​អ្នកស្រី​មូរ សុខ​ហួរ​​សុំ​ព្រះរាជអន្តរាគមន៍​​ពី​ព្រះមហាក្សត្រ​ឱ្យជួយ​ផ្ដល់​លិខិតឆ្លងដែន​និងទិ​ដ្ឋការ​​

13-01-2021 12:06 pm 1172

​នៅសល់តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​តែប៉ុណ្ណោះ ក្រុម​អតីត​គណបក្សប្រឆាំង ដែល​ដឹកនាំ​ដោយ​អ្នកស្រី​មូរ សុខ​ហួរ នឹងធ្វើ​មាតុភូមិ​និវត្ត​ជា​លើក​ទី​២​តាម​កាលកំណត់​របស់​ខ្លួន ពោលគឺ​នៅ​ថ្ងៃទី​១៥ មករា ហើយ​បើ​គ្មាន​ការប្រែប្រួល​ទេ​អ្នកស្រី​មូរ សុខ​ហួរ និង​សហកា​រីនឹង​មកដល់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី​១៧ ខែ​មករា ឆ្នាំ​២០២១​។ តែ​យ៉ាងណា​គេ​សង្កេតឃើញថា មុន​ថ្ងៃ​កំណត់​នៃ​ការប្រកាស​ធ្វើ​មាតុភូមិ​និវត្ត អ្នកស្រី​មូរ សុខ​ហួរ បាន​សរសេរ​លិខិត​ទូលថ្វាយ​ព្រះមហាក្សត្រ សុំឱ្យ​ព្រះអង្គ​ជួយ​ព្រះរាជអន្តរាគមន៍​ទៅ​រដ្ឋាភិបាល ឱ្យ​ផ្ដល់​លិខិតឆ្លងដែន និង​ទិដ្ឋ​ការជូន​ពួក​គេ​។ 

​តាមរយៈ​លិខិត​ទូលថ្វាយ​ព្រះមហាក្សត្រ​ចុះ​តាំងពី​ថ្ងៃទី​០៥ មករា ឆ្នាំ​២០២១ របស់​អ្នកស្រី​មូរ សុខ​ហួរ បាន​បញ្ជាក់ថា អ្នកស្រី និង​សហការី​ជាច្រើនរូប ដែល​កំពុង​រស់នៅ​និរទេស​ក្រៅប្រទេស ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ ធ្វើ​ការចោទប្រកាន់​ក្នុង​សំណុំ​រឿង​ជាច្រើន ដែលជា​សំណុំរឿង​នយោបាយ និង​បាន​កោះហៅ​ឱ្យចូល​សវនាការ ដែល​តុលាការ​រៀបចំ​បើក​តាំងពី​ខែវិច្ឆិកា និង​ខែធ្នូ ឆ្នាំ​២០២០ និង​បន្ត​រៀបចំ​បើក​ក្នុង​ខែមករា និង​ខែ​បន្តបន្ទាប់​ទៀត​ក្នុង​ឆ្នាំ​២០២១​នេះ​។ អ្នកស្រី​មូរ សុខ​ហួរ បាន​អះអាងថា អ្នកស្រី និង​សហការី ពិតជា​មានបំណង​និង​កំពុង​ព្យាយាម​រក​គ្រប់​មធ្យោបាយ​ឱ្យបាន​ធ្វើដំណើរ​ត្រឡប់​ទៅ​កម្ពុជា​វិញ ដើម្បី​ទៅ​តតាំង​ក្ដី​ក្នុង​សវនាការ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​កាលកំណត់ តែ​ត្រូវ​អាជ្ញាធរ​កម្ពុជា​រារាំង ដោយ​មិន​ផ្ដល់​លិខិតឆ្លងដែន និង​ទិដ្ឋ​ការឱ្យ​ឡើយ​។​

​បើតាម​អតីត​តំណាងរាស្ត្រ​និង​ជា​អនុប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ បាន​ហៅ​ការរារាំង​មិនឱ្យ​អ្នកស្រី និង​សហការី​ចូល​ប្រទេស​កំណើត​វិញ ហើយ​និង​ការបើក​សវនាការ​កាត់ក្ដី​ដោយ​គ្មាន​វត្តមាន​របស់ខ្លួន និង​សហការី ដែលជា​ជនជាប់ចោទ គឺជា​ការរំលោភបំពាន​យ៉ាងធ្ងន់ធ្ងរ​លើ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ធានា​អំពី​សិទ្ធិ​ទទួលបាន​ជំនុំជម្រះ​ក្ដី​ដោយ​ត្រឹមត្រូវ ស្មើភាព និង​យុត្តិធម៌​។ អ្នកស្រី​មូរ សុខ​ហួរ ចាត់ទុក​ការធ្វើ​បែបនេះ ក៏​ធ្វើឱ្យប៉ះពាល់​ដល់​ឯករាជ្យភាព​នៃ​អំណាចតុលាការ ព្រមទាំង​ឯកភាព​ជាតិ ការផ្សះផ្សា​ជាតិ និង​ផលប្រយោជន៍​ជាតិខ្មែរ យ៉ាង​ជាក់ច្បាស់​ផងដែរ​។ ដូច្នេះហើយ​ទើប​អ្នកស្រី​មូរ សុខ​ហួរ ទូលថ្វាយ​ព្រះមហាក្សត្រ ធ្វើ​ព្រះរាជ​អន្តរា​គន៍ ដើម្បីឱ្យ​ខ្លួន និង​សហការី អាច​ទទួលបាន​ការផ្ដល់​លិខិតឆ្លងដែន និង​ទិដ្ឋ​ការពី​រាជរដ្ឋាភិបាល ដើម្បី​អាច​វិល​ចូល​ប្រទេស​កម្ពុជា​វិញ​។​

​តែ​យ៉ាងណាក៏ដោយ​បើតាម​លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ធ្លាប់បាន​បញ្ជាក់ប្រាប់​វិទ្យុ​វាយោ​កាលពីពេល​ថ្មីៗ​នេះ​ថា អ្នកស្រី​មូរ សុខ​ហួរ និង​សហការី មិនអាច​ចូលមក​ប្រទេស​កម្ពុជា​បានទេ ប្រសិនបើ​អ្នកស្រី​មូរ សុខ​ហួរ និង​សហការី ប្រើ​លិខិតឆ្លងដែន​បរទេស ហើយ​គ្មានទិ​ដ្ឋការ​ដែល​អនុ​ញ្ញាត​ដោយ​រាជរដ្ឋាភិបាល នេះ​បើ​តាមច្បាប់​អន្តរជាតិ​។ តាមរយៈ​ការអះអាង​របស់​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​បែបនេះ ប្រហែល​អ្នកស្រី​មូរ និង​សហការី មិនអាច​ចូលមក​កម្ពុជា​បានទេ​។ មិនអាច​ចូល​បាន​ដោយសារ​អ្នកស្រី និង​សហការ​រី​គ្មាន​លិខិតឆ្លងដែន និង​ទិដ្ឋ​ការដែល​ផ្ដល់​ដោយ​រាជរដ្ឋាភិបាល​៕

ព័ត៌មានផ្សេងទៀត