កញ្ញាស៊ីន សេដ្ឋសុជ្ឈតា ចៅស្រីបង្កើតរបស់អធិរាជសម្លេងមាសស៊ីន ស៊ីសាមុត បានសម្រេចចិត្តចូលប្រឡូកក្នុងវិស័យសិល្បៈជាលើកដំបូង និងបានត្រៀមបញ្ចេញនូវបទចម្រៀងដែលកញ្ញាតែងនិពន្ធដោយខ្លួនឯងចំនួនមួយបទថ្មី ដែលមានចំណងជើងថា «ទទួលការពិត»។ បទចម្រៀងមួយបទនេះដែរនឹងត្រូវបញ្ចេញនៅក្នុងផលិតកម្មក្លាបយ៉ាហ៊ែន(KlapYaHandz)។
កញ្ញាស៊ីន សេដ្ឋសុជ្ឈតា វ័យ២៧ឆ្នាំ មានដើមកំណើតនិងធំដឹងក្ដីឡើងនៅរាជធានីភ្នំពេញ។ បច្ចុប្បន្នកញ្ញាសេដ្ឋសុជ្ឈតា កំពុងបន្តសិក្សាជានិស្សិតឆ្នាំទី៤ផ្នែកប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា។
សូមបញ្ជាក់ថាតារាចម្រៀងចំណូលថ្មីរបស់ផលិតកម្មក្លាបយ៉ាហ៊ែនរូបនេះដែរ ជាកូនស្រីពៅក្នុងគ្រួសារ ក្នុងចំណោមបងប្អូនទាំង៣នាក់ និងជាអ្នកដែលធំដឹងក្ដីឡើងជាមួយបិរយាកាសតន្ត្រី។ ធំដឹងក្ដីជាមួយតន្ត្រីដោយហេតុថា ឳពុករបស់នាង គឺលោកស៊ីន ច័ន្ទឆាយា ជាសិល្បៈករមួយរូបធ្លាប់សម្ដែងនៅតាមភោជនីយដ្ឋាននានា និងតាមរង្គសាលមួយចំនួនកាលពីកំឡុងសតវត្សឆ្នាំ៩០ និងដើមទសវត្សឆ្នាំ២០០០។
យ៉ាងណា មុននឹងឈានជើងចូលជ្រកក្រោមផលិតកម្មក្លាបយ៉ាហ៊ែន(KlapYaHandz) កញ្ញាសេដ្ឋសុជ្ឈតាធ្លាប់បានបង្ហាញទេពកោសល្យសំឡេងរបស់ខ្លួន នៅក្នុងចម្រៀងអមរឿងភាគខ្លីមួយដែលមានចំណងជើងថា «Music Magic Love»។ ជាក់ស្ដែងក្នុងរឿងភាគនេះ សុជ្ឈតាបានចូលរួមជួយកែសម្រួលទំនុកច្រៀងចំនួន៣បទ ដែលត្រូវបានគេនិពន្ធម្ដងរួចមកហើយ ដើម្បីឲ្យមានចាប់ចុងចួន និងមានអត្ថន័យជាងមុន។
ដោយឡែកកាលពីខែសីហាឆ្នាំ២០១៩ ក្នុងឱកាសប្រារព្ធខួបកំណើត៨០ឆ្នាំរបស់អធិរាជសំឡេងមាសស៊ីន ស៊ីសាមុត កញ្ញាសេដ្ឋសុជ្ឈតា បានសហការជាមួយសិល្បៈករមួយចំនួនទៀត ដោយលើកយកបទចម្រៀងរបស់លោកតាបង្កើតរបស់ខ្លួនមកច្រៀងឡើងវិញចំនួន៣បទរួមមានដូចជា បទ«ចំប៉ីសៀមរាប» បទ«រំដួលពោធិ៍សាត់» និងបទ«បាត់ដំបងបណ្ដូលចិត្ត»។
ជុំវិញនឹងការចូលរួមជាមួយផលិតកម្មក្លាបយ៉ាហែននេះដែរ លោកសុខ វិសាល ម្ចាស់ផលិតកម្ម ក្លាបយ៉ាហ៊ែន(KlapYaHandz)បានឲ្យដឹងថា តាមពិតទៅកញ្ញាសេដ្ឋសុជ្ឈតាបានចូលរួមជាមួយផលិតកម្មរបស់លោករយៈពេលជាង១ឆ្នាំហើយ ប៉ុន្តែដោយសារតែកញ្ញាមានបញ្ហាផ្ទាល់ខ្លួន ទើបខាងផលិតកម្មមិនទាន់អាចបង្ហាញវត្តមានរបស់កញ្ញាសេដ្ឋសុជ្ឈតាជាសាធារណៈបាន។ ជាមួយគ្នានេះលោកសុខ វិសាល បានបញ្ជាក់បន្ថែមថា ចំណុចសំខាន់បំផុតដែលខាងផលិតកម្មក្លាបយ៉ាហែនទទួលយកចៅស្រីអធិរាជសំឡេងមាសរូបនេះ មកចូលរួម គឺផ្ដោតសំខាន់ទៅលើទឹកដមសំឡេងរបស់នាងផ្ទាល់តែម្ដង។
សំឡេងលោកសុខ វិសាល៖
គួរជម្រាបថា កញ្ញាស៊ីន សេដ្ឋសុជ្ឈតា ក៏បានលើកឡើងដែរថា កញ្ញាមិនចង់រស់នៅក្រោមស្រមោលនៃកេរ្តិ៍ដំណែលរបស់ជីតាខ្លួនឡើយ តែផ្ទុយទៅវិញកញ្ញាចង់ឲ្យទស្សិកជនស្គាល់ខ្លួននាងគឺជាខ្លួននាង។ ទន្ទឹមនេះ កញ្ញាសេដ្ឋសុជ្ឈតាបានបង្ហាញពីអារម្មណ៍រីករាយក្នុងការចែករំលែកបទពិសោធន៍ជីវិតតាមរយៈបទចម្រៀងទៅកាន់ទស្សនិកជន។ តួយ៉ាង ចៅស្រីបង្កើតរបស់អធិរាជសំឡេងមាសរូបនេះ ក៏កំពុងត្រៀមបញ្ចេញបទចម្រៀងដំបូងបំផុតរបស់ខ្លួនសម្រាប់ផលិតកម្មក្លាបយ៉ាហែន(KlapYaHandz)ដែលមានចំណងជើងថា «ទទួលការពិត»នៅពេលឆាប់ៗខាងមុខនេះ៕ ដោយ៖ យឺន សីហា