លោក​ដូណាល់ ត្រាំ​​អាច​ប្រឈម​​ការចោទប្រកាន់​ទេ​​ក្រោយ​អស់តំណែង​?

12-01-2021 4:39 pm 533

​ប្រធានាធិបតី​អាមេ​រិក​លោក​ដូណាល់ ត្រាំ ខណៈដែល​ជិត​ដល់​ថ្ងៃ​ចប់​អាណត្ដិ​នៅ​ថ្ងៃទី​២០​មករា​ខាងមុខនេះ លោក​កំពុង​ប្រឈម​នឹង​ការទាមទារ​ឲ្យ​ចុះ​ចេញពី​តំណែង​មុន​កំណត់​។ បើតាម​ប្រធានរដ្ឋសភា​អាមេរិក​លោកស្រី​ណាន​ស៊ី ប៉េ​ឡូ​ស៊ី បើ​លោក​ត្រាំ​មិន​ព្រម​ទេនោះ​លោកស្រី​នឹង​រៀបចំ​ឲ្យមាន​សេចក្ដីព្រាង​មួយ​ចោទប្រកាន់​លើ​លោក​ត្រាំ​រួច​ដាក់ឲ្យ​បោះឆ្នោត​គាំទ្រ ហើយ​យក​វិសោធនកម្ម​ទី​២៥​នៃ​រដ្ឋធម្មនុញ្ញ​មក​ប្រើ​តែម្ដង​។ ចំពោះ​ការទទូច​ឲ្យ​លោក​ចុះ​ចេញពី​តំណែង បន្ទាប់ពី​មាន​បាតុកម្ម​ក្លាយជា​ហិង្សា​នៅ​វិមាន​សភា​កាលពី​ថ្ងៃទី​០៦​មករា រហូត​បណ្ដាលឲ្យ​ស្លាប់​មនុស្ស​៥​នាក់ ដែល​គេ​ចោទថា​លោក​ត្រាំ​ជា​អ្នក​ញុះញង់​ពីក្រោយ​។ ក៏មាន​ជា​ចម្ងល់​កើតឡើង​ផងដែរ ថា​តើ​នៅពេល​លោក​ត្រាំ​ចប់​អាណត្ដិ​ទៅនឹង​ប្រឈម​ការចោទប្រកាន់​ឬទេ​?

​បើ​គិត​ក្នុង​សសរស្ដម្ភ​កណ្ដាល​នៃ​នយោបាយ​របស់​អាមេរិក ប្រធានាធិបតី​ត្រូវ​ទទួលយក​លទ្ធផល​ចាញ់ឆ្នោត​ដោយ​សេចក្ដីថ្លៃថ្នូរ​និង​ដោយ​ពេញចិត្ដ​។ ក្នុងពេល​ជាមួយគ្នា​អ្នក​ដែល​ចាញ់ឆ្នោត​ហើយ​មិន​ត្រូវបាន​គេ​ដាក់ទោស ឬ​ជាប់ពន្ធនាគារ​នោះទេ​ចំពោះ​ការធ្វើសកម្មភាព​នានា​ក្នុងពេល​កាន់អំណាច​។ ត្រង់នេះ​សហរដ្ឋអាមេរិក​ហាក់​ខុសប្លែក​ពី​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ​មួយចំនួន ដូចជា​ប្រេ​ស៊ីលនិង​កូរ៉េខាងត្បូង ដែល​ប្រធានាធិបតី​ត្រូវ​ជាប់ពន្ធនាគារ​នៅពេល​គូប្រជែង​របស់គេ​ដណ្ដើម​អំណាច​បាន​។​

