ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ ខណៈដែលជិតដល់ថ្ងៃចប់អាណត្ដិនៅថ្ងៃទី២០មករាខាងមុខនេះ លោកកំពុងប្រឈមនឹងការទាមទារឲ្យចុះចេញពីតំណែងមុនកំណត់។ បើតាមប្រធានរដ្ឋសភាអាមេរិកលោកស្រីណានស៊ី ប៉េឡូស៊ី បើលោកត្រាំមិនព្រមទេនោះលោកស្រីនឹងរៀបចំឲ្យមានសេចក្ដីព្រាងមួយចោទប្រកាន់លើលោកត្រាំរួចដាក់ឲ្យបោះឆ្នោតគាំទ្រ ហើយយកវិសោធនកម្មទី២៥នៃរដ្ឋធម្មនុញ្ញមកប្រើតែម្ដង។ ចំពោះការទទូចឲ្យលោកចុះចេញពីតំណែង បន្ទាប់ពីមានបាតុកម្មក្លាយជាហិង្សានៅវិមានសភាកាលពីថ្ងៃទី០៦មករា រហូតបណ្ដាលឲ្យស្លាប់មនុស្ស៥នាក់ ដែលគេចោទថាលោកត្រាំជាអ្នកញុះញង់ពីក្រោយ។ ក៏មានជាចម្ងល់កើតឡើងផងដែរ ថាតើនៅពេលលោកត្រាំចប់អាណត្ដិទៅនឹងប្រឈមការចោទប្រកាន់ឬទេ?
បើគិតក្នុងសសរស្ដម្ភកណ្ដាលនៃនយោបាយរបស់អាមេរិក ប្រធានាធិបតីត្រូវទទួលយកលទ្ធផលចាញ់ឆ្នោតដោយសេចក្ដីថ្លៃថ្នូរនិងដោយពេញចិត្ដ។ ក្នុងពេលជាមួយគ្នាអ្នកដែលចាញ់ឆ្នោតហើយមិនត្រូវបានគេដាក់ទោស ឬជាប់ពន្ធនាគារនោះទេចំពោះការធ្វើសកម្មភាពនានាក្នុងពេលកាន់អំណាច។ ត្រង់នេះសហរដ្ឋអាមេរិកហាក់ខុសប្លែកពីបណ្ដាប្រទេសប្រជាធិបតេយ្យមួយចំនួន ដូចជាប្រេស៊ីលនិងកូរ៉េខាងត្បូង ដែលប្រធានាធិបតីត្រូវជាប់ពន្ធនាគារនៅពេលគូប្រជែងរបស់គេដណ្ដើមអំណាចបាន។
តាមរយៈសារដែលគេគិតថាដាស់តឿនឬញុះញង់អ្នកគាំទ្រឲ្យទៅអុកឡុកនៅវិមានរដ្ឋសភា(Capitol Hill) លោកដូណាល់ ត្រាំហាក់ដូចជាបានបញ្ចេញកម្លាំងមួយដែលអាចធ្វើឲ្យលោកត្រូវខ្ទាតចេញពីតំណែងមុនថ្ងៃកំណត់២០មករា។ ក្នុងនោះលោកត្រូវបានគេមើលឃើញថាអាចប្រឈមការចោទប្រកាន់ពីបទឧក្រិដ្ឋផងដែរ ក្រោយពេលចប់តំណែងប្រធានាធិបតី ហើយនឹងបន្ដធ្វើឲ្យប៉ះពាល់ដល់កេរ្ដិ៍ឈ្មោះដែលលោកបានខិតខំបង្កើតយ៉ាងលំបាកលំបិនកន្លងមក។
នៅទីបំផុតលោកត្រាំបានប្ដេជ្ញាចិត្ដក្នុងការផ្លាស់ប្ដូរអំណាចដោយរលូន នៅក្នុងសារជាវីដេអូមួយចេញផ្សាយក្នុងពេលជាង២៤ម៉ោង បន្ទាប់ពីមានភាពចលាចលនៅវិមានសភាបណ្ដាលឲ្យមនុស្សស្លាប់៥នាក់និងចាប់ខ្លួនជាច្រើននាក់។
ប៉ុន្ដែមានមនុស្សច្រើនណាស់ឆ្ងល់ថា ហេតុអ្វីបានជាលោកនៅតែបន្ដតវ៉ានឹងលទ្ធផលឆ្នោតកាលពីខែវិច្ឆិកាឆ្នាំមុន? បើជាអ្នកផ្សេងទំនងនឹងទទួលយកលទ្ធផលបរាជ័យបាត់ទៅហើយ នៅពេលដែលច្បាស់ថាលោកចូ បាយដិនបានឈ្នះឆ្នោត។
ក្នុងរយៈពេលពីរខែចុងក្រោយលោកត្រាំក៏អាចដកខ្លួនពីការដឹកនាំធ្វើរឿងមិនល្អទៅកាន់អ្នកគាំទ្រ ដោយលោកអាចយកពេលមុនចប់អាណត្ដិនេះទៅដឹកនាំប្រឆាំងនឹងរោគរាតត្បាតកូវីដ-១៩ ព្យាបាលរបួសស្នាមឬដុសខាត់គណបក្សសាធារណរដ្ឋឲ្យកាន់តែល្អប្រសើរ ព្រមទាំងបង្ហាញពីទឹកចិត្ដសប្បុរសដល់ក្រុមប្រឆាំងវិញជាការល្អជាង។
ភាពផ្សេងគ្នានៃនយោបាយនិងជំនួញ
ប្រហែលជាប្រធានាធិបតីទីមួយក្នុងប្រវត្ដិសាស្ដ្ររបស់អាមេរិក ដែលគ្មានបទពិសោធន៍នយោបាយពីមុន គឺលោកដូណាល់ ត្រាំ មិនបានទទួលយកភាពខុសគ្នារវាងរឿងនយោបាយនិងរឿងជំនួញ។ ក្នុងរឿងនយោបាយអ្នកឈ្នះនិងអ្នកចាញ់មិនបំផ្លាញគ្នា មិនធ្វើឲ្យប៉ះពាល់ទម្លាប់នយោបាយ និងស្ថាប័ននយោបាយនោះទេ។ អ្នកនយោបាយជើងចាស់របស់គណបក្សទាំងពីរដឹងច្បាស់ថា ពួកគេនៅតែត្រូវការគ្នាទៅវិញទៅមកក្នុងពេលអនាគត ហើយនៅទីបំផុតពួកគេត្រូវតែសហការគ្នាដោយចៀសមិនរួចដើម្បីគ្រប់គ្រងប្រទេសមួយបានល្អ។
ក្រោយពីផ្ទុះរឿងហេតុដែលមិននឹកស្មានដល់ក្រោយការបោះឆ្នោត លោកត្រាំពេលនេះប្រឈមនឹងលទ្ធភាពនៃការយកមកប្រើប្រាស់នូវវិសោធនកម្មទី២៥នៃរដ្ឋធម្មនុញ្ញ។ មេដឹកនាំខាងគណបក្សប្រជាធិបតេយ្យ ហើយសូម្បីតែសមាជិកគណបក្សសាធារណរដ្ឋមួយចំនួនក៏ស្នើសុំឲ្យប្រើវាដែរ។ វិសោធនកម្មទី២៥នៃរដ្ឋធម្មនុញ្ញអាមេរិក អនុញ្ញាតឲ្យអនុប្រធានាធិបតីមានសិទ្ធិទម្លាក់ប្រធានាធិបតីចេញពីតំណែង ដោយមានការគាំទ្រពីសំឡេងភាគច្រើននៃគណៈរដ្ឋមន្ដ្រី ឬក៏ជាការសម្រេចចិត្ដរបស់អនុប្រធានាធិបតីនិងគណៈកម្មការមួយដែលបង្កើតឡើងដោយសភា ប្រសិនបើពួកគេកំណត់បានហេតុផលច្បាស់លាស់ថា លោកប្រធានាធិបតីមិនអាចត្រូវបណ្ដេញចេញពីតំណែងឬពីតួនាទីនោះ។
