អាមេរិក​លុបចោល​ដំណើរ​ទស្សនកិច្ច​ទៅ​កោះ​តៃវ៉ាន់​របស់ប្រសិត​ពិសេស​UN

13-01-2021 3:41 pm 252

​មន្ត្រី​អាមេរិក​ម្នាក់​និយាយថា ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ លោកស្រីKelly Craft បាន​លុបចោល​ផែនការ​ធ្វើដំណើរ​ទៅកាន់​កោះ​តៃវ៉ាន់ ដែល​គ្រោង​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ពុធ​ទី​១៣​ខែ​មករា ស្រប​នឹង​ក្រសួងការបរទេស​ដែល​បាន​លុបចោល​ការធ្វើដំណើរ​ទៅ​បរទេស នៅមុន​ការរៀបចំ​ពិធី​ស្បថ​ចូល​កាន់តំណែង ប្រធានាធិបតី​របស់​លោកចូ បាយ​ដិន​។ បើតាម​ប្រមុខ​ការទូត​អាមេរិក​លោក​ម៉ៃ ផុម​ភីអូន​និយាយ​នៅ​ថ្ងៃទី​១២​ខែមករា​ថា រាល់​ការធ្វើដំណើ​នៅ​ចុង​សប្តាហ៍​នេះ ត្រូវ​លុបចោល​ទាំងអស់ រួមទាំង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​អឺរ៉ុប​ផងដែរ ដែលជា​ផ្នែក​មួយ​នៃ​ការផ្លាស់ប្តូរ​រដ្ឋាភិបាល​ថ្មី​នៅ​អាមេរិក​។​

ក្រសួងការបរទេស​តៃវ៉ាន់​និយាយ​នៅ​ថ្ងៃ​ពុធ​ថា ខ្លួន​បាន​យល់​និង​គោរព​នូវ​សេចក្តីសម្រេចចិត្ត​របស់​ក្រសួងការបរទេស​អាមេរិក ក្នុង​ការលុបចោល​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​Kelly Craft​។ នៅក្នុង​សេចក្តីថ្លែងការណ៍ ក្រសួងការបរទេស​តៃវ៉ាន់​មាន​ការសោកស្តាយ ដែល​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ​លោកស្រី​Kelly Craft មិនអាច​ដឹកនាំ​គណៈប្រតិភូ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​កោះ​តៃវ៉ាន់​ចាប់ពី​ថ្ងៃទី​១៣​ខែមករា​ដល់​ថ្ងៃទី​១៥​ខែ​មករា​តាម​ការគ្រោងទុក ប៉ុន្តែ​សូម​ស្វាគមន៍​ចំពោះ​លោកស្រី​Kelly Craft មក​បំពេញ​ទស្សនកិច្ច​នៅ​ពេលវេលា​សមស្រប​នាពេលខាងមុខ​។​

​គួរ​ជម្រាបជូន​ថា តាម​គម្រោង​លោកស្រី​Kelly Craft​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ​(UN) ត្រូវ​ធ្វើដំណើរ​ទៅដល់​កោះ​តៃវ៉ាន់​នៅ​ថ្ងៃទី​១៣​ខែមករា​ឆ្នាំ​២០២១ សម្រាប់​ដំណើរ​ទស្សនកិច្ច​រយៈពេល​៣​ថ្ងៃ​។ ផែនការ​ទស្សនកិច្ច​នេះ​ត្រូវ​បានប្រកាស បន្ទាប់ពី​អាមេរិក​បញ្ជាក់​ពី​ការលើកលែង​ការ​រឹត​ត្បឹត លើ​ទំនាក់ទំនង​រវាង​មន្ត្រីការទូត​អាមេរិក​និង​កោះ​តៃវ៉ាន់ ដែល​បានដាក់​ដោយ​ឯកតោភាគី​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ដើម្បី​ផ្សះផ្សារ​ជាមួយ​ចិន​។ 

​កោះ​តៃវ៉ាន់​បាន​អបអរសាទរ​យ៉ាងខ្លាំង ចំពោះ​ការផ្លាស់ប្តូរ​ទំនាក់ទំនង​ការទូត​នេះ​។ ផ្ទុយ​ពី​ចិន ដែលមាន​ការខកចិត្ត ហើយ​នៅពេល​ដឹងថា​អាមេរិក​បញ្ជូន​អ្នកការទូត​ជាន់ខ្ពស់​ទៅកាន់​កោះ​តៃវ៉ាន់ ចិន​បាន​ប្រតិកម្ម​យ៉ាងខ្លាំង និង​ថា​ទីក្រុង​វ៉ាស៊ីនតោន​កំពុងតែ​លេង​ជាមួយនឹង​ភ្លើង​។ អ្នកតំណាង​បេសកកម្ម​របស់​ចិន​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ​នៅ​ញូវយ៉ក បាន​ជំរុញ​ឲ្យ​ទីក្រុង​វ៉ាស៊ីនតោន​បញ្ឈប់​ការបង្កើត​ឧបសគ្គ សម្រាប់​ទំនាក់ទំនងរ​វាង​ចិន​និង​សហរដ្ឋអាមេរិក​តទៅទៀត​។ 

​ចិន​មិន​ពេញចិត្ត​នឹង​ការ​រឹតបន្តឹង​ចំណងទាក់ទង​គ្នា​រវាង​អាមេរិក​និង​តៃវ៉ាន់​ឡើយ ហើយ​ប្រឆាំង​ដាច់ខាត​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​មន្ត្រីជាន់ខ្ពស់​អាមេរិក​មកកាន់​កោះ​តៃវ៉ាន់ ដែល​ចិន​ចាត់ទុកជា​ខេត្ត​មួយ​របស់ខ្លួន​។ ដំណើរ​ទស្សនកិច្ច​ទៅកាន់​កោះ​តៃវ៉ាន់​ដោយ​មន្ត្រីជាន់ខ្ពស់​អាមេរិក​មុនៗ ចិន​បាន​បញ្ចេញ​កំហឹង​តាមរយៈ​ការបញ្ជូន​យន្តហោះ​ចម្បាំង ទៅ​ក្រវែល​ក្បែរៗ​កោះ​តៃវ៉ាន់​។ តួយ៉ាង ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​និង​សុខុមាលភាព​ពលរដ្ឋ​លោក​Alex Azar និង​អនុ​រដ្ឋមន្ត្រីក្រសួង​ការ​បរ​ទស​អាមេរិក​លោក​Keith Krach​ទទួលបន្ទុក​ផ្នែក​កំណើនសេដ្ឋកិច្ច​ថាមពល​និង​បរិស្ថាន ចន្លោះ​ខែសីហា​និង​ខែកញ្ញា​ជាដើម​៕ ដោយ​៖​អ៊ុន សុខ​ឡា​

 ពាក្យគន្លឹះ  អាមេរិកតៃវ៉ាន់

ព័ត៌មានផ្សេងទៀត