រដ្ឋ​ទាំង​៥០​នៅ​អាមេរិក​ស្ថិតក្នុង​សភាព​ប្រុង​ជើងការ​ចំពោះ​ការតវ៉ា​ហិង្សា​

17-01-2021 10:22 am 523

FBI​បាន​ព្រមាន​អំពី​ការហែក្បួន​ប្រដាប់អាវុធ​ដែល​អាច​កើតមាន ដោយ​ក្រុម​អ្នកគាំទ្រ​លោក​ដូណាល់ ត្រាំ​នៅឯ​រដ្ឋ​ទាំង​៥០​របស់​សហរដ្ឋអាមេរិក​។ រដ្ឋ​ទាំង​៥០​របស់​អាមេរិក​និង​សង្កាត់​កូឡុំបៀ​(DC)​ស្ថិតក្នុង​ការ​ប្រុង​ជើង​ការ ចំពោះ​ការធ្វើ​បាតុកម្មហិង្សា​ដែល​អាច​កើត​មាននៅ​ចុង​សប្តាហ៍​នេះ មុនពេល​លោក​ប្រធានាធិបតី​ចូ បាយដិន​ស្បថ​ចូល​កាន់តំណែង​ជា​ផ្លូវការ​នៅ​ថ្ងៃទី​២០​មករា​ឆ្នាំ​២០២១​។ រដ្ឋ​នានា​បាន​ពង្រឹង​សន្តិសុខ​ខ្ពស់ ការពារ​ការផ្ទុះ​ករណី​ហិង្សា​ណាមួយ​កើតឡើង ជាពិសេស​ទោះបីជា​ការ​តវា់​ដោយ​អហិង្សា​ក៏ដោយ ក៏មាន​ការបារម្ភ​ថា​ពួក​ជ្រុលនិយម​អាច​បន្លំ​ខ្លួន​ប្រជ្រៀតចូល​ក្នុងការ​តវា់​ដែល​គ្រោងទុក ដើម្បី​ធ្វើ​សកម្មភាព​ឧក្រិដ្ឋកម្ម​។ 

​បច្ចុប្បន្ន​សន្តិសុខ​ត្រូវបាន​ពង្រឹង​យ៉ាងខ្លាំង ជាពិសេស​នៅ​វិមាន​សភាជាតិ ជា​កន្លែង​រៀបចំ​ពិធី​ធ្វើ​សច្ចាប្រណិធាន​របស់​ប្រធានាធិបតី​ថ្មី​នៅ​ថ្ងៃ​ពុធ​សប្តាហ៍​ក្រោយ​។ ម្យ៉ាង​សភាជាតិ​ជា​កន្លែង​ដែល​ធ្លាប់ មាន​ការតវ៉ា​ហិង្សា​បណ្តាលឲ្យ​មនុស្ស​ស្លាប់​៥​នាក់ កាលពី​ថ្ងៃទី​៦​ខែមករា​ឆ្នាំ​២០២១ ដោយ​អ្នកគាំទ្រ​លោក​ត្រាំ ដែល​មិន​ពេញចិត្ត​នឹង​លទ្ធផល​បោះឆ្នោត​ប្រធានាធិបតី​។ ផ្លូវ​ជាច្រើន ដែលមាន​ចម្ងាយ​ប្រហែល​មួយ​គីឡូម៉ែត្រ ពី​វិមាន​សភាជាតិ ត្រូវបាន​បិទ​ដោយរ​បាំង​បេតុង​និង​របង​ដែក​។ ចំណែក​នៅ​ឧទ្យា​ជាតិ​National Mall ដែល​ជាធម្មតា​ត្រូវ​ប្រមូលផ្តុំ​ដោយ​មនុស្សម្នា​រាប់ពាន់នាក់ ដើម្បី​អបអរ​ពិធី​ស្បថ​កាន់តំណែង​ប្រធានាធិបតី​ថ្មី ត្រូវបាន​បិទ​តាម​ការស្នើសុំ​របស់​ទីភ្នាក់ងារ​សម្ងាត់​។​

​អ្នកវិភាគ​វិញ​និយាយថា រដ្ឋ​ដែល​ប្រឈម​នឹង​ហានិភ័យ​នៃ​ការប្រទូសរ៉ាយ​ខ្លាំង គឺ​បណ្តា​រដ្ឋ​ដែល​រង​នូវ​ការចោទប្រកាន់ថា​មាន​ភាពមិនប្រក្រតី​នៅក្នុង​ការបោះឆ្នោត​។ នៅក្នុង​ចំណោម​រដ្ឋ​ទាំងនោះ គេ​សង្កេតឃើញ ដូចជា​រដ្ឋ​Michigan បាន​ការពារ​ជាមុន​ដោយ​ពង្រាយ​របង​ដែក​កម្ពស់​៦​ហ្វីត​នៅ​ជុំវិញ​ទីក្រុង​Lansing​។​

​ទម្រង់​នៃ​ការ​កៀរគរ​កម្លាំង​ប្រមូលផ្តុំ មាន​ការប្រកាស​លើ​បណ្តាញ​អ៊ី​ន​ធឺ​ណេត ដោយ​អ្នកគាំទ្រ​លោក​ត្រាំ បាន​អំពាវនាវ​ឲ្យមាន​សកម្មភាព​តវ៉ា តាម​កាលបរិច្ឆេទ​មួយចំនួន​។ នៅ​ក្នុងនោះ មាន​ការប្រកាស​ធ្វើ​បា​តុ​កម្ម​ប្រដាប់អាវុធ នៅក្នុង​ទីក្រុង​ទូទាំងប្រទេស​នៅ​ថ្ងៃទី​១៧​ខែមករា​និង​ការប្រមូលផ្តុំ​នៅ​ទីក្រុង​វ៉ាស៊ីនតោន​ឌី​ស៊ី នៅ​ថ្ងៃ​រៀបចំ​ពិធី​ស្បថ​ចូល​កាន់តំណែង​របស់​ប្រធានាធិបតី​ជាប់ឆ្នោត​ផងដែរ​។ 

​យ៉ាងណា​តាំងពី​មុន​មាន​ការគំរាមកំហែង​សន្តិសុខ ក៏មាន​ការណែនាំ​រួចទៅហើយ​មិនឲ្យ​ប្រជាជន ធ្វើដំណើរ​ទៅកាន់​រដ្ឋធានី​វ៉ាស៊ីនតោន នៅ​ថ្ងៃ​រៀបចំ​ពិធី​ស្បថ​កាន់តំណែង​ប្រធានាធិបតី​ថ្មី ព្រោះ​បារម្ភ​ពី​ការឆ្លង​រាលដាល​នៃ​វីរុស​កូវី​ដ​១៩​។ ចួន​ចំពេល​មាន​ការព្រួយបារម្ភ​ពី​ការផ្ទុះ​ការតវ៉ា​ដោយ​ហិង្សា​បែបនេះ​ទៀត មន្ត្រី​មូលដ្ឋាន​បាន​និយាយថា ប្រជាជន​គួរតែ​មើល​ពិធី​ស្បថ​កាន់តំណែង​ប្រធានាធិបតី​ពី​ចម្ងាយ ដើម្បី​ការពារ​ការឆ្លង​មេរោគ​ផង​និង​សុវត្ថិភាព​ផង​៕ ដោយ​៖​អ៊ុន សុខ​ឡា​

 ពាក្យគន្លឹះ  អាមេរិកការតវ៉ា

ព័ត៌មានផ្សេងទៀត