​តាមរយៈ​សារ​ដែល​គេ​គិតថា​ដាស់តឿន​ឬ​ញុះញង់​អ្នកគាំទ្រ​ឲ្យទៅ​អុកឡុ​កនៅ​វិមាន​រដ្ឋសភា​(Capitol Hill) លោក​ដូណាល់ ត្រាំ​ហាក់ដូចជា​បាន​បញ្ចេញ​កម្លាំង​មួយ​ដែល​អាចធ្វើឲ្យ​លោកត្រូវ​ខ្ទាត​ចេញពី​តំណែង​មុន​ថ្ងៃ​កំណត់​២០​មករា​។ ក្នុងនោះ​លោក​ត្រូវបាន​គេ​មើលឃើញថា​អាច​ប្រឈម​ការចោទប្រកាន់​ពី​បទឧក្រិដ្ឋ​ផងដែរ ក្រោយពេល​ចប់​តំណែង​ប្រធានាធិបតី ហើយនឹង​បន្ដ​ធ្វើឲ្យប៉ះពាល់​ដល់​កេរ្ដិ៍ឈ្មោះ​ដែល​លោក​បាន​ខិតខំ​បង្កើត​យ៉ាង​លំបាកលំបិន​កន្លងមក​។ 

​នៅ​ទីបំផុត​លោក​ត្រាំ​បាន​ប្ដេជ្ញាចិត្ដ​ក្នុង​ការផ្លាស់ប្ដូរ​អំណាច​ដោយ​រលូន នៅក្នុង​សារ​ជា​វីដេអូ​មួយ​ចេញផ្សាយ​ក្នុងពេល​ជាង​២៤​ម៉ោង បន្ទាប់ពី​មាន​ភាពចលាចល​នៅ​វិមាន​សភា​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​៥​នាក់​និង​ចាប់ខ្លួន​ជាច្រើន​នាក់​។ 

​ប៉ុន្ដែ​មាន​មនុស្ស​ច្រើនណាស់​ឆ្ងល់​ថា ហេតុអ្វី​បានជា​លោក​នៅតែ​បន្ដ​តវ៉ា​នឹង​លទ្ធផល​ឆ្នោត​កាលពី​ខែវិច្ឆិកា​ឆ្នាំមុន​? បើជា​អ្នកផ្សេង​ទំនង​នឹង​ទទួលយក​លទ្ធផល​បរា​ជ័យ​បាត់ទៅហើយ នៅពេលដែល​ច្បាស់​ថា​លោកចូ បាយ​ដិនបាន​ឈ្នះឆ្នោត​។ 

​ក្នុង​រយៈពេល​ពីរ​ខែ​ចុងក្រោយ​លោក​ត្រាំ​ក៏​អាច​ដកខ្លួន​ពី​ការដឹកនាំ​ធ្វើ​រឿង​មិនល្អ​ទៅកាន់​អ្នកគាំទ្រ ដោយ​លោក​អាច​យក​ពេលមុន​ចប់​អាណត្ដិ​នេះទៅ​ដឹកនាំ​ប្រឆាំងនឹង​រោគរាតត្បា​តកូ​វីដ​-១៩ ព្យាបាល​របួសស្នាម​ឬ​ដុសខាត់​គណបក្ស​សាធារណរដ្ឋ​ឲ្យ​កាន់តែ​ល្អប្រសើរ ព្រមទាំង​បង្ហាញ​ពី​ទឹកចិត្ដ​សប្បុរសដល់​ក្រុមប្រឆាំ​ង​វិញជាការ​ល្អជាង​។​

​ភាព​ផ្សេងគ្នា​នៃ​នយោបាយ​និង​ជំនួញ

​ប្រហែលជា​ប្រធានាធិបតី​ទីមួយ​ក្នុង​ប្រវត្ដិសាស្ដ្រ​របស់​អាមេ​រិក ដែល​គ្មាន​បទពិសោធន៍​នយោបាយ​ពីមុន គឺ​លោក​ដូណាល់ ត្រាំ មិនបាន​ទទួលយក​ភាពខុសគ្នា​រវាង​រឿង​នយោបាយ​និង​រឿង​ជំនួញ​។ ក្នុង​រឿង​នយោបាយ​អ្នកឈ្នះ​និង​អ្នកចាញ់​មិន​បំផ្លាញ​គ្នា មិន​ធ្វើឲ្យប៉ះពាល់​ទម្លាប់​នយោបាយ និង​ស្ថាប័ន​នយោបាយ​នោះទេ​។ អ្នកនយោបាយ​ជើងចាស់​របស់​គណបក្ស​ទាំងពីរ​ដឹង​ច្បាស់​ថា ពួកគេ​នៅតែ​ត្រូវការ​គ្នា​ទៅវិញទៅមក​ក្នុង​ពេលអនាគត ហើយ​នៅ​ទីបំផុត​ពួកគេ​ត្រូវតែ​សហការគ្នា​ដោយ​ចៀស​មិន​រួច​ដើម្បី​គ្រប់គ្រង​ប្រទេសមួយ​បានល្អ​។ 

