អង្គការ​CWS៖​ដំរី​ខា​វ៉ាន់​មិនមែន​យក​មក​សម្រាប់​បង្កាត់​ពូជ​នោះទេ​

11-01-2021 11:34 am 705

​អង្គការ​អភិរក្ស​ដែនជម្រកសត្វព្រៃ​កម្ពុជា​(CWS) ជា​អង្គការ​ទទួលខុសត្រូវ​ក្នុង​ការងារ​ថែរក្សា​ដំរី​ខា​វ៉ាន់ បាន​ចេញ​មក​បំភ្លឺ​នូវ​ពាក្យ​ចចាមអារ៉ាម​និង​ការបំផ្លៃ​ព័ត៌មាន​មិនពិត​មួយចំនួនដែ​ល​ផ្សព្វផ្សាយ​ថា ដំរី​ខា​វ៉ាន់​នឹង​ត្រូវ​បាន​យកមកប្រើ​ដើម្បី​បង្កាត់​ពូជ​ដោយ​ជាមួយ​ដំរី​ដទៃទៀត​។ ករណី​នេះ​វា​មិនមែន​ជា​រឿង​ពិត​នោះទេ ព្រោះ​ថា​អង្គការ​មិន​ចាប់អារម្មណ៍​ក្នុងការ​បង្កាត់​ពូជ​សត្វ​ដំរី​ឡើយ ប៉ុន្តែ​ផ្ទុយទៅវិញ​គឺ​ដើម្បី​ជួយសង្គ្រោះ​ដំរី​ខា​វ៉ាន់​ឱ្យ​រួចផុត​ពី​ទុក្ខវេទនា និង​ផ្តល់​ទី​ជម្រក​មួយ ដើម្បី​ឱ្យ​ដំរី​ទាំងនេះ​រីករាយ​នឹង​ការរស់នៅ​ក្នុង​ធម្មជាតិ​ដោយ​គ្មាន​ការភ័យខ្លាច​និង​គ្រោះថ្នាក់​។ 

​ដំរី​ញី​ចំនួន​០៣​ក្បាល​ដែល​បាន​ដាក់​ឱ្យ​រស់នៅ​ជាមួយ​ខា​វ៉ាន់ គឺ​សម្រាប់​ការប្រាស្រ័យ​ទាក់ទង​ជាមួយនឹង​ខា​វ៉ាន់​មិនមែន​យក​មក​បង្កាត់​ពូជ​នោះទេ ព្រោះ​ថា​ដោយសារ​សត្វ​ដំរី​ចូលចិត្ត​រស់នៅ​ជា​ហ្វូង​។ តាម​ការប៉ាន់ស្មាន​ដ៏​ជាក់លាក់ ដំរី​អាស៊ី​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​មាន​ចន្លោះ​ពី​៤០០ ទៅ ៦០០​ក្បាល ដែល​កំពុង​មាន​វត្តមាន​នៅ​តំបន់​អភិរក្ស​នានា ជាពិសេស​គឺ​នៅ​តំបន់​ជួរ​ភ្នំ​ក្រវ៉ា​ញ​និង​នៅ​ភាគ​ឦសាន​។​

​គួរ​រំលឹក​ថា​ដំរី​ខា​វ៉ាន់​ត្រូវបាន​ស្គាល់​ជា​ថា​ជា​ដំរី​ឯកោ​បំផុត​នៅក្នុង​ពិភពលោក ហើយ​ត្រូវបាន​ជួយ​សង្គ្រោះ​និង​យក​មក​រស់នៅ​ក្នុង​ព្រៃ​ធម្មជាតិ​នៃ​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព ក្នុង​ភូមិសាស្ត្រ​ខេត្ត​ឧត្តរ​មានជ័យ​កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ ៕  
​ដោយ​៖​បឿ សុភា​

ព័ត៌មានផ្សេងទៀត