អាមេរិក​លើកលែង​ការ​រឹតបន្តឹង​លើ​ទំនាក់ទំនង​ជាមួយ​តៃវ៉ាន់​

10-01-2021 4:52 pm 861

​លោក​ម៉ៃ ផុម​ផី​អូរដ្ឋមន្ត្រី​ក្រសួងការបរទេ​ស​អាមេរិក បានប្រកាស​នៅក្នុង​សេចក្តីថ្លែងការណ៍ បញ្ជាក់​ពី ការលើកលែង​ការ​រឹតបន្តឹង លើ​ទំនាក់ទំនង​រវាង​មន្ត្រី​អាមេរិក​ជាមួយ​មន្ត្រី​តៃវ៉ាន់​។ រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក​បន្ថែមថា តៃវ៉ាន់​ជា​ប្រជាធិបតេយ្យ​យ៉ាង​រស់​រវើក​និង​ជា​ដៃគូ​របស់​អាមេរិក​ដ៏​គួរឲ្យ​ទុកចិត្ត ហើយ​ការ​រឹតត្បិត​លែងមាន​សុពលភាព​ទៀតហើយ​។ ការដាក់ចេញ​នូវ​ការ​រឹតត្បឹត​ដ៏​ស្មុគស្មាញ ដែល​កំណត់​ទំនាក់ទំនង​រវាង​មន្ត្រីការទូត​អាមេរិក​និង​តៃវ៉ាន់​នេះ បានដាក់​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​មកហើយ ដើម្បី​ផ្សះផ្សារ​ទំនាក់ទំនង​ជាមួយ​ទីក្រុង​ប៉េកាំង​។​

​ការធ្វើ​មោឃ​ភាព​លើកា​ររឹតបន្តឹង​ទំនាក់ទំនង​ជាមួយ​មន្ត្រី​តៃវ៉ាន់ ដោយ​សហរដ្ឋអាមេរិក​នាពេលនេះ ទំនងជា​ធ្វើឲ្យ​ចិន​ផ្ទុះ​កំហឹង និង​បង្កើន​ភាព​តានតឹង​រវាង​ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​ប៉េង​កាំ​ង​បន្ថែមទៀត​ផងដែរ​។ ក្នុងចំណោម​ប្រទេស​មួយចំនួន​តូច ដែល​ទទួលស្គាល់​តៃវ៉ាន់​ប្រឆាំងនឹង​ចិន គឺ​អាមេរិក​ជា​ប្រទេស​ដែល​ចេញមុខ​ជាងគេ ដោយ​មិន​ត្រឹមតែ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​សម្ព័ន្ធមិត្ត​តៃវ៉ាន់​ប៉ុណ្ណោះ​ទេ ថែមទាំង​ពូន​ជ្រំ​ទំនាក់ទំនង​នេះ​ឲ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត​ផង​។ 

​ចិន​បាន​ទទូច​ឲ្យ​អាមេរិក គោរព​តាម​គោលការណ៍​ប្រទេសមួយ​ប្រព័ន្ធ​ពីរ ជាមួយនឹង​ការព្យាយាម​កំណត់​សកម្មភាព​អន្តរជាតិ​របស់​តៃវ៉ាន់​។ មេដឹកនាំ​តៃវ៉ាន់​លោកស្រី​ត្សៃ អ៊ីង​វិន​រក្សា​ជំហរ​ផ្តាច់​តៃវ៉ាន់​ជា​កោះ​ឯករាជ្យ ប្រឆាំង​ទីក្រុង​ប៉េកាំង ខណៈ​ចិន​ប្តេជ្ញា​ប្រើប្រាស់​កម្លាំង ដើម្បី​ក្រសោប​យក​កោះ​នេះ​មកវិញ​។ អាមេរិក​វិញ​បាន​លក់​អាវុធ​ឲ្យ​តៃ​វ៉ាន់ជា​ហូរហែ ដើម្បីឲ្យ​តៃវ៉ាន់​ពង្រឹង​វិស័យ​ការពារជាតិ ទប់ទល់​នឹង​សត្រូវ​។ 

​ជា​ការកត់សំគាល់ មុន​សម្រេច​បិទ​បញ្ចប់​ការ​រឹតបន្តឹង​លើ​ទំនាក់ទំនង​ជាមួយ​តៃវ៉ាន់ កាលពី​ឆ្នាំមុន​អាមេរិក​បាន​បង្កើន​សន្ទុះ​ទាក់ទង​ជាមួយ​តៃវ៉ាន់​ឥតឈប់ឈរ ដោយ​ក្រៅតែពី​ផ្តល់​សព្វាវុធ​ដល់​តៃវ៉ាន់ អាមេរិក​ក៏បាន​បញ្ជូន​មន្ត្រីជាន់ខ្ពស់​មួយចំនួន បំពេញ​ទស្សនកិច្ច​នៅ​កោះ​តៃវ៉ាន់​ជា​បន្តបន្ទាប់​។ កាលពី​ខែសីហា​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​និង​សុខុមាលភាព​ពលរដ្ឋ​លោក​Alex Azar បានធ្វើ​ទស្សនកិច