​ក្រោយពី​ផ្ទុះ​រឿងហេតុ​ដែល​មិន​នឹកស្មាន​ដល់​ក្រោយ​ការបោះឆ្នោត លោក​ត្រាំ​ពេលនេះ​ប្រឈម​នឹង​លទ្ធភាព​នៃ​ការយកមក​ប្រើប្រាស់​នូវ​វិសោធនកម្ម​ទី​២៥​នៃ​រដ្ឋធម្មនុញ្ញ​។ មេដឹកនាំ​ខាង​គណបក្ស​ប្រជាធិបតេយ្យ ហើយ​សូម្បីតែ​សមាជិក​គណបក្ស​សាធារណរដ្ឋ​មួយចំនួន​ក៏​ស្នើសុំ​ឲ្យប្រើ​វា​ដែរ​។ វិសោធនកម្ម​ទី​២៥​នៃ​រដ្ឋធម្មនុញ្ញ​អាមេរិក អនុញ្ញាតឲ្យ​អនុប្រធានា​ធិបតី​មាន​សិទ្ធិ​ទម្លាក់​ប្រធានាធិបតី​ចេញពី​តំណែង ដោយមាន​ការគាំទ្រ​ពី​សំឡេង​ភាគច្រើន​នៃ​គណៈរដ្ឋមន្ដ្រី ឬក៏​ជា​ការសម្រេចចិត្ដ​របស់​អនុ​ប្រធានាធិបតីនិង​គណៈកម្មការ​មួយដែល​បង្កើតឡើង​ដោយ​សភា ប្រសិនបើ​ពួកគេ​កំណត់​បាន​ហេតុផល​ច្បាស់លាស់​ថា លោក​ប្រធានាធិបតី​មិនអាច​ត្រូវ​បណ្ដេញចេញ​ពី​តំណែង​ឬ​ពី​តួនាទី​នោះ​។​

​នៅក្នុង​ប្រវត្ដិសាស្ដ្រ​របស់​អាមេ​រិក គ្មាន​អតីត​ប្រធានាធិបតី​ណា​ម្នាក់​ត្រូវបាន​ចោទប្រកាន់​ពី​ការប្រព្រឹត្ដ​បទឧក្រិដ្ឋ​នោះឡើយ​ក្រោយ​ចប់​អាណត្ដិ​។ នេះ​ក៏​ដោយសារតែ​ការមិន​បាន​គត់​ត្រាទុក​នូវ​ការយល់ឃើញ​ពី​ឥស្សរជន​នយោបាយ​អាមេរិក ឬក៏​អាច​និយាយបានថា​ជា​មេរៀន​ខ្វះចន្លោះ​នឹក​មិន​ដល់ ដែល​ការិយាល័យ​ប្រធានាធិបតី​និង​នយោបាយ​អាមេរិក អាច​ត្រូវ​រង​ភាពអាម៉ាស់​ដោយសារ​រឿង​ណាមួយ ជា​ឧទាហរណ៍​ដូច​អ្វី​កំពុង​កើតឡើង​បច្ចុប្បន្ន​។ 

