លោក​គីម ជុង​អ៊ុន​ត្រូវបាន​ជ្រើសរើស​ជា​អគ្គលេខាធិការ​នៃ​គណបក្ស​ពលករ​

11-01-2021 12:08 pm 333

​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង​KCNA នៅ​ថ្ងៃទី​១១​ខែមករា​ឆ្នាំ​២០២១​ឲ្យដឹងថា មេដឹកនាំ​នៃ​ប្រទេស​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន ត្រូវបាន​បោះឆ្នោត​ជ្រើសរើស​ជា​អគ្គលេខាធិការ​នៃ​គណបក្ស​ពលករ ដែលជា​បក្ស​កំពុងតែ​កាន់អំណាច​។ ការបោះឆ្នោត​ជ្រើសរើស​លោក​គីម ជុង​អ៊ុន​ជា​អគ្គលេខាធិការ​នៃ​គណបក្ស​ពលករ ធ្វើឡើង​នៅ​ថ្ងៃទី​១០​ខែ​មករា ក្នុង​សមាជ​របស់​គណបក្ស ដែល​ត្រូវបាន​រៀបចំឡើង សម្រាប់​លោក​គីម ដើម្បី​គូស​ផែនទី​បង្ហាញ​ពី​ផែនការ​សម្រាប់​គោលនយោបាយ​ការទូត យោធា​និង​សេដ្ឋកិច្ច ក្នុង​រយៈពេល​៥​ឆ្នាំ​ខាងមុខ និង​ធ្វើ​ការសម្រេចចិត្ត​សំខាន់ៗ​ផ្សេងទៀត​។​

​តំណែង​អគ្គលេខាធិការ​បក្ស​នេះ ត្រូវបាន​ដាក់ឈ្មោះ​ឪពុក​របស់លោក​គីម ជុង​អ៊ុន​គឺ​លោក​គីម ជុងអ៊ីល​ក្នុង​ឆ្នាំ​២០១២ ក្រោយ​លោក​ទទួលមរណភាព​ក្នុង​ឆ្នាំ​២០១១​។ ប៉ុន្តែ​ពេលនេះ​លោក​គីម ជុង​អ៊ុន​ដែលជា​លេខា​ទី​១ ត្រូវបាន​សមាជ​គាំទ្រ​យ៉ាង​ពេញទំហឹង ជា​អគ្គលេខាធិការ​បក្ស ដែល​ធ្វើឲ្យ​មេដឹកនាំ​វ័យក្មេង​រូបនេះ កាន់តែ​មានអំណាច​ធំធេង​បន្ថែមទៀត​។​

​នៅក្នុង​សមាជ​ក៏​មានការ​ជ្រើស​ផងដែរ​សម្រាប់​គណៈកម្មាធិកា​រ​កណ្តាល ដែលជា​ស្ថាប័ន​ដ៏​សំខាន់​មួយ ប្រមូលផ្តុំ​ដោយ​អ្នកនយោបាយ​ជាន់ខ្ពស់​។ ប៉ុន្តែ​អ្វី​ជា​ការកត់សំគាល់ អ្នកស្រី​គីម យ៉ូ​ជុង​ប្អូនស្រី​បង្កើត​របស់លោក​គីម ជុង​អ៊ុន​និង​ជា​មន្ត្រីជាន់ខ្ពស់​នៃ​គណបក្ស​ពលករ ដែល​ធ្លាប់ជា​មន្ត្រី​នៃ​ការិយាល័យ​នយោបាយ មិន​មានឈ្មោះ​នៅក្នុង​បញ្ជី​នោះទេ​៕ ដោយ៖អ៊ុន សុខឡា

ព័ត៌មានផ្សេងទៀត