ទីក្រុងហុងកុងនៅថ្ងៃសៅរ៍ទី១៦ខែមករា បានស្ដីបន្ទោសខ្លាំងៗទៅសហរដ្ឋអាមេរិក ជុំវិញការដាក់ទណ្ឌកម្មចុងក្រោយលើមន្ត្រី០៦រូបរបស់ខ្លួន និងបោះពាក្យដាក់អាមេរិកថា ឆ្កួតល្ងង់និងគួរឲ្យស្អប់ខ្ពើមបំផុត។ នេះបើដកស្រង់ចេញពីការចុះផ្សាយដោយបណ្ដាញសារព័ត៌មានCNA។
ការចេញមុខស្ដីបន្ទោសខ្លាំងៗពីសំណាក់ទីក្រុងហុងកុងលើអាមេរិក ធ្វើឡើងបន្ទាប់ពីអាមេរិកបានប្រកាសពីការដាក់ទណ្ឌកម្មលើមន្ត្រីហុងកុងទាំង០៦រូបរបស់ហុងកុងលោកស្រីCarrie Lamជាដើម។
គួរជម្រាបថា ការប្រកាសដាក់ទណ្ឌកម្មលើមន្ត្រីសំខាន់ៗទាំង ០៦រូបនិងមេដឹកនាំក្រុងហុងកុង ដោយសារតែអាមេរិកខឹងសម្បារទៅនឹងរដ្ឋាភិបាលចិន ជុំវិញការចាប់ខ្លួនសកម្មជនហុងកុងជាច្រើននាក់កាលពីពេលកន្លងទៅ។ ជាក់ស្ដែងគណនេយ្យធនាគាររបស់លោកស្រីCarrie Lam នៅសហរដ្ឋអាមេរិកត្រូវបានបិទមិនឲ្យប្រើប្រាស់បានទៀតឡើយ។ ចំណែកឯមន្ត្រីចំនួន០៥រូបផ្សេងទៀតរបស់ហុងកុងក៏បានរងទណ្ឌកម្មស្រដៀងនឹងលោកស្រីCarrie Lamដូចគ្នាដែរ។
តាមរយៈសេចក្តីថ្លែងការណ៍មួយរបស់រដ្ឋាភិបាលក្រុងហុងកុងបានសម្តែងនូវកំហឹងយ៉ាងខ្លាំង និងបានចោទអាមេរិកថាលូកដៃចូលផ្ទៃក្នុងរបស់ហុងកុង និងរារាំងកិច្ចប្រឹងប្រែងរបស់ទីក្រុងហុងកុងក្នុងការការពារសន្តិសុខជាតិ។
ការសម្រេចដាក់ទណ្ឌកម្មរបស់អាមេរិកលើហុងកុង កើតឡើងបន្ទាប់ពីអាមេរិកបានខឹងសម្បារនឹងការចាប់ខ្លួនសកម្មជនតវ៉ាចុងក្រោយបង្អស់នៅហុងកុងកាលពីពេលថ្មីៗកន្លងទៅ។ ការចាប់ខ្លួនសកម្មជនតវ៉ានេះទៀតសោត ក៏រួមមានទាំងជនជាតិអាមេរិកផងដែរ គឺលោកមេធាវីសិទ្ធិមនុស្សJohn Clancey។
ជាការឆ្លើយតបទៅនឹងទណ្ឌកម្មអាមេរិកនេះដែរ អ្នកនាំពាក្យរដ្ឋាភិបាលហុងកុងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋាភិបាលសហរដ្ឋអាមេរិកបានកេងចំណេញលើខ្លួន និងថាអាមេរិកបានព្យាយាមរកលេស ដើម្បីធ្វើឲ្យមានការនិយាយបង្កាច់បង្ខូចអំពីច្បាប់សន្តិសុខជាតិថ្មីដែលទើបនឹងដាក់ចេញដោយរដ្ឋាភិបាលចិនកាលពីឆ្នាំមុនតែប៉ុណ្ណោះ៕ ដោយ៖ យឺន សីហា