រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្រេចបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលជំនាញសាធារណការ និងដឹកជញ្ជូនជាលើកដំបូងនៅកម្ពុជា ដើម្បីបង្កើនធនធានមនុស្សលើជំនាញសាធារណការ និងដឹកជញ្ជូន ដោយផ្តោតជាសំខាន់លើការបណ្តុះបណ្តាលជំនាញសាងសង់ផ្លូវ និងស្ពាន។
វិទ្យាស្ថាននេះមានឈ្មោះថា «វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន» បង្កើតឡើងក្រោមការចាប់ដៃគ្នារវាងក្រសួងសាធារណការ ជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(តិចណូ) ដែលត្រូវបានចុះអនុស្សារណៈយោគយល់គ្នា កាលពីថ្ងៃទី១២ ខែមករា ក្រោមវត្តមានលោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។
លោករដ្ឋមន្ត្រីស៊ុន ចាន់ថុល បានលើកឡើងថា មានស្នាដៃជាច្រើនដែលបុព្វបុរសខ្មែរបានកសាងឡើងក្នុងសម័យអង្គរ ដូចជាប្រាសាទ និងស្ពានដែលមានអាយុកាលរាប់ពាន់ឆ្នាំនៅក្នុងខេត្តសៀមរាប។ ប៉ុន្តែហេតុអ្វីបានជាខ្មែរនាពេលបច្ចុប្បន្នមិនអាចសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ទន្លេបាសាក និងទន្លេសាបបាន។ ដូច្នេះលោកសង្ឃឹមថា វិទ្យាស្ថាននេះ នឹងរួមចំណែកបណ្តុះបណ្តាលកូនខ្មែរក្នុងការសាងសង់ផ្លូវ ស្ពាន ដោយមិនពឹងលើអ្នកជំនាញបរទេសទៀតនោះទេ។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រីហង់ ជួនណារ៉ុន ក៏បង្ហាញក្តីសង្ឃឹមដូចគ្នាដែរថា និស្សិតដែលបញ្ចប់ការសិក្សាពីវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន អាចមានសមត្ថភាពសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ជាដើម ដើម្បីបង្ហាញនូវមោទនភាពសម្រាប់កូនខ្មែរនាថ្ងៃអនាគត៕ ដោយ៖ សៅ វិសាល