង្គការសហប្រជាជាតិ ជុំវិញ​ការបន្ដ​កម្មវិធី​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល ហេតុ​ដូច្នេះហើយ​ទើប​សេដ្ឋកិច្ច​កូរ៉េខាងជើង​ត្រូវ​ប្រឈម​បញ្ហា​។ មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន ធ្លាប់បាន​ចុះ​កិច្ចព្រមព្រៀង​មួយ​ជាមួយ​លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក ដើម្បី​ឈានទៅ​រំលាយ​កម្មវិធី​នុយក្លេអ៊ែរ ប៉ុន្ដែ​ដំណើរការ​នេះ​ត្រូវ​ជាប់គាំង​ក្រោយ​អនុវត្ដ​បាន​មួយ​រយៈពេល​ខ្លី​។ បន្ទាប់ពីនោះ​មាន​កិច្ចចរចា​ជា​បន្ដបន្ទាប់ ដើម្បី​បន្ដ​ការរំលាយ​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េខាងជើង​តែ​មិន​ទ​ទទួលជោគជ័យ​។​

​សម្រាប់​កូរ៉េខាងជើង​បានប្រកាស​ជា​យូរណាស់​មកហើយ កម្មវិធី​នុយក្លេអ៊ែរ​គឺជា​អាវុធ​ការពារ​ខ្លួន​ដ៏​រឹងមាំ​បំផុត​របស់គេ បើ​មិន​ដូច្នេះ​ទេ​អន្ដរជាតិ​នឹង​អាច​វាយប្រហារ​ឬ​ដាក់​សម្ពាធ​កាន់តែខ្លាំង​លើ​ខ្លួន​មិន​ខាន​។ ការរក្សាបាន​តុល្យភាព​នៃ​កម្មវិធី​នុយក្លេអ៊ែ​រ ជា​អាវុធ​ដ៏​មាន​ប្រសិទ្ធភាព​ដើម្បី​ចរចា​ជាមួយ​អន្ដរជាតិ ប៉ុន្ដែ​បើ​ឲ្យ​កូរ៉េខាងជើង​រំលាយចោល​កម្មវិធី​នុយក្លេអ៊ែ​រ លុះត្រាតែ​មាន​ការដោះដូរ​ដែល​សមស្រប​អាច​ទទួលយកបាន​៕

​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត