ពលករ​ខ្មែរ​​ត្រលប់មក​ពី​ថៃ​​០៦​នាក់​ទៀត​​ឆ្លងកូវី​ដ​១៩

13-01-2021 8:31 am 195

​ក្រសួងសុខាភិបាល​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែ​មករា ឆ្នាំ​២០២១​នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន បញ្ជាក់​ពី​ការរកឃើញ​ពលករ​ខ្មែរ​ដែល​ទើប​ត្រឡប់មក​ពី​ប្រទេស​ថៃ​ចំនួន​០៦​នាក់​ទៀត​ឆ្លង​ជំងឺ​កូវី​ដ​១៩​។ សម្រាប់​នៅថ្ងៃនេះ ក្រសួង​សុខាភិបាល​ក៏បាន​បញ្ជាក់ថា មិនមាន​អ្នកជំងឺ​ព្យាបាល​ជាសះស្បើយ​នោះទេ​។

ពលករ​ខ្មែរ​ទាំង​៦​នាក់​ដែល​ត្រឡប់មក​ពី​ប្រទេស​ថៃ​ហើយ​បាន​ឆ្លង​ជំងឺ​កូវី​ដ​១៩ រួម​មាន​ស្ត្រី​ជនជាតិ​ខ្មែរ អាយុ ៣៦​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​ឃុំ​ជ្រៃ ស្រុក​មោងឫស្សី ខេត្ត​បាត់ដំបង បាន​ធ្វើដំណើរ​មកពី​ប្រទេស​ថៃ មកដល់​កម្ពុជា​នៅ​ថ្ងៃទី​១១ ខែ​មករា​។ ស្ត្រី​ជនជាតិ​ខ្មែរ អាយុ ៣២​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​ភូមិ​ដូង ឃុំ​បឹងរាំង ស្រុក​កម្រៀង ខេត្ត​បាត់ដំបង បាន ធ្វើដំណើរ​មកពី​ប្រទេស​ថៃ មកដល់​កម្ពុជា​នៅ​ថ្ងៃទី​១១ ខែ​មករា​។ ស្ត្រី​ជនជាតិ​ខ្មែរ អាយុ ១៨​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​ស្រុក​ពាម​ជ ខេត្ត​ព្រៃវែង បាន​ធ្វើដំណើរ​មកពី ប្រទេស​ថៃ មកដល់​កម្ពុជា​នៅ​ថ្ងៃទី​១០ ខែ​មករា​។ ស្ត្រី​ជនជាតិ​ខ្មែរ អាយុ ២១​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​ស្រុក​ពាម​ជ ខេត្ត​ព្រៃវែង បាន​ធ្វើដំណើរ​មកពី ប្រទេស​ថៃ មកដល់​កម្ពុជា​នៅ​ថ្ងៃទី​១០ ខែ​មករា​។ ស្ត្រី​ជនជាតិ​ខ្មែរ អាយុ ២១​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​ភូមិ​ដូង ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្ត​បាត់ដំបង បាន​ធ្វើដំណើរ​មកពី​ប្រទេស​ថៃ មកដល់​កម្ពុជា​នៅ​ថ្ងៃទី​១១ ខែ​មករា ។​

​សូមបញ្ជាក់​ថា​លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​របស់​ស្ត្រី​ទាំង ០៥​រូប​ខាងលើនេះ ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី​ភ្នំពេញ គឺ​វិជ្ជមាន​វីរុស​កូវី​ដ​-១៩ ហើយ​បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវបាន​ដាក់​ឱ្យ​សម្រាក​ព្យាបាល​នៅ មន្ទីរពេទ្យបង្អែក​ខេត្ត​បន្ទាយមានជ័យ​។​

​រីឯ​ស្ត្រី​ជនជាតិ​ខ្មែរ អាយុ ៣២​ឆ្នាំ ដែល​មាន​អាសយដ្ឋាន​ស្នាក់​នៅ​ឃុំ​ធិបតី ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង បាន​ធ្វើដំណើរ​មកពី​ប្រទេស​ថៃ មកដល់​កម្ពុជា​នៅ​ថ្ងៃទី​១១ ខែ​មករា លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាករ​បស់​ស្ត្រី​រូប​នេះ ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី​ភ្នំពេញ គឺ វិជ្ជមាន​វីរុស​កូវី​ដ​-១៩ ហើយ​បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវបាន​ដាក់​ឱ្យ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​បាត់ដំបង​។​

​គួរ​ជម្រាបជូន​ថា គិត​មក​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០២១​នេះ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លងកូវី​ដ​១៩ សរុប​ចំនួន​៣៩៨​នាក់ ក្នុង​នោះ​អ្នក​ជាសះស្បើយ​ចំនួន ៣៧៦​នាក់ និង​អ្នក​សម្រាក​នៅ​មន្ទីរពេទ្យ​ចំនួន ២២​នាក់​៕
​ ព័ត៌មាន​បន្ថែម​នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ខាងក្រោម​៖


ព័ត៌មានផ្សេងទៀត