លោក​ដូណាល់ ត្រាំ​អនុម័ត​ប្រកាស​ភាពអាសន្ន​នៅក្នុង​ទីក្រុង​វ៉ាស៊ីនតោន​

12-01-2021 8:45 am 935

​ប្រធានាធិបតី​ជិត​ផុត​អាណត្តិ​លោក​ដូណាល់ ត្រាំ​នៅ​ថ្ងៃទី​១១​ខែមករា​ឆ្នាំ​២០២១ បានអនុម័ត​លើ​សេចក្តីសម្រេច ឲ្យ​ប្រកាស​ភាពអាសន្ន​សម្រាប់​ទីក្រុង​វ៉ាស៊ីនតោន ដែលមាន​រហូតដល់​ថ្ងៃទី​២៤​ខែ​មករា បន្ទាប់ពី​អាជ្ញាធរ​បាន​ព្រមាន​ពី​ការគំរាមកំហែង​សន្តិសុខ ដល់​ពិធី​ស្បថ​ចូល​កាន់តំណែង​ប្រធានាធិបតី​ជា​ផ្លូវការ របស់​ប្រធានាធិបតី​ជាប់ឆ្នោត​លោកចូ បាយ​ដិន ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២០​ខែមករា​ឆ្នាំ​២០២១​។ នេះ​បើតាម​សេត​វិមាន​បាន​និយាយ​នៅ​ថ្ងៃទី​១១​ខែមករា​ឆ្នាំ​២០២១​ និងត្រូវបានចុះផ្សាយដោយសារព័ត៌មានរ៉យទ័រនៅព្រឹកថ្ងៃទី១២ខែមករានេះ។

​FBI​ព្រមាន​អំពី​លទ្ធភាព​នៃ​ការតវ៉ា​ប្រដាប់អាវុធ ដែល​ត្រូវធ្វើឡើង​នៅ​ទូទាំង​សហរដ្ឋអាមេរិក ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មុនពេល​លោកចូ បាយដិន​ស្បថ​ចូល​កាន់តំណែង​ជា​ប្រធានាធិបតី​។ ទម្រង់​នៃ​ការ​កៀរគរ​កម្លាំង​ប្រមូលផ្តុំ មាន​ការប្រកាស​លើ​បណ្តាញ​អ៊ី​ន​ធឺ​ណេត ដោយ​អ្នកគាំទ្រ​លោក​ត្រាំ ដោយបាន​អំពាវនាវ​ឲ្យមាន​សកម្មភាព​តវ៉ា តាម​កាលបរិច្ឆេទ​មួយចំនួន​។ នៅ​ក្នុងនោះ មាន​ការធ្វើ​កុបកម្ម​ប្រដាប់អាវុធ នៅក្នុង​ទីក្រុង​ទូទាំងប្រទេស នៅ​ថ្ងៃទី​១៧​ខែមករា​និង​ការប្រមូលផ្តុំ​នៅ​ទីក្រុង​វ៉ាស៊ីនតោន​ឌី​ស៊ី នៅ​ថ្ងៃ​រៀបចំ​ពិធី​ស្បថ​ចូល​កាន់តំណែង​របស់​ប្រធានាធិបតី​ជាប់ឆ្នោត​ផងដែរ​។ 

​បើតាម​របាយការណ៍​ខ្លះ​ឲ្យដឹងថា ក្រុម​តវ៉ា​ប្រដាប់អាវុធ មាន​គម្រោង​ប្រមូលផ្តុំ​នៅឯ​រដ្ឋធានី​ទាំង​៥០​រដ្ឋ​។ ស្រដៀង​គ្នា​នឹង​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័រ ដកស្រង់​សម្តី​មន្ត្រី​អនុវត្ត​ច្បាប់​សហព័ន្ធ​និយាយថា ការព្រមាន​របស់​FBI គឺ​មាននៅ​គ្រប់​រដ្ឋធានី​របស់​រដ្ឋ​ទាំងអស់ ចាប់ពី​ថ្ងៃទី​១៦​ដល់​ថ្ងៃទី​២០​ខែ​មករា និង​នៅ​ទីក្រុង​វ៉ាស៊ីនតោន​ឌី​ស៊ី​យ៉ាងតិច​បី​ថ្ងៃ មុនពេល​ពិធី​ស្បថ​ចូល​កាន់តំណែង​របស់លោក​បាយ​ដិន​។​

​ឆ្លើយតប​នឹង​ការ​កៀរគរ​កម្លាំង​ប្រមូលផ្តុំ​តវ៉ា​ដ៏​គួរឲ្យ​ព្រួយបារម្ភ​នេះ ក្រសួង​សន្តិសុខ​មាតុភូមិ​អាមេរិក​បញ្ជាក់​នៅ​ថ្ងៃទី​១១​ខែមករា​ថា ខ្លួន​នឹង​ចាប់ផ្តើម​ព្រឹត្តិការណ៍​សន្តិសុខ​ពិសេស​ជាតិ​(NSSE) ធ្វើ​ប្រតិបត្តិការ​នៅ​មុនពេល​ពិធី​ស្បថ​ចូល​កាន់តំណែង​ប្រធានាធិបតី​ចំនួន​៦​ថ្ងៃ ដោយ​ចាប់ផ្តើម​ពី​ពាក់កណ្តាល​សប្តាហ៍​នេះ​ទៅ​។ ការណ៍​នេះ​អនុញ្ញាតឲ្យ​ភ្នាក់ងារ​សន្តិសុ​ខនិង​ភ្នាក់ងារ​អនុវត្ត​ច្បាប់​ជាច្រើន​សហការគ្នា​លើ​វិធានការ​ការពារ​ពិសេស​។ ប្រធានការិយាល័យ​ការពារជាតិ​លោក​Daniel Hokanson​និយាយ​នៅ​ថ្ងៃទី​១១​ខែមករា​ថា កងទ័ព​១​ម៉ឺន​នាក់​នឹង​ដាក់ពង្រាយ​នៅក្នុង​ទីក្រុង​វ៉ាស៊ីនតោន​ឌី​ស៊ី នា​ចុង​សប្តាហ៍​ដើម្បី​ពង្រឹង​ព្រឹត្តិការណ៍​នេះ ហើយ​កងទ័ព​ប្រហែលជា​៥​ពាន់​នាក់​ទៀត បាន​ត្រៀម​សម្រាប់​ករណី​ដែលមាន​ការស្នើសុំ​កម្លាំង​បន្ថែម​ពី​មន្ត្រី​មូលដ្ឋាន​។​

​តាមពិតទៅ កម្លាំង​សន្តិសុខ​ត្រូវបាន​ពង្រឹង​ចាប់តាំងពី​ក្រោយ​ផ្ទុះ​ការតវ៉ា​ដោយ​ហិង្សា នៅ​ថ្ងៃទី​៦​ខែមករា​ឆ្នាំ​២០២១ នៅពេល​អ្នកគាំទ្រ​លោក​ត្រាំ ដែល​មិន​ពេញចិត្ត​នឹង​លទ្ធផល​បោះឆ្នោត បាន​សម្រុកចូល​ក្នុង​វិមាន​សភា ហើយក៏​ប៉ះទង្គិច​ជាមួយ​ប៉ូលិស បណ្តាលឲ្យ​មនុស្ស​ស្លាប់​៥​នាក់​។ សេវា​ឧទ្យាន​ជាតិ​ដែល​បានប្រកាស​ផ្អាក​ការចូល​ទស្សនា​វិមាន​Washington Monument បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ក្រុម​ដែល​ពាក់ព័ន្ធ​នឹង​កុបកម្ម​នៅ​ថ្ងៃទី​៦​ខែមករា​ឆ្នាំ​២០២១ នៅ​វិមាន​កា​ពី​តូ​ល​អាមេរិក នៅតែ​បន្ត​គំរាមកំហែង ធ្វើឲ្យមាន​ការរំខាន​ដល់​ពិធីស្បថ​ចូល​កាន់តំណែង​ប្រធានាធិបតី​​នៅ​ថ្ងៃទី ២០​ខែ​មករា​។​

​ដើម្បី​សុវត្ថិភាព អភិបាល​ទីក្រុង​វ៉ាស៊ីនតោន​លោកស្រី​Muriel Bowser បានស្នើ​ប្រជាជន​អាមេរិក​ចៀសវាង​ធ្វើដំណើរ​ទៅកាន់​ទីក្រុង​វ៉ាស៊ីនតោន​ឌី​ស៊ី នៅក្នុង​ព្រឹត្តិការណ៍​២០​មករា​។ ជាធម្មតា​នៅ​ថ្ងៃ​រៀបចំ​ពិធី​ស្បថ​កាន់តំណែង​ប្រធានាធិបតី​ថ្មី ប្រជាជន​អាមេរិក​រាប់រយ​រាប់ពាន់នាក់ ចេញ​មកឈរ​នៅតាម​ដងផ្លូវ​នៅក្នុង​ទីក្រុង ដើម្បី​អបអរសាទរ ប៉ុន្តែ​ដោយសារ​ការឆ្លង​រាតត្បាត​នៃ​វីរុស​កូវី​ដ​១៩​ផែនការ​នេះ​ត្រូវបាន​កាត់បន្ថយ​រួចទៅហើយ និង​ចួន​ចំពេល​មាន​ការបារម្ភ​ពី​បញ្ហា​អសន្តិសុខ​ទៀត ធ្វើឲ្យមាន​ការផ្លាស់ប្តូរ​ផែនការ​ជួបជុំ​ស្ទើរ​ទាំងស្រុង​។ 

​បើទោះបីជា​ពិធី​ស្បថ​ចូល​កាន់តំណែង​ប្រធានាធិបតី​ជា​ផ្លូវការ ត្រូវធ្វើឡើង​តែ​២​សប្តាហ៍​ក្រោយ​អំពើហិង្សា​បង្ហូរឈាម និង​បន្ត​ស្ថិតក្រោម​ការគំរាមកំហែង​សន្តិសុខ​ក៏ដោយ លោក​បាយដិន​អះអាងថា មិន​ខ្លាចរអារ​នៅក្នុង​ការ​ប្រារព្ធពិធី​ស្បថ​ចូល​កាន់តំណែង នៅ​ខាងក្រៅ​វិមាន​សភា​ឡើយ​។ ការ​ថ្លែង​របស់​លោកចូ បាយដិន​យ៉ាង​ដូច្នេះ ធ្វើឡើង នៅពេល​ចាក់​វ៉ាក់សាំង​ការពារកូ​វីដ​១៩​ជា​លើក​ទី​ពីរ​នៅ​ថ្ងៃទី​១១​ខែមករា​ឆ្នាំ​២០២១​។ យ៉ាងណាក៏ដោយ មន្ត្រី​សន្តិសុខ​បាន​ប្តេជ្ញា​ថា មិន​អនុញ្ញាតឲ្យ​ព្រឹត្តិការណ៍​ដូច​ថ្ងៃ​៦​មករា​កើតឡើង​ម្តងទៀត​ជាដាច់ខាត​៕ ដោយ​៖​អ៊ុន សុខ​ឡា​

ព័ត៌មានផ្សេងទៀត