ឥណ្ឌូនេស៊ី​រកឃើញ​ប្រអប់​ខ្មៅ​របស់​យន្តហោះ​ដែល​ធ្លាក់​ចូល​សមុទ្រ​បាន​១​ហើយ​!

12-01-2021 5:53 pm 290

​ទីបំផុត​អាជ្ញាធរ​ឥណ្ឌូណេស៊ី​បាន​រកឃើញ និង​ស្រង់​ចេញពី​ទឹក​នូវ ប្រអប់​ខ្មៅ​១​ក្នុងចំណោម​២​របស់​យន្តហោះ​Sriwijaya ដែល​ធ្លាក់​ចូល​ក្នុង​សមុទ្រ​កាលពី​ថ្ងៃ​ទី​០៩​ខែ​មករា​ឆ្នាំ​២០២១​ហើយ​។ នេះ​បើ​តាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​Reuters​នៅ​ល្ងាច​ថ្ងៃ​អង្គារ៍​ទី​១២​ខែ​មករា​ឆ្នាំ​២០២១​។

សូមបញ្ជាក់​ថា វេលាម៉ោង២និង៤៥នាទីរសៀលថ្ងៃទី០៩មករាឆ្នាំ២០២១ យន្ដហោះ​ដឹក​អ្នកដំណើរ​ជើងហោះហើរ​ឈ្មោះ Sriwijaya Air Boeing 737 បាន​ហោះហើរ​ចេញ​ពី​រដ្ឋធានី​ចា​កាតា​នៅ ឆ្ពោះទៅ​កាន់​ទីក្រុង​Pontianak​នៃ​ខេត្ដ​West Kalimantan​។ យន្តហោះ​នេះ​គ្រោង​នឹង​ចុះចត​នៅ​ម៉ោង​៤​និង​១៥​នាទី​រសៀល​ថ្ងៃ​ដដែល​។ តែ​ជា​អស​កុសល​យន្តហោះ​បាន​បាត់​ពី​រ៉ា​ដា​នៅ​ប្រមាណ​៤​នាទី​បន្ទាប់​ពី​ហោះ​ចេញពី​អាកាសយានដ្ឋាន​នៃ​រដ្ឋធានី​ចា​កាតា​។ នៅ​ក្នុង​យន្តហោះ​ផ្ទុក​មនុស្ស​សរុប​ចំនួន​៦២​នាក់ រួម​មាន​អ្នកដំណើរ​៥០​នាក់ ហើយ​ក្នុងចំណោម​អ្នកដំណើ​រទាំង​៥០​នាក់​នេះ មាន​ក្មេងៗ​ចំនួន​៧​នាក់ ទារក​៣​នាក់ និង​បុគ្គលិក​យន្តហោះ​ចំនួន​១២​នាក់​ផង​ដែរ ដោយ​សុទ្ធតែជា​ជនជាតិ​ឥណ្ឌូនេស៊ី​ទាំងអស់​៕

ដោយ៖ យឺន សីហា


ព័ត៌មានផ្សេងទៀត