មនុស្សរាប់ពាន់នាក់មកពីប្រទេសហុងឌូរ៉ាស់ រួមទាំងគ្រួសារជាច្រើនដែលមានកូនតូចៗផង បាននាំគ្នាដើរឆ្លងកាត់ប្រទេសហ្គាតេម៉ាឡានៅថ្ងៃសៅរ៍ទី១៦ខែមករាឆ្នាំ២០២១ ដោយសង្ឃឹមថានឹងបានទៅដល់សហរដ្ឋអាមេរិក។ ជនចំណាកស្រុកចន្លោះពី៧,០០០ទៅ៨,០០០នាក់ បានចូលប្រទេសហ្គាតេម៉ាឡានៅថ្ងៃសុក្រ ហើយបន្តដំណើរឆ្ពោះទៅព្រំដែនមិចស៊ិក ក្នុងបំណងទៅសុំសិទ្ធិជ្រកកោននៅសហរដ្ឋអាមេរិក។
ការកំរើកឡើងវិញនូវចលនាជនចំណាកស្រុកទៅអាមេរិក កើតឡើងដំបូងនៅដើមឆ្នាំនេះ គឺមុនលោកចូ បាយដិនស្បថកាន់តំណែងប្រធានាធិបតី ដោយពួកគេសង្ឃឹមថារដ្ឋាភិបាលថ្មីអាមេរិក ក្រោមការដឹកនាំរបស់ចូ បាយដិននិងមានចិត្តសណ្តោសប្រណីទទួលពួកគេ។ លោកបាយដិនបានសន្យាថា នឹងបន្ធូរបន្ថយលើគោលនយោបាយអន្តោប្រវេសន៍ ដែលផ្ទុយពីគោលនយោបាយដ៏រឹងរ៉ឹងរបស់លោកដូណាល់ ត្រាំ។ ហេតុដូចនេះហើយ ទើបបានជាក្រុមជនចំណាកស្រុកទាំងនោះ នាំគ្នាសម្រុកទៅដល់ព្រំដែនអាមេរិក-មិចស៊ិកឲ្យបានមុនគេ ដើម្បីទទួលបានឱកាសរស់នៅទឹកដីអាមេរិកតាមក្តីប្រាថ្នារបស់ពួកគេ។
សម្រាប់មិចស៊ិក បើទោះបីជាអាមេរិកផ្លាស់ប្តូរអ្នកដឹកនាំថ្មីពីលោកដូណាល់ ត្រាំដែលមានជំហររឹងរ៉ឹង ចំពោះការអនុគ្រោះដល់ជនចំណាកស្រុក មកជាលោកចូ បាយដិនក្នុងពេលឆាប់ៗនេះក៏ដោយ ក៏កិច្ចព្រមព្រៀង ស្តីពី ជនចំណាកស្រុករវាងមិចស៊ិកនិងអាមេរិកនៅតែមានសុពលភាពនៅឡើយ។ ដូច្នេះមិចស៊ិកក៏នៅតែមានតួនាទីបំបែកហ្វូងជនចំណាកស្រុក មិនឲ្យឆ្លងកាត់ព្រំដែនរបស់ខ្លួនបានឡើយ។ ប្រទេសហ្គាតេម៉ាឡា ហុងឌូរ៉ាសនិងម៉ិកស៊ិក ដែលស្ថិតនៅលើតម្រាយផ្លូវរបស់ជនចំណាកស្រុក នៅក្នុងការធ្វើដំណើរឆ្ពោះទៅអាមេរិក បានដាក់ពង្រាយកម្លាំងសន្តិសុខក្នុងប្រទេសរៀងៗខ្លួនរហូយដល់ទៅរាប់ពាន់នាក់ ហើយយោធាហ្គាតេម៉ាឡា បានចាប់ឃុំឃាំងជនចំណាកស្រុករាប់រយនាក់ផងដែរកាលពីថ្ងៃសុក្រ។
ជនចំណាកស្រុកទាំងនេះ បានបង្ខំចិត្តចាកចេញពីប្រទេសរបស់ខ្លួន ដើម្បីគេចពីអំពើហិង្សាក្នុងតំបន់មួយដែលរងនូវការលុកលុយដោយជំងឺរាតត្បាត និងគេចពីវិបត្តិនៃភាពអត់ឃ្លាននិងភាពគ្មានផ្ទះសម្បែងនៅក្នុងប្រទេសហុងឌូរ៉ាស់។ ស្ត្រីម្នាក់ដែលជាម្តាយរបស់កុមារបួននាក់ ដែលបានបាត់បង់ផ្ទះនៅក្នុងព្យុះសង្ឃរានោះ បាននិយាយថាអ្នកស្រីមិនមានអ្វីចិញ្ចឹមកូនៗទេ ហើយមនុស្សរាប់ពាន់នាក់បានដេកនៅលើដងផ្លូវ។ ទោះបីជាក្រុមអ្នកស្រីដឹងថា ដំណើរស្វែងរកសុំសិទ្ធិជ្រកកោននេះ ប្រឈមនឹងការបង់ជីវិតក៏ដោយក៏នៅតែបង្ខំចិត្តទៅ។ ជនចំណាកស្រុកផ្សេងទៀតដែលបាត់បង់ការងារព្រោះតែជំងឺរាតត្បាត ហើយបន្ទាប់មកបានបាត់បង់ផ្ទះនៅក្នុងខ្យល់ព្យុះកាលពីពេលកន្លងទៅ ក៏បានប្រថុយចាកចេញពីប្រទេស ដើម្បីស្វែងរកកន្លែងរស់នៅដែលប្រសើរជាងនេះ៕ ដោយ៖អ៊ុន សុខឡា