ការពង្រីក​កំពង់ផែ​ជម្រៅ​១៧​ម៉ែត្រ​​នៅ​ព្រះសីហនុ​​សម្តៅ​ដោះស្រាយ​កំណើន​ពាណិជ្ជកម្ម​ផ្លូវទឹក​​

12-01-2021 10:36 am 793

​លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានឲ្យដឹងថា គម្រោង​សិ ក្សាពង្រីក​កំពង់ផែ​កុងតឺន័រជម្រៅ​១៤,៥​ម៉ែត្រ និង​១៧​ម៉ែត្រ នៅ​ខេត្ត​ព្រះសីហនុ ដែល​អាចឲ្យ​នាវា​ខ្នាត​ធំ​អាច​ចូលចត បាន សំដៅ​ដោះស្រាយ​កំណើន នៃ​ការធ្វើ​ពាណិជ្ជកម្ម​តាម​ផ្លូវទឹក​។​

​ក្នុង​ពិធី​អញ្ជើញ​ធ្វើ​បាឋ​កថា តាម​អន​ឡា​ញ (Online) ជូន​ដល់​កម្មសិក្សាការី និង​សិស្ស​មន្ត្រីជាន់ខ្ពស់​ជំនាន់​ទី​១១ នៃ​សាលា​ភូមិន្ទ​រដ្ឋបាល កាលពី​ថ្ងៃទី​១១ ខែ​មករា ឆ្នាំ​២០២១ លោក ស៊ុន ចាន់ថុល បាន​ថ្លែងថា «​គម្រោង​សិក្សា​លើ ការពង្រីក​កំពង់ផែ​កុងតឺន័រ​ជម្រៅ​១៤,៥​ម៉ែត្រ និង​១៧​ម៉ែត្រ​នៅ​ខេត្ត​ព្រះសីហនុ ដែល​អាចឲ្យ​នាវា​ខ្នាត​ធំ​អាច​ចូលចត បាន សំដៅ​ដោះស្រាយ​កំណើន​នៃ​ការធ្វើ​ពាណិជ្ជកម្ម​តាមផ្លូវ​ទឹកជា​លំដាប់ ពី​មួយឆ្នាំ ទៅ​មួយឆ្នាំ​»​។​

​លោក​បន្ដថា ការអភិវឌ្ឍ​ផែនការមេ​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​នៅ​ខេត្ត​ព្រះសីហនុ ដើម្បី​ថែរក្សា​អនាម័យ និង​សោភ័ណភា ព​ទីក្រុង​ទេសចរណ៍​មួយ​នេះ ឲ្យ​កាន់តែ​ប្រសើរឡើង និង​ទាក់ទាញ​វិនិយោគិន ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ឲ្យ ចូលមក​បណ្ដាក់ទុន និង​ទស្សនា​ខេត្ត​នេះ​ឲ្យ​កាន់តែច្រើន​ថែមទៀត​។​

​ជាងនេះទៅទៀត លោក​រដ្ឋមន្ដ្រីក្រសួង​សាធារណការ ក៏បាន​លើកឡើងថា ក្រសួង​បាន​ទិញ​គ្រឿងចក្រ​ទំនើបៗ ដែល​មិន​ធ្លាប់មាន​ជូន​មន្ទីរ​រាជធានី​-​ខេត្ត​ទាំង​២៥ ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ​សាងសង់​ថែមទៀត ព្រោះថា ក្រសួង មិន​ទទួលយក​ផ្លូវ​ធ្វើ​មុខខូច​ក្រោយ ធ្វើ​ក្រោយ​ខូច​មុខ ឬ​ចាក់​ស្ដើង​ស៊ី​ក្រាស់ ចាក់​ក្រាស់​ស៊ី​ស្ដើង​ទៀតឡើយ ពោលគឺ​ត្រូវធ្វើ​ផ្លូវ​ឲ្យមាន​គុណភា​ពតាម​ស្តង់ដា​បច្ចេកទេស និង​សៀវភៅ​បន្ទុក​។​

​លោក​រដ្ឋមន្ដ្រី បន្ថែមថា ក្រសួង​បាន​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ការអភិវឌ្ឍ​ផែនការមេ​ភ័ស្តុភារ​កម្ម​កម្ពុជា ដើម្បី​ជំរុញ និង​លើកកម្ពស់​ការប្រកួតប្រជែង​វិស័យ​ភ័ស្តុភា​រកម្ម​នៅក្នុង​តំបន់ និង​ពិភពលោក ដោយហេតុថា​៖ កម្ពុជា​មាន​ទីតាំង​ភូមិសាស្ត្រ​អំណោយផល ឋិត​នៅ​ចំ​ចំណុចកណ្ដាល​នៃ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​។ ជាងនេះទៀត បច្ចុប្បន្ន​ក្រសួង​ត្រៀម​នឹង​ចុះ​កិច្ចព្រមព្រៀង​ក្របខណ្ឌ​ជាមួយ​ក្រុមហ៊ុន YCH ដើម្បី​បង្កើត​មជ្ឈមណ្ឌល​ភ័ស្តុភា​រកម្ម ភ្នំពេញ​សម្រាប់​ជំហាន​ទី​១ និង​ជំហាន​បន្ទាប់​នៅ​ខេត្ត​ព្រះសីហនុ​។​

​ទាក់ទង​នឹង​ការទប់ស្កាត់​ការដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ លោក​រដ្ឋមន្ដ្រីក្រសួង​សាធារណការ ក៏បាន​បញ្ជាក់ថា ក្រសួង​បានរៀបចំ​ជញ្ជីង​អចល័ត ជញ្ជីង​ចល័ត និង​ជញ្ជីង​ស្វ័យប្រវត្តិ ( Weight in Motion Sensor ) ដើម្បី​ទប់ស្កាត់​កា រ​ដឹកជញ្ជូន លើស​ទម្ងន់​កម្រិត​កំណត់ ដែលនាំឱ្យ​ផ្លូវ​ឆាប់​ខូចខាត​មុន​អាយុកាល និង​បានធ្វើ​យុទ្ធនាការ​ដើម្បី​ទប់ ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍ តាមរយៈ​ការចែក​មួកសុវត្ថិភាព បិទ​ចំណាំងផ្លាត និង​ការផលិត​ខ្សែ​វីដេអូ​អប់រំ​ខ្លីៗ​។​

​ទាក់ទង​នឹង​វិស័យ​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានឲ្យដឹងថា ក្រសួង​បាន​ប្រើប្រាស់​យន្តការ​ព័ត៌មានវិទ្យា ដើម្បី​ធ្វើ​ទំនើបកម្ម​សេវាសាធារណៈ​ដូចជា ៖ ការចុះបញ្ជី​យានជំនិះ ការប្ដូរ​និង​ពន្យារ​បណ្ណ​បើកបរ ការស្នើសុំ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានជំនិះ និង​ការប្រឡង​យក​បណ្ណ​បើកបរ​តាម​អន​ឡា​ញ ក៏ដូចជា បង្កើត​កម្មវិធី​ព័ត៌មានវិទ្យា​នានា ឱ្យ​ស្របតាម​ការរីកចម្រើន​ផ្នែក​ព័ត៌មានវិទ្យា​របស់​សក​ល​លោក​។​

​ឆ្លៀតឱកាស​នោះដែរ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក៏​បានឲ្យដឹង​ទៀ ត​ថា ក្រសួង​នឹងដា​ក់ឲ្យដំណើរការ​វិទ្យាស្ថាន​តេជោ​សែន សាធារណការ និង​ដឹកជញ្ជូន​នៅពេល​ដ៏​ខ្លី​ខាងមុខ ដើម្បី​បង្កើត​ថ្នាល​បណ្ដុះបណ្ដាល​ចំណេះដឹង​ផ្នែក​បច្ចេកទេស​សាងសង់​ផ្លូវ​-​ស្ពាន ដល់​អ្នកជំនាន់ក្រោយ​ឲ្យមាន​សមត្ថភាព​ពេញលេញ និង​អាច​កសាង​ស្ពាន​ឆ្លងទន្លេ មេគង្គ​បាន​ដោយ​កម្ពុជា​ខ្លួនឯង​៕

ព័ត៌មានផ្សេងទៀត