លោកស្រីKelly Craftអគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ(UN) គ្រោងធ្វើដំណើរទៅដល់កោះតៃវ៉ាន់នៅថ្ងៃទី១៣ខែមករាឆ្នាំ២០២១ សម្រាប់ដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃ។ ដំណើរទស្សនកិច្ចរបស់អគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិរូបនេះ ត្រូវបានប្រកាសភ្លាមៗបន្ទាប់ពីអាមេរិកបានបញ្ជាក់ពីការលើកលែងការរឹតត្បឹត លើទំនាក់ទំនងរវាងមន្ត្រីការទូតអាមេរិកនិងកោះតៃវ៉ាន់ ដែលបានដាក់ដោយឯកតោភាគីអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដើម្បីផ្សះផ្សារជាមួយចិន។
កោះតៃវ៉ាន់បានអបអរសាទរយ៉ាងខ្លាំង ចំពោះការផ្លាស់ប្តូរទំនាក់ទំនងការទូតនេះ។ ផ្ទុយពីចិន ដែលមានការខកចិត្ត ហើយទំនងជាផ្ទុះកំហឹងកាន់តែខ្លាំងបន្ថែមទៀត នៅពេលដែលអាមេរិកបន្តបញ្ជូនអ្នកការទូតជាន់ខ្ពស់ ទៅកាន់កោះតៃវ៉ាន់ ដែលចិនចាត់ទុកជាខេត្តមួយរបស់ខ្លួនប៉ុណ្ណោះ។
គួរជម្រាបជូនដែរថា លោកស្រីKelly Craftនឹងក្លាយជាមន្ត្រីជាន់ខ្ពស់អាមេរិកទី៣ ដែលត្រូវបានបញ្ជូនទៅកាន់កោះនេះ ចាប់តាំងពីខែសីហាមក ហើយអ្នកការទូតជាន់ខ្ពស់ស្ត្រីរូបនេះ ក៏ប្រហែលជាមិនមែនជាមន្ត្រីការទូតចុងក្រោយបង្អស់របស់អាមេរិក ដែលបំពេញទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់នោះឡើយ៕ ដោយ៖អ៊ុន សុខឡា