លោកនាយករដ្ឋមន្ត្រីហ៊ុន សែន មានប្រសាសន៍នៅថ្ងៃទី១៣ ខែមករានេះថា ការចំណាយថវិកាក្នុងការផលិតខ្សែភាពយន្តរឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបរមី មិនបានប្រើប្រាស់ថវិកាជាតិសូម្បីតែមួយសេន។ ប្រមុខរដ្ឋាភិបាលលើកឡើងយ៉ាងដូច្នេះ បន្ទាប់ពីមានក្រុមប្រឆាំងមួយចំនួនបានចោទប្រកាន់មកលើរូបលោកថា បានប្រើប្រាស់ថវិកាក្នុងការផលិតខ្សែភាពយន្តរឿងភាគនេះ។
រដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី០៥ខែមករា បានចេញសេចក្តីសម្រេចមួយបង្កើតគណៈកម្មការ ផលិតភាពយន្តភាគរឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបរមី ជារឿងនិទានបែបប្រវត្តិសាស្ត្រ និយាយពីដំណើរជីវិតតស៊ូរបស់ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដោយមានបញ្ចូលនូវព្រឹត្តិការណ៍សំខាន់ៗជាច្រើន ក្នុងការស្វែងរកសន្តិភាពជូនប្រជាពលរដ្ឋ។
គួរបញ្ជាក់ថា រឿង«កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌រមី» នឹងត្រូវថតជាខ្សែភាពយន្តភាគ ដោយផលិតកម្មឯកជនមួយ ហើយនឹងត្រូវលក់ទៅឲ្យស្ថានីយ៍ទូរទស្សន៍នានា ដើម្បីចាក់ផ្សាយជាសាធារណៈជូនប្រជាជនបានទស្សនា៕