Google​សម្រេច​បិទ​ឆា​ណែ​ល​Youtube​របស់​លោក​ត្រាំ​បណ្ដោះអាសន្ន​!

13-01-2021 2:21 pm 153

​ក្រុមហ៊ុន​Google​ឲ្យដឹង​នៅ​ថ្ងៃ​អង្គារ​ទី​១២​ខែ​មករា​ឆ្នាំ​២០២១​ថា ខ្លួន​បាន​ផ្អាក​ប៉ុស្តិ៍​ឬ​ឆា​ណែ​ល​យូ​ធូប​(Channel Youtube)​របស់​ប្រធានាធិបតី​ជិត​ផុត​អាណត្តិ​លោក​ដូណាល់ ត្រាំ​ហើយ ដោយសារតែ​លោក​បាន​រំលោភ​លើ​គោលការណ៍​របស់​ក្រុមហ៊ុន​មួយ​នេះ​។ រំលោភ​លើ​គោលការណ៍​ដោយហេតុ​ថា លោក​ត្រាំ​បាន​បង្ហោះ​វីដេអូ​បង្ហាញ​ពី​ការ​ញុះញង់​បង្ក​ឲ្យមាន​ហិង្សាឬ​ការបះបោរ​កាលពី​សប្ដាហ៍​មុន​។ ពោល ក្នុង​អំឡុង​ពេល​ផ្ទុះ​កុបកម្ម​ហិង្សា ដោយ​ក្រុម​អ្នកគាំទ្រ​លោក​ត្រាំ​នៅ​វិមាន​សភា​។ នេះ​បើ​តាម​ការចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​Reuters នៅ​រសៀល​ថ្ងៃ​ទី​១៣​ខែ​មករា​ឆ្នាំ​២០២១​នេះ​។​

​គួរបញ្ជាក់​ថា ឆា​នែ​ល​របស់​លោក​ត្រាំ​ត្រូវបាន​Youtube​រារាំង​មិន​ឲ្យ​បញ្ចូល​Upload​វីដេអូ​ថ្មីៗ ឬ​ការផ្សាយ​ផ្ទាល់​រយៈពេល​យ៉ាងតិច​៧​ថ្ងៃ​និង​អាច​លើសពីនេះ​ទៀតផង​។ ក្រៅពី​ផ្អាក​គណនី​YouTube ដែល​ជា​បណ្តាញ​សង្គម​ចែកចាយ​វីដេអូ​ដ៏​ធំ​បំផុត​របស់​ពិភពលោក ក៏​នៅ​មាន​ក្រុមហ៊ុន​Facebook​និង​Twitter​ផងដែរ ដែល​បាន​ផ្អាក​ឬ​បិទ​ការ​បង្ហោះ​របស់លោក​ត្រាំ​ដូចគ្នា ដោយ​សំអាង​លើ​ហេតុផល​ស្រដៀង​គ្នា​។ 

​ការផ្អាក​និង​បិទ​បណ្ដោះអាសន្ន​នូវ​ឆា​ណែ​ល ឬ​ការ​បង្ហោះ​របស់​ប្រធានាធិបតី​ជិត​ផុត​អាណត្តិ​រូប​នេះ​ពី​សំណាក់​ក្រុមហ៊ុន​បណ្ដាញ​សង្គម​ធំៗ​នៅ​អាមេរិក ធ្វើឡើង​បន្ទាប់​ពី​ផ្ទុះ​មាន​កុបកម្ម​ដែល​កើតចេញ​ពី​ក្រុម​អ្នកគាំទ្រ​លោក​ត្រាំ បាន​សម្រុកចូល​វិមាន​សភា​កាលពី​សប្តាហ៍​មុន​។ កុបកម្ម​ដែល​ផ្ទុះ​ជា​ហិង្សា​ដ៏​កម្រ​កើតមាន​នៅ​អាមេរិក​នេះ បាន​បណ្តាលឲ្យ​មាន​មនុស្ស​ចំនួន​០៥​នាក់​ស្លាប់​បាត់បង់​ជីវិត​ផងដែរ​។​

​គួរ​ជម្រាប​ថា ប៉ុស្តិ៍​ឬ​ឆា​ណែ​ល​យូ​ធូប​របស់​លោក​ដូណាល់ ត្រាំ​មាន​ចំនួន​អ្នក​ចុច​ជាវ​ឬ​តាមដាន​(Subscribe)​ចំនួន ២,៧៨​លាន​Subscribe​។ ម្យ៉ាង មុន​នឹង​ការឈាន​ដល់​ការបិទ​បណ្ដោះអាសន្ន​នេះដែរ លោក​ត្រាំ​បាន​បង្ហោះ​វីដេអូ​ចំនួន​៨​ចូលទៅ​ក្នុង​ឆា​ណែ​ល​របស់លោក​។ ជាក់ស្ដែង​នៅក្នុង​វីដេអូ​របស់លោក​នោះដែរ បាន​និយាយ​ដោយ​បង្ហាញ​ពី​ការ​ញុះ​ញ៉​ង់​ឲ្យមាន​ការតវ៉ា ទើប​ក្រុមហ៊ុន​Google​ដែលជា​អាណាព្យាបាល​របស់​បណ្ដាញ​សង្គម​Youtube​សម្រេច​បិទ​ឆា​ណែ​ល​របស់​លោក​បណ្ដោះអាសន្ន ខណៈ​ក្រុមហ៊ុន​Twitter​បាន​បិទ​គណនី​របស់​លោក​ត្រាំ​ចោល​ជា​អចិន្ត្រៃយ៍​តែម្តង​៕

​ដោយ​៖ យឺន សីហា​

 ពាក្យគន្លឹះ  Youtubeលោកត្រាំGoogle

ព័ត៌មានផ្សេងទៀត