សាលក្រមផ្តន្ទាទោសលោកសម រង្ស៊ី ត្រូវបានយកទៅបិទនៅអតីតស្នាក់ការសង្គ្រោះជាតិ

12-01-2021 4:58 pm 149

សាលក្រមកាត់ទោស លោក សម រង្ស៉ី អតីតប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ ក្នុងសំណុំរឿង «ញុះញងឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ត្រូវបានសមត្ថកិច្ច យកទៅបិទនៅទីស្នាក់ការអតីតគណបក្សសង្រ្គោះជាតិ នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ នៅថ្ងៃទី១២ ខែមករានេះ។លោក សម រង្ស៉ី កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ២ឆ្នាំទៀត នៅក្នុងសំណុំរឿង «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ដែលលោកបានបង្ហោះហ្វេសបុកចោទប្រកាន់ញុះញង់លើ លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ ក្រៅពីកាត់ទោសឱ្យជាប់ពន្ធនាគារ២ឆ្នាំនេះ តុលាការក៏បានបង្គាប់ឱ្យ លោកសម រង្ស៉ី សងសំណងការខូចខាត និងជំងឺចិត្ត២ពាន់លានរៀល ទៅដើមបណ្តឹងផងដែរ។

បន្ថែមពីនេះសាលាដំបូងរាជធានីភ្នំពេញក៏បានបញ្ជាឱ្យសមត្ថកិច្ចតាមចាប់ខ្លួនលោក សម រង្ស៉ី មកផ្តន្ទាទោសតាមច្បាប់ខណៈដែលអតីតមេដឹកបក្សប្រឆាំងរូបនេះ បាននឹងកំពុងរត់គេចខ្លួននៅក្រៅប្រទេស។ ទោះជាយ៉ាងនេះក្តី ក្នុងពេលប្រកាសសាលក្រមខាងលើតុលាការក៏បានទុករយៈពេល១ខែ ដើម្បីឱ្យសាមីខ្លួន ប្តឹងជំទាស់តាមផ្លូវច្បាប់ ទៅកាន់សាលាឧទ្ធរណ៍ផងដែរ។
ក្រៅពីកាត់ទោសឱ្យជាប់ពន្ធនាគារ២ឆ្នាំ ក្នុងសំណុំរឿងខាងលើនេះ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ តុលាការក៏បានកាត់ទោស លោក សម រង្ស៉ី មួយករណីទៀតឱ្យជាប់ពន្ធនាគារ២ឆ្នាំទៀតផងដែរ នោះគឺករណីញុះញង់កុំឱ្យពលរដ្ឋសងបំណុលធនាគារ។

លោក សម រង្ស៊ី មានសំណុំរឿងស្អេះស្កះនៅកម្ពុជា ដោយក្នុងនោះមានទាំងសាលក្រមចូលជាស្ថាពរ និងបន្តនីតិវិធីមួយចំនួន។ ស្របពេលជាមួយគ្នានេះ កាលពីខែមិថុនា ឆ្នាំ២០២០ កន្លងទៅ លោក ក៏ត្រូវបានតុលាការព្រហ្មទណ្ឌទីក្រុងប៉ារីស ប្រទេសបារាំង សម្រេចដាក់ឲ្យស្ថិតនៅក្រោមការចោទប្រកាន់ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈលើបុគ្គល» ផងដែរ តាមបណ្តឹង លោក ឌី វីជ្ជា អគ្គស្នងការរងនគរបាលជាតិ ដែលជាកូនប្រុសរបស់ លោក ហុក ឡង់ឌី៕ ដោយ ៖ ឈឹម សុភទ្ទ 

ព័ត៌មានផ្សេងទៀត