ក្នុងឆ្នាំ២០២០ការបង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​កើនឡើង​ជាង៣ពាន់ករណី

13-01-2021 2:23 pm 96

ក្នុងឆ្នាំ២០២០មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថានបានបង្រ្កាបទល្មើសធនធានធម្មជាតិចំនួន៨,៩១៧ ករណី ខណៈឆ្នាំ២០១៩បង្ក្រាបបានចំនួន៥,៤៧៥ករណី គឺមានការកើនឡើងចំនួន៣,៤៤២ករណីឬកើនឡើងប្រមាណ៣០%។ នេះគឺជាការលើកឡើងរបស់លោកនេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថាននៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។

លោកនេត្រ ភក្ត្រាបានឱ្យដឹងថានៅពេញមួយឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សទាំង១,២០០នាក់នៃក្រសួងបរិស្ថាន បានចុះល្បាតសរុបចំនួន២៧,៥៨៨លើក ខណៈការចុះល្បាតនៅឆ្នាំ២០១៩ចំនួន២៤,០៤៨លើក ពោល​គឺមានការចុះល្បាតមានការកើនឡើងចំនួន៣,៥៤០លើក។ ក្នុងការចុះល្បាតនេះ បទល្មើសដែលបង្ក្រាបបានភាគច្រើនជាបទល្មើសលួចកាប់ឈើ ការរុករានទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ ការបរបាញ់សត្វ និងការដាក់អន្ទាក់ចាប់សត្វ។

លោកបានបញ្ជាក់បន្ថែមថា នៅឆ្នាំ២០២០កន្លងទៅសំណុំរឿងបទល្មើសធនធានធម្មជាតិដែលត្រូវបានបញ្ជូនទៅកាន់តុលាការមានចំនួន៦០៥ករណី ហើយនៅឆ្នាំ២០២០មានការផាកពិន័យអន្តរការណ៍លើជនប្រព្រឹត្តល្មើសចំនួន៨៥៧ករណីនិងបទល្មើសដែលត្រូវធ្វើការអប់រំនិងធ្វើកិច្ចសន្យាមានចំនួន២,៩៤៦ករណី។ ក្នុងប្រតិបត្តិការចុះនៅឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សបានរឹបអូសរណាយន្តបានចំនួន ៤,០០៤គ្រឿង គឺមានការកើនឡើងប្រមាណ៥០០គ្រឿង ខណៈនៅឆ្នាំ២០១៩រណាយន្តដែលត្រូវបានរឹបអូសមានចំនួន៣,៤៩៤គ្រឿង។ ចំណែកអន្ទាក់ដែលត្រូវបានដោះចេញពីក្នុងឆ្នាំ២០២០មានចំនួន៤៣,២៧០អន្ទាក់ គឺមានការកើនឡើងជិត៤០០០អន្ទាក់ ខណៈនៅឆ្នាំ២០១៩កន្លងទៅមានត្រឹម៣៩,៣៨២អន្ទាក់។

ក្នុងនោះមន្ត្រីឧទ្យានុរក្សក៏បានដកហូតកាំភ្លើងកែច្នៃដែលប្រើសម្រាប់បរបាញ់សត្វបានចំនួន៧៣៧ដើម និងដកហូតឈើបានចំនួន២,៧១៨ម៉ែត្រគូប រថយន្ត២១៥គ្រឿង គោយន្តចំនួន៦១១គ្រឿង និងម៉ូតូចំនួន៥៩០គ្រឿង ៕

ដោយ៖ភិន សុភី 

ព័ត៌មានផ្សេងទៀត