នៅសល់តែប៉ុន្មានថ្ងៃទៀតតែប៉ុណ្ណោះ ក្រុមអតីតគណបក្សប្រឆាំង ដែលដឹកនាំដោយអ្នកស្រីមូរ សុខហួរ នឹងធ្វើមាតុភូមិនិវត្តជាលើកទី២តាមកាលកំណត់របស់ខ្លួន ពោលគឺនៅថ្ងៃទី១៥ មករា ហើយបើគ្មានការប្រែប្រួលទេអ្នកស្រីមូរ សុខហួរ និងសហការីនឹងមកដល់ប្រទេសកម្ពុជានៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១។ តែយ៉ាងណាគេសង្កេតឃើញថា មុនថ្ងៃកំណត់នៃការប្រកាសធ្វើមាតុភូមិនិវត្ត អ្នកស្រីមូរ សុខហួរ បានសរសេរលិខិតទូលថ្វាយព្រះមហាក្សត្រ សុំឱ្យព្រះអង្គជួយព្រះរាជអន្តរាគមន៍ទៅរដ្ឋាភិបាល ឱ្យផ្ដល់លិខិតឆ្លងដែន និងទិដ្ឋការជូនពួកគេ។
តាមរយៈលិខិតទូលថ្វាយព្រះមហាក្សត្រចុះតាំងពីថ្ងៃទី០៥ មករា ឆ្នាំ២០២១ របស់អ្នកស្រីមូរ សុខហួរ បានបញ្ជាក់ថា អ្នកស្រី និងសហការីជាច្រើនរូប ដែលកំពុងរស់នៅនិរទេសក្រៅប្រទេស ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ធ្វើការចោទប្រកាន់ក្នុងសំណុំរឿងជាច្រើន ដែលជាសំណុំរឿងនយោបាយ និងបានកោះហៅឱ្យចូលសវនាការ ដែលតុលាការរៀបចំបើកតាំងពីខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២០ និងបន្តរៀបចំបើកក្នុងខែមករា និងខែបន្តបន្ទាប់ទៀតក្នុងឆ្នាំ២០២១នេះ។ អ្នកស្រីមូរ សុខហួរ បានអះអាងថា អ្នកស្រី និងសហការី ពិតជាមានបំណងនិងកំពុងព្យាយាមរកគ្រប់មធ្យោបាយឱ្យបានធ្វើដំណើរត្រឡប់ទៅកម្ពុជាវិញ ដើម្បីទៅតតាំងក្ដីក្នុងសវនាការរបស់សាលាដំបូងរាជធានីភ្នំពេញ តាមកាលកំណត់ តែត្រូវអាជ្ញាធរកម្ពុជារារាំង ដោយមិនផ្ដល់លិខិតឆ្លងដែន និងទិដ្ឋការឱ្យឡើយ។
បើតាមអតីតតំណាងរាស្ត្រនិងជាអនុប្រធានអតីតគណបក្សសង្គ្រោះជាតិរូបនេះ បានហៅការរារាំងមិនឱ្យអ្នកស្រី និងសហការីចូលប្រទេសកំណើតវិញ ហើយនិងការបើកសវនាការកាត់ក្ដីដោយគ្មានវត្តមានរបស់ខ្លួន និងសហការី ដែលជាជនជាប់ចោទ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលធានាអំពីសិទ្ធិទទួលបានជំនុំជម្រះក្ដីដោយត្រឹមត្រូវ ស្មើភាព និងយុត្តិធម៌។ អ្នកស្រីមូរ សុខហួរ ចាត់ទុកការធ្វើបែបនេះ ក៏ធ្វើឱ្យប៉ះពាល់ដល់ឯករាជ្យភាពនៃអំណាចតុលាការ ព្រមទាំងឯកភាពជាតិ ការផ្សះផ្សាជាតិ និងផលប្រយោជន៍ជាតិខ្មែរ យ៉ាងជាក់ច្បាស់ផងដែរ។ ដូច្នេះហើយទើបអ្នកស្រីមូរ សុខហួរ ទូលថ្វាយព្រះមហាក្សត្រ ធ្វើព្រះរាជអន្តរាគន៍ ដើម្បីឱ្យខ្លួន និងសហការី អាចទទួលបានការផ្ដល់លិខិតឆ្លងដែន និងទិដ្ឋការពីរាជរដ្ឋាភិបាល ដើម្បីអាចវិលចូលប្រទេសកម្ពុជាវិញ។
តែយ៉ាងណាក៏ដោយបើតាមលោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ធ្លាប់បានបញ្ជាក់ប្រាប់វិទ្យុវាយោកាលពីពេលថ្មីៗនេះថា អ្នកស្រីមូរ សុខហួរ និងសហការី មិនអាចចូលមកប្រទេសកម្ពុជាបានទេ ប្រសិនបើអ្នកស្រីមូរ សុខហួរ និងសហការី ប្រើលិខិតឆ្លងដែនបរទេស ហើយគ្មានទិដ្ឋការដែលអនុញ្ញាតដោយរាជរដ្ឋាភិបាល នេះបើតាមច្បាប់អន្តរជាតិ។ តាមរយៈការអះអាងរបស់អ្នកនាំពាក្យគណបក្សប្រជាជនបែបនេះ ប្រហែលអ្នកស្រីមូរ និងសហការី មិនអាចចូលមកកម្ពុជាបានទេ។ មិនអាចចូលបានដោយសារអ្នកស្រី និងសហការរីគ្មានលិខិតឆ្លងដែន និងទិដ្ឋការដែលផ្ដល់ដោយរាជរដ្ឋាភិបាល៕