រហូតមកដល់ពេលនេះ មន្ដ្រីជាន់ខ្ពស់មួយចំនួននៃអតីតគណបក្សសង្គ្រោះជាតិ នៅតែបន្ដតតាំងរហូតពេលខ្លះប្រើយុទ្ធសាស្ដ្រវាយប្រហារ ដើម្បីកៀរគររកជំនួយពីអន្ដរជាតិដាក់សម្ពាធរដ្ឋាភិបាល ធ្វើយ៉ាងណាឲ្យអតីតគណបក្សប្រឆាំងមួយនេះរស់ឡើងវិញ។ យ៉ាងណាមិញកិច្ចខិតខំប្រឹងប្រែងទាំងអម្បាលម៉ានពុំទទួលលទ្ធផលឡើយ ហើយគណបក្សប្រជាជនកម្ពុជាជាបក្សកាន់អំណាច នៅតែអះអាងថាការសម្រេចរំលាយគណបក្សសង្គ្រោះជាតិរបស់តុលាការកំពូលជារឿងត្រឹមត្រូវ មានមូលហេតុច្បាស់លាស់។ ដោយសារតែពុំមានសង្ឃឹមក្នុងការលេចវត្ដមានជាថ្មី អ្នកតាមដានស្ថានការណ៍បានបង្ហាញទស្សនៈថា មន្ដ្រីនៃអតីតគណបក្សសង្គ្រោះគួរតែចាប់ផ្ដើមយន្ដការថ្មី ងាកទៅរួបរួមឬបង្កើតបក្សថ្មី ដើម្បីអាចចូលរួមក្នុងសង្វៀននយោបាយឡើងវិញ បើមិនដូច្នេះទេអាចនឹងយឺតពេល។
គណបក្សសង្គ្រោះជាតិ(CNRP)ត្រូវបានតុលាការសម្រេចរំលាយកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។ ការសម្រេចរបស់តុលាការកំពូលគឺទៅតាមបណ្តឹងរបស់ក្រសួងមហាផ្ទៃដោយចោទថា គណបក្សនេះមានបំណងផ្តួលរំលំរដ្ឋាភិបាលបច្ចុប្បន្ន។ ក្រោយមកទោះបីជាមន្ដ្រីអតីតគណបក្សមួយនេះ បានព្យាយាមដើម្បីឲ្យគណបក្សរស់ឡើងវិញប៉ុន្ដែពុំទទួលជោគជ័យឡើយ។
លោកគិន ភាប្រធានវិទ្យាស្ថានទំនាក់ទំនងអន្ដរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកតាមដានស្ថានការណ៍នយោបាយ បានលើកឡើងថា លោកមើលមិនឃើញលទ្ធភាពនៃការរស់ឡើងវិញនៃអតីតគណបក្សសង្គ្រោះជាតិនោះទេ។ ការរស់ឡើងវិញនៃអតីតគណបក្សសង្គ្រោះជាតិ តើអ្វីនឹងត្រូវរស់ជាមួយគណបក្សមួយនេះ...
សំឡេងលោកគិន ភា៖
មិនខុសពីលោកគិន ភា លោកអ៊ូ ច័ន្ទរ័ត្នជាអតីតតំណាងរាស្ដ្រនៃអតីតគណបក្សសង្គ្រោះជាតិ បង្ហាញការយល់ឃើញដែរថា អតីតគណបក្សសង្គ្រោះជាតិពិតជាមិនអាចមានវត្ដមានជាថ្មីបានឡើយ។ វាពិតជាពិបាកណាស់...