នៅក្នុងប្រវត្ដិសាស្ដ្ររបស់អាមេរិក គ្មានអតីតប្រធានាធិបតីណាម្នាក់ត្រូវបានចោទប្រកាន់ពីការប្រព្រឹត្ដបទឧក្រិដ្ឋនោះឡើយក្រោយចប់អាណត្ដិ។ នេះក៏ដោយសារតែការមិនបានគត់ត្រាទុកនូវការយល់ឃើញពីឥស្សរជននយោបាយអាមេរិក ឬក៏អាចនិយាយបានថាជាមេរៀនខ្វះចន្លោះនឹកមិនដល់ ដែលការិយាល័យប្រធានាធិបតីនិងនយោបាយអាមេរិក អាចត្រូវរងភាពអាម៉ាស់ដោយសាររឿងណាមួយ ជាឧទាហរណ៍ដូចអ្វីកំពុងកើតឡើងបច្ចុប្បន្ន។
ការចោទប្រកាន់អតីតប្រធានាធិបតីម្នាក់ពីបទឧក្រិដ្ឋណាមួយ នោះនឹងបង្កើតលទ្ធភាពនៃការចោទប្រកាន់ទៅលើអតីតប្រធានាធិបតីជាបន្ដបន្ទាប់ទៀតផងដែរ សម្រាប់ហេតុផលនយោបាយ គណបក្សនិយម ដែលនឹងបង្កើតជាវដ្ដនៃការចោទប្រកាន់ដ៏កាន់តែអាក្រក់។ នៅពេលនេះស្របតាមប្រពៃណីរបស់អាមេរិក លោកត្រាំមិនទាន់រងការចោទប្រកាន់ជាផ្លូវការណាមួយទេ។ យ៉ាងណាមិញនៅពេលចាកចេញពីតំណែង យ៉ាងហោចណាស់ក៏មានការស៊ើបអង្កេតព្រហ្មទណ្ឌមួយដែរនៅក្នុងទីក្រុងញូវយ៉ក ទាក់ទងនឹងដំណើរការនៅក្នុងក្រុមហ៊ុនមួយរបស់លោក។ ករណីផ្សេងទៀតក៏ទំនងនឹងអាចចាប់ផ្ដើមបើកការស៊ើបអង្កេត។
តើលោកត្រាំអាចនឹងលើកលែងទោសឲ្យខ្លួនឯងឬទេ?
គ្មានប្រធានាធិបតីណាម្នាក់ដែលលើកលែងទោសឲ្យខ្លួនឯងខណៈពេលកំពុងកាន់អំណាចនោះទេ ហើយក៏គ្មានប្រធានាធិបតីណាមួយស្វែងរកការលើកលែងទោសមុនការចោទប្រកាន់ដែរ ស្របពេលលោកត្រាំកំពុងត្រូវបានគេពិចារណាទៅលើការចោទប្រកាន់នៅឡើយ។ ធ្លាប់មានស្ថានភាពមួយកើតឡើងដែរក្នុងអំឡុងឆ្នាំ១៩៧៤ នៅពេលប្រធានាធិបតីជឺរ៉ាល ហ្វដ(Gerald Ford) លើកលែងទោសឲ្យអ្នកកាន់តំណែងមុនលោកគឺលោករីឆាដ និចហ្សុន(Richard Nixon) ដែលចោទប្រកាន់ពីបទធ្វើឲ្យរាំងស្ទះដល់ដំណើរការយុត្ដិធម៌។
និយាយពីកិច្ចខិតខំប្រឹងប្រែងណាមួយដើម្បីស្នើឲ្យមានការលើកលែងទោស បើមានគឺអាចមានទៅលើបញ្ហាដែលលោកបានកត់សម្គាល់តាំងពីក្នុងពាក់កណ្ដាលឆ្នាំ២០១៨មកម្ល៉េះ ដែលកាលនោះមានការស៊ើបអង្កេតជុំវិញការគប់គិតរវាងលោកត្រាំជាមួយរុស្ស៊ី ទាក់ទងនឹងការជ្រៀតជ្រែកក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០១៦របស់រុស្ស៊ី។ ប៉ុន្ដែលោកត្រាំក៏បានចោទជាសំណួរវិញថា ហេតុអ្វីត្រូវធ្វើដូច្នេះបើលោកមិនបានខុសផងនោះ? ការលើកលែងទោសឲ្យខ្លួនឯង បើទោះបីជាទីបំផុតត្រូវបានដាក់បញ្ចូលក្នុងរដ្ឋធម្មនុញ្ញក៏ដោយ ពិតណាស់នឹងធ្វើឲ្យខូចឈ្មោះប្រធានាធិបតីរូបណាដែលចង់បានការលើកលែងទោសនេះ។
ការកើនឡើងនូវភាពបែកខ្ញែកកាន់តែខ្លាំងនៃនយោបាយរបស់អាមេរិក រួមនឹងឥរិយាបថមិនសមរម្យមួយចំនួនរបស់លោកដូណាល់ ត្រាំ អាចនឹងក្លាយជាការថ្លឹងថ្លែងមួយសម្រាប់ស្ថានប័ននយោបាយ ដែលចង់ផ្ដល់ការការពារដល់អតីតប្រធានាធិបតី។ និយាយពីលោកចូ បាយដិននិងអ្នកគាំទ្ររបស់លោកអាចសន្និដ្ឋានបានថា លោកត្រាំពិតជាត្រូវចោទប្រកាន់នៅពេលដែលអាណត្ដិរបស់លោកត្រូវបញ្ចប់ ដើម្បីជាការស្ដីបន្ទោសឬទុកជាការព្រមានមួយសម្រាប់អ្នកកាន់តំណែងនៅពេលអនាគត។
ផ្ទុយទៅវិញប្រសិនបើការស៊ើបអង្កេតទទួលលទ្ធផលរហូតឈានដល់ការចោទប្រកាន់លោកត្រាំមែន រដ្ឋបាលរបស់លោកបាយដិននៅពេលនោះអាចចេញនូវការលើកលែងទោសមួយ ដូចលោកប្រធានាធិបតីហ្វដបានលើកលែងទោសឲ្យលោកប្រធានាធិបតីនិចហ្សុនអ៊ីចឹងដែរ។ ធ្វើបែបនេះនឹងការពារសេចក្ដីថ្លៃថ្នូរមួយចំនួនរបស់ការិយាល័យប្រធានាធិបតី ខណៈកំពុងមានការស្ដីបន្ទោសលោកត្រាំ និងរុញឈ្មោះលោកត្រាំទៅក្បែរឈ្មោះលោកប្រធានាធិបតីនិចហ្សុន ធ្លាប់ជាប្រធានាធិបតីម្នាក់គត់ត្រូវបានលើកលែងទោស។ តែអ្វីដែលហួសចិត្ដនោះគឺថា វាសនានិងកេរ្ដិ៍ឈ្មោះចុងក្រោយរបស់លោកត្រាំ ប្រហែលជាស្ថិតក្នុងដៃគូប្រជែងរបស់លោក ជាមនុស្សដែលលោកត្រាំផ្ទាល់ចង់កម្ចាយចោលគ្មានមេត្ដាកន្លងមក។
ការរំខានរបស់លោកត្រាំទៅលើចំណុចសំខាន់មួយនៃនយោបាយអាមេរិក រំខានការផ្ទេរអំណាចដោយសន្ដិវិធីនិងសេចក្ដីថ្លៃថ្នូរបន្ទាប់ពីការបោះឆ្នោត ចង់ឬមិនចង់នឹងបង្កជាផលវិបាកច្រើនឆ្នាំខាងមុខទៀត។ ប្រធានាធិបតីនាពេលអនាគតនឹងមើលឃើញថា ចុងបញ្ចប់នៃមួយអាណត្ដិក្នុងតំណែងរបស់លោកត្រាំ ជាមេរៀននៃអ្វីដែលមិនត្រូវធ្វើ៕
ដោយ៖ពេញ ផេង