ប្រធានាធិបតីជិតផុតអាណត្តិលោកដូណាល់ ត្រាំនៅថ្ងៃទី១១ខែមករាឆ្នាំ២០២១ បានអនុម័តលើសេចក្តីសម្រេច ឲ្យប្រកាសភាពអាសន្នសម្រាប់ទីក្រុងវ៉ាស៊ីនតោន ដែលមានរហូតដល់ថ្ងៃទី២៤ខែមករា បន្ទាប់ពីអាជ្ញាធរបានព្រមានពីការគំរាមកំហែងសន្តិសុខ ដល់ពិធីស្បថចូលកាន់តំណែងប្រធានាធិបតីជាផ្លូវការ របស់ប្រធានាធិបតីជាប់ឆ្នោតលោកចូ បាយដិន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ខែមករាឆ្នាំ២០២១។ នេះបើតាមសេតវិមានបាននិយាយនៅថ្ងៃទី១១ខែមករាឆ្នាំ២០២១ និងត្រូវបានចុះផ្សាយដោយសារព័ត៌មានរ៉យទ័រនៅព្រឹកថ្ងៃទី១២ខែមករានេះ។
FBIព្រមានអំពីលទ្ធភាពនៃការតវ៉ាប្រដាប់អាវុធ ដែលត្រូវធ្វើឡើងនៅទូទាំងសហរដ្ឋអាមេរិក ក្នុងរយៈពេលប៉ុន្មានថ្ងៃមុនពេលលោកចូ បាយដិនស្បថចូលកាន់តំណែងជាប្រធានាធិបតី។ ទម្រង់នៃការកៀរគរកម្លាំងប្រមូលផ្តុំ មានការប្រកាសលើបណ្តាញអ៊ីនធឺណេត ដោយអ្នកគាំទ្រលោកត្រាំ ដោយបានអំពាវនាវឲ្យមានសកម្មភាពតវ៉ា តាមកាលបរិច្ឆេទមួយចំនួន។ នៅក្នុងនោះ មានការធ្វើកុបកម្មប្រដាប់អាវុធ នៅក្នុងទីក្រុងទូទាំងប្រទេស នៅថ្ងៃទី១៧ខែមករានិងការប្រមូលផ្តុំនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី នៅថ្ងៃរៀបចំពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោតផងដែរ។
បើតាមរបាយការណ៍ខ្លះឲ្យដឹងថា ក្រុមតវ៉ាប្រដាប់អាវុធ មានគម្រោងប្រមូលផ្តុំនៅឯរដ្ឋធានីទាំង៥០រដ្ឋ។ ស្រដៀងគ្នានឹងទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ដកស្រង់សម្តីមន្ត្រីអនុវត្តច្បាប់សហព័ន្ធនិយាយថា ការព្រមានរបស់FBI គឺមាននៅគ្រប់រដ្ឋធានីរបស់រដ្ឋទាំងអស់ ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី២០ខែមករា និងនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ីយ៉ាងតិចបីថ្ងៃ មុនពេលពិធីស្បថចូលកាន់តំណែងរបស់លោកបាយដិន។
ឆ្លើយតបនឹងការកៀរគរកម្លាំងប្រមូលផ្តុំតវ៉ាដ៏គួរឲ្យព្រួយបារម្ភនេះ ក្រសួងសន្តិសុខមាតុភូមិអាមេរិកបញ្ជាក់នៅថ្ងៃទី១១ខែមករាថា ខ្លួននឹងចាប់ផ្តើមព្រឹត្តិការណ៍សន្តិសុខពិសេសជាតិ(NSSE) ធ្វើប្រតិបត្តិការនៅមុនពេលពិធីស្បថចូលកាន់តំណែងប្រធានាធិបតីចំនួន៦ថ្ងៃ ដោយចាប់ផ្តើមពីពាក់កណ្តាលសប្តាហ៍នេះទៅ។ ការណ៍នេះអនុញ្ញាតឲ្យភ្នាក់ងារសន្តិសុខនិងភ្នាក់ងារអនុវត្តច្បាប់ជាច្រើនសហការគ្នាលើវិធានការការពារពិសេស។ ប្រធានការិយាល័យការពារជាតិលោកDaniel Hokansonនិយាយនៅថ្ងៃទី១១ខែមករាថា កងទ័ព១ម៉ឺននាក់នឹងដាក់ពង្រាយនៅក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ី នាចុងសប្តាហ៍ដើម្បីពង្រឹងព្រឹត្តិការណ៍នេះ ហើយកងទ័ពប្រហែលជា៥ពាន់នាក់ទៀត បានត្រៀមសម្រាប់ករណីដែលមានការស្នើសុំកម្លាំងបន្ថែមពីមន្ត្រីមូលដ្ឋាន។
តាមពិតទៅ កម្លាំងសន្តិសុខត្រូវបានពង្រឹងចាប់តាំងពីក្រោយផ្ទុះការតវ៉ាដោយហិង្សា នៅថ្ងៃទី៦ខែមករាឆ្នាំ២០២១ នៅពេលអ្នកគាំទ្រលោកត្រាំ ដែលមិនពេញចិត្តនឹងលទ្ធផលបោះឆ្នោត បានសម្រុកចូលក្នុងវិមានសភា ហើយក៏ប៉ះទង្គិចជាមួយប៉ូលិស បណ្តាលឲ្យមនុស្សស្លាប់៥នាក់។ សេវាឧទ្យានជាតិដែលបានប្រកាសផ្អាកការចូលទស្សនាវិមានWashington Monument បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមដែលពាក់ព័ន្ធនឹងកុបកម្មនៅថ្ងៃទី៦ខែមករាឆ្នាំ២០២១ នៅវិមានកាពីតូលអាមេរិក នៅតែបន្តគំរាមកំហែង ធ្វើឲ្យមានការរំខានដល់ពិធីស្បថចូលកាន់តំណែងប្រធានាធិបតីនៅថ្ងៃទី ២០ខែមករា។
ដើម្បីសុវត្ថិភាព អភិបាលទីក្រុងវ៉ាស៊ីនតោនលោកស្រីMuriel Bowser បានស្នើប្រជាជនអាមេរិកចៀសវាងធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោនឌីស៊ី នៅក្នុងព្រឹត្តិការណ៍២០មករា។ ជាធម្មតានៅថ្ងៃរៀបចំពិធីស្បថកាន់តំណែងប្រធានាធិបតីថ្មី ប្រជាជនអាមេរិករាប់រយរាប់ពាន់នាក់ ចេញមកឈរនៅតាមដងផ្លូវនៅក្នុងទីក្រុង ដើម្បីអបអរសាទរ ប៉ុន្តែដោយសារការឆ្លងរាតត្បាតនៃវីរុសកូវីដ១៩ផែនការនេះត្រូវបានកាត់បន្ថយរួចទៅហើយ និងចួនចំពេលមានការបារម្ភពីបញ្ហាអសន្តិសុខទៀត ធ្វើឲ្យមានការផ្លាស់ប្តូរផែនការជួបជុំស្ទើរទាំងស្រុង។
បើទោះបីជាពិធីស្បថចូលកាន់តំណែងប្រធានាធិបតីជាផ្លូវការ ត្រូវធ្វើឡើងតែ២សប្តាហ៍ក្រោយអំពើហិង្សាបង្ហូរឈាម និងបន្តស្ថិតក្រោមការគំរាមកំហែងសន្តិសុខក៏ដោយ លោកបាយដិនអះអាងថា មិនខ្លាចរអារនៅក្នុងការប្រារព្ធពិធីស្បថចូលកាន់តំណែង នៅខាងក្រៅវិមានសភាឡើយ។ ការថ្លែងរបស់លោកចូ បាយដិនយ៉ាងដូច្នេះ ធ្វើឡើង នៅពេលចាក់វ៉ាក់សាំងការពារកូវីដ១៩ជាលើកទីពីរនៅថ្ងៃទី១១ខែមករាឆ្នាំ២០២១។ យ៉ាងណាក៏ដោយ មន្ត្រីសន្តិសុខបានប្តេជ្ញាថា មិនអនុញ្ញាតឲ្យព្រឹត្តិការណ៍ដូចថ្ងៃ៦មករាកើតឡើងម្តងទៀតជាដាច់ខាត៕ ដោយ៖អ៊ុន សុខឡា