​ការចោទប្រកាន់​អតីត​ប្រធានាធិបតី​ម្នាក់​ពី​បទឧក្រិដ្ឋ​ណាមួយ នោះ​នឹង​បង្កើត​លទ្ធភាព​នៃ​ការចោទប្រកាន់​ទៅលើ​អតីត​ប្រធានាធិបតី​ជា​បន្ដបន្ទាប់​ទៀត​ផងដែរ សម្រាប់​ហេតុផល​នយោបាយ គណបក្សនិយម ដែល​នឹង​បង្កើតជា​វដ្ដ​នៃ​ការចោទប្រកាន់​ដ៏​កាន់តែ​អាក្រក់​។ នៅពេលនេះ​ស្របតាម​ប្រពៃណី​របស់​អាមេរិក លោក​ត្រាំ​មិនទាន់​រង​ការចោទប្រកាន់​ជា​ផ្លូវការ​ណាមួយ​ទេ​។ យ៉ាងណាមិញ​នៅពេល​ចាកចេញ​ពី​តំណែង យ៉ាងហោចណាស់​ក៏មាន​ការស៊ើបអង្កេត​ព្រហ្មទណ្ឌ​មួយ​ដែរ​នៅក្នុង​ទីក្រុង​ញូវយ៉ក ទាក់ទង​នឹង​ដំណើរការ​នៅក្នុង​ក្រុមហ៊ុន​មួយ​របស់លោក​។ ករណី​ផ្សេងទៀត​ក៏​ទំនង​នឹង​អាច​ចាប់ផ្ដើម​បើក​ការស៊ើបអង្កេត​។​

​តើ​លោក​ត្រាំ​អាច​នឹង​លើកលែងទោស​ឲ្យ​ខ្លួនឯង​ឬទេ​?

​គ្មាន​ប្រធានាធិបតី​ណា​ម្នាក់​ដែល​លើកលែងទោស​ឲ្យ​ខ្លួនឯង​ខណៈពេល​កំពុងកាន់​អំណាច​នោះទេ ហើយក៏​គ្មាន​ប្រធានាធិបតី​ណាមួយ​ស្វែងរក​ការលើកលែងទោស​មុន​ការចោទប្រកាន់​ដែរ ស្របពេល​លោក​ត្រាំ​កំពុង​ត្រូវបាន​គេ​ពិចារណា​ទៅលើ​ការចោទប្រកាន់​នៅឡើយ​។ ធ្លាប់មាន​ស្ថានភាព​មួយ​កើតឡើង​ដែរ​ក្នុងអំឡុង​ឆ្នាំ​១៩៧៤ នៅពេល​ប្រធានាធិបតី​ជឺ​រ៉ាល ហ្វ​ដ​(Gerald Ford) លើកលែងទោស​ឲ្យ​អ្នកកាន់តំណែង​មុន​លោកគឺ​លោក​រី​ឆាដ និច​ហ្សុន​(Richard Nixon) ដែល​ចោទប្រកាន់​ពីបទ​ធ្វើឲ្យ​រាំងស្ទះ​ដល់​ដំណើរការ​យុត្ដិធ​ម៌​។​

​និយាយ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​ណាមួយ​ដើម្បី​ស្នើឲ្យ​មាន​ការលើកលែង​ទោស បើ​មាន​គឺ​អាចមាន​ទៅលើ​បញ្ហា​ដែល​លោក​បានកត់សម្គាល់​តាំងពី​ក្នុង​ពាក់កណ្ដាល​ឆ្នាំ​២០១៨​មកម្ល៉េះ ដែល​កាលនោះ​មាន​ការស៊ើបអង្កេត​ជុំវិញ​ការ​គប់គិត​រវាង​លោក​ត្រាំ​ជាមួយ​រុស្ស៊ី ទាក់ទង​នឹង​ការជ្រៀតជ្រែក​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ឆ្នាំ​២០១៦​របស់​រុស្ស៊ី​។ ប៉ុន្ដែ​លោក​ត្រាំ​ក៏បាន​ចោទ​ជា​សំណួរ​វិញ​ថា ហេតុអ្វី​ត្រូវធ្វើ​ដូច្នេះ​បើ​លោក​មិនបាន​ខុស​ផង​នោះ​? ការលើកលែងទោស​ឲ្យ​ខ្លួនឯង បើទោះបី​ជាទីបំផុត​ត្រូវបាន​ដាក់បញ្ចូល​ក្នុង​រដ្ឋធម្មនុញ្ញ​ក៏ដោយ ពិតណាស់​នឹង​ធ្វើឲ្យ​ខូច​ឈ្មោះ​ប្រធានាធិបតី​រូប​ណា​ដែល​ចង់បាន​ការលើកលែងទោស​នេះ​។ 

​ការកើនឡើង​នូវ​ភាព​បែកខ្ញែក​កាន់តែខ្លាំង​នៃ​នយោបាយ​របស់​អាមេរិក រួម​នឹង​ឥរិយាបថ​មិន​សមរម្យ​មួយចំនួន​របស់លោក​ដូណាល់ ត្រាំ អាច​នឹង​ក្លាយជា​ការថ្លឹងថ្លែង​មួយ​សម្រាប់​ស្ថាន​ប័ន​នយោបាយ ដែល​ចង់​ផ្ដល់​ការការពារ​ដល់​អតីត​ប្រធានាធិបតី​។ និយាយ​ពី​លោកចូ បាយដិ​ន​និង​អ្នកគាំទ្រ​របស់លោ​កអាច​សន្និដ្ឋានបានថា លោក​ត្រាំ​ពិតជា​ត្រូវ​ចោទប្រកាន់​នៅពេលដែល​អាណត្ដិ​របស់​លោកត្រូវ​បញ្ចប់ ដើម្បី​ជា​ការស្ដីបន្ទោស​ឬ​ទុកជា​ការព្រមាន​មួយ​សម្រាប់​អ្នក​កាន់តំណែង​នៅ​ពេលអនាគត​។ 

​ផ្ទុយទៅវិញ​ប្រសិនបើ​ការស៊ើបអង្កេត​ទទួលលទ្ធផល​រហូត​ឈានដល់​ការចោទប្រកាន់​លោក​ត្រាំ​មែន រដ្ឋបាល​របស់លោក​បាយដិ​ននៅពេលនោះ​អាច​ចេញ​នូវ​ការលើកលែងទោស​មួយ ដូច​លោក​ប្រធានាធិបតី​ហ្វ​ដ​បាន​លើកលែងទោស​ឲ្យ​លោក​ប្រធានាធិបតីនិច​ហ្សុន​អ៊ីចឹង​ដែរ​។ ធ្វើបែបនេះ​នឹង​ការពារ​សេចក្ដីថ្លៃថ្នូរ​មួយចំនួន​របស់​ការិយាល័យ​ប្រធានាធិបតី ខណៈ​កំពុងមាន​ការស្ដីបន្ទោស​លោក​ត្រាំ និង​រុញ​ឈ្មោះ​លោក​ត្រាំ​ទៅ​ក្បែរ​ឈ្មោះ​លោក​ប្រធានាធិបតីនិច​ហ្សុន ធ្លាប់ជា​ប្រធានាធិបតី​ម្នាក់​គត់​ត្រូវបាន​លើកលែងទោស​។ តែ​អ្វីដែល​ហួសចិត្ដ​នោះ​គឺថា វាសនា​និង​កេរ្ដិ៍ឈ្មោះ​ចុងក្រោយ​របស់លោក​ត្រាំ ប្រហែលជា​ស្ថិតក្នុង​ដៃគូ​ប្រជែង​របស់លោក ជា​មនុស្ស​ដែល​លោក​ត្រាំ​ផ្ទាល់​ចង់​កម្ចាយ​ចោល​គ្មាន​មេត្ដា​កន្លងមក​។​

​ការរំខាន​របស់លោក​ត្រាំ​ទៅលើ​ចំណុច​សំខាន់​មួយ​នៃ​នយោបាយ​អាមេរិក រំខាន​ការផ្ទេរអំណាច​ដោយ​សន្ដិ​វិធី​និង​សេចក្ដីថ្លៃថ្នូរ​បន្ទាប់ពី​ការបោះឆ្នោត ចង់​ឬ​មិន​ចង់​នឹង​បង្ក​ជា​ផលវិបាក​ច្រើន​ឆ្នាំ​ខាងមុខ​ទៀត​។ ប្រធានាធិបតី​នា​ពេលអនាគត​នឹង​មើលឃើញថា ចុងបញ្ចប់​នៃ​មួយ​អាណត្ដិ​ក្នុង​តំណែង​របស់​លោកត្រាំ ជា​មេរៀន​នៃ​អ្វីដែល​មិន​ត្រូវធ្វើ​៕

​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត