អេ​ស្ប៉ាញ​ចុះ​ត្រជាក់​ខ្លាំង​ដល់​-២៥​អង្សា​សេ​សម្លាប់​មនុស្ស​៧​នាក់​

13-01-2021 11:38 am 357

​យ៉ាងហោច​ណាស់​មាន​មនុស្ស​៧​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​ប្រទេស​អេ​ស្ប៉ាញ​កាលពី​ពេល​ថ្មីៗ ខណៈ​អាកាសធាតុ​ក្នុង​ប្រទេស​នេះ​បាន​ចុះ​ត្រជាក់​ខ្លាំង​រហូត​ដល់​-២៥​អង្សា​សេ បន្ទាប់ពី​មាន​ព្យុះ​ទឹក​កកធំ​មួយ​បាន​បោកបក់​មក​។ ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង​៧​នាក់ មាន​នៅ​ទីក្រុង​បា​សេ​ឡូ​ណា​ចំនួន​២​នាក់ ទីក្រុង​ម៉ា​ឌ្រី​ត​២​នាក់ ទីក្រុង​ម៉ា​ឡា​ហ្កា​២​នាក់​និង​ម្នាក់​នៅ​ទីក្រុង​ហ្សា​រ៉ា​ហ្គោ​ហ្សា​។​

​ឆ្លើយតប​ទៅនឹង​អាកាសធាតុ​ដ៏​ត្រជាក់​ពុំ​ធ្លាប់មាន​ក្នុង​រយៈពេល​២០​ឆ្នាំ​ចុងក្រោយ​នេះ អាជ្ញាធ​រអេ​ស្ប៉ាញ​បាន​អំពាវនាវ​ឲ្យ​មនុស្ស​ចាស់​ស្នាក់នៅ​តែ​ក្នុង​ផ្ទះ ព្រោះ​មនុស្ស​ចាស់​ជា​វ័យ​ដែល​មាន​ហានិភ័យ​បំផុត  អាច​រង​គ្រោះថ្នាក់​ខ្លាំង​បំផុត​ពី​អាកាសធាតុ​ដ៏​ត្រជាក់​នេះ​។ 

​សូមបញ្ជាក់​ថា តំបន់​ដែល​រងគ្រោះ​ខ្លាំង​ជាង​គេ​នៅអេ​ស្ប៉ាញ​មាន​ពីរ គឺ​តំបន់​Molina de Aragón និង​តំបន់​Teruel​។ តំបន់​ទាំងពីរ​នេះ​ជា​តំបន់ភ្នំ​ស្ថិតនៅ​ភាគ​ខាងកើត​ប្រទេស​អេ​ស្ប៉ា​ញ​។​

​ដោយឡែក​ក្រៅពី​ហានិភ័យ​ដោយ​ភាព​ត្រជាក់​ខ្លាំង ក៏​មាន​មនុស្ស​ជាច្រើន​បាន​ជួប​គ្រោះថ្នាក់​ដោយសារ​តែ​ផ្ទាំង​ទឹកកក​ផងដែរ​។ ជាក់ស្ដែង​បើ​យោង​តាម​ការចុះផ្សាយ​ដោយ​កាសែត​El Mundo​ឲ្យដឹងថា អេ​ស្ប៉ាញ​មាន​មនុស្ស​រងរបួស​រអិល​បាក់ឆ្អឹង​ដល់​ទៅ​១,២០០​នាក់​ក្នុង​មួយថ្ងៃ​។ 

​មិនតែប៉ុណ្ណោះ ស្ថានភាព​ត្រជាក់​នេះ​ក៏​បាន​បង្ក​ជា​ភាព​រាំងស្ទះ​មួយចំនួន​ទៀត​ដែរ ដោយ​វា​បាន​រំខាន​ដល់​ការ​ចរាចរណ៍​របស់​ខ្សែ​រថភ្លើង​ជាច្រើន​។ លើសពីនេះ សម្រាប់​ជើងហោះហើរ​ក៏​ត្រូវ​បាន​បិទ​បណ្ដោះអាសន្ន​។ តំបន់​ខ្លះ​បាន​ជួប​បញ្ហា​ដាច់​ចរន្តអគ្គិសនី និង​ផ្ដល់​ជា​ផលវិបាក​យ៉ាងខ្លាំង​ក្នុង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​អេ​ស្ប៉ា​ញ​។​

​យ៉ាង​ណា​ពេល​នេះ​រដ្ឋាភិបា​លអេ​ស្ប៉ាញ​បានបញ្ចេញ​យានយន្ត​ឈូសឆាយ​ព្រិល​ចំនួន​១,៣០០​គ្រឿង​រួចហើយ ដើម្បី​ចេញ​ប្រតិបត្តិការ​រុញ​សម្អាត​ព្រិល​ចេញពី​ផ្លូវ​ដែល​មាន​ចម្ងាយ​១២,១០០ គីឡូម៉ែត្រ​។ តែ​ទោះបីជា​មាន​ចំណាត់ការ​នេះ​ក៏ដោយ នៅតែ​មាន​ករណី​គ្រោះថ្នាក់​កើតឡើង​ជា​បន្តបន្ទាប់​កើតចេញ​ពី​ការ​រអិល​ដោយសារ​ផ្ទាំង​ព្រិល​ដដែល​៕ ដោយ​៖ យឺន សីហា​

ព័ត៌មានផ្សេងទៀត