សំឡេងលោកអ៊ូ ច័ន្ទរ័ត្ន៖
សម្រាប់គណបក្សប្រជាជនកម្ពុជាធ្លាប់បានបញ្ជាក់កន្លងមក អតីតគណបក្សប្រឆាំងមួយនេះពិតជាមិនអាចរស់ឡើងវិញបានទេ ពីព្រោះត្រូវបានតុលាការកំពូលសម្រេចរំលាយតាមការចោទប្រកាន់យ៉ាងច្បាស់លាស់។ អ៊ីចឹងទេគ្មានលទ្ធភាពណាមួយដែលគណបក្សស្លាប់ទៅហើយអាចរស់ឡើងវិញបានឡើយ។
ក្រោយត្រូវបានរំលាយមានការលើកឡើងនិងយល់ឃើញជាបន្ដបន្ទាប់ថា មន្ដ្រីអតីតគណបក្សសង្គ្រោះជាតិពិតជាបានបែកបាក់ផ្ទៃក្នុងនិងបែកខ្ញែកគ្នាជាក្រុមៗ។ ត្រង់ចំណុចនេះលោកគិន ភាបានគូសបញ្ជាក់ថា ថ្វីដ្បិតកន្លងមកមន្ដ្រីអតីតបក្សនេះប្រកាសថាក្ដែងៗ នៅបន្ដបង្រួបបង្រួមដើម្បីតតាំងរកយុត្ដិធម៌ ប៉ុន្ដែធាតុពិតវាផ្ទុយគ្នា ហើយក៏គ្មាននរណាទៅប្រកាសថាខ្លួនឯងបែកបាក់គ្នាឲ្យគេដឹងជាសាធារណៈដែរ។ បើមិននិយាយពីការបង្រួបបង្រួមហើយទៅនិយាយពីការបែកបាក់ ទំនុកចិត្ដរបស់អ្នកគាំទ្រនឹងទៅជាយ៉ាងណាវិញ តែរឿងជាក់ស្ដែងគឺក្រុមរបស់អតីតគណបក្សសង្គ្រោះជាតិ បានបែកបាក់ទៅជាបួនក្រុម...
សំឡេងលោកគិន ភា៖
លោកអ៊ូ ច័ន្ទរ័ត្នវិញបញ្ជាក់ដូច្នេះដែរថា...
សំឡេងលោកអ៊ូ ច័ន្ទរ័ត្ន៖
ទាំងត្រូវបានរំលាយចោលហើយ និងមន្ដ្រីបែកបាក់ផ្ទៃក្នុងទៀត ដូច្នេះអតីតបក្សប្រឆាំងមួយនេះ មិនអាចចូលរួមប្រកួតប្រជែងនៅក្នុងសង្វៀននយោបាយឬការបោះឆ្នោតបានឡើយ។ តើធ្វើយ៉ាងណាទើបមន្ដ្រីអតីតបក្សប្រឆាំងអាចនាំយកព្រលឹងរបស់CNRP ចូលប្រជែងក្នុងសង្វៀននយោបាយឬក្នុងការបោះឆ្នោតវិញបាន? លោកអ៊ូ ច័ន្ទរ័ត្ន...
សំឡែងលោកអ៊ូ ច័ន្ទរ័ត្ន៖
ទាក់ទងចំណុចនេះ លោកគិន ភាយល់ឃើញថា...
សំឡេងលោកគិន ភា៖
លោកសុខ ឥសានអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ក៏ស្វាគមន៍ជានិច្ចចំពោះការបង្កើតគណបក្សថ្មីរបស់មន្ដ្រីអតីតគណបក្សសង្គ្រោះជាតិ ឬក៏ការធ្វើសកម្មភាពនយោបាយ នៅពេលបានស្នើសុំហើយទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ...
សំឡេងលោកសុខ ឥសាន៖
ជាការកត់សម្គាល់ បើគិតមកដល់ពេលនេះគឺមានរយៈពេលជាង៣ឆ្នាំហើយ ដែលគណបក្សសង្គ្រោះជាតិត្រូវបានតុលាការកំពូលសម្រេចរំលាយចោល។ ក្នុងចន្លោះពេលនេះមន្ដ្រីនៃអតីតគណបក្សសង្គ្រោះជាតិ ក៏ពុំបានទទួលលទ្ធផលអ្វីក្នុងការទាមទារកន្លងមកដែរ។ មន្ដ្រីជាន់ខ្ពស់របស់អតីតគណបក្សនេះខ្លះបានចេញទៅក្រៅប្រទេស ហើយរហូតមកដល់បច្ចុប្បន្នក៏ពុំទាន់បានត្រឡប់មកវិញ។ អតីតមន្ត្រីនិងសកម្មជនខ្លះ ក៏រងការចោទប្រកាន់ពីបទ«ក្បត់ជាតិ» និង«រួមគំនិតក្បត់» ដើម្បីផ្ដួលរំលំរដ្ឋាភិបាលថែមទៀត៕
ដោយ៖ពេញ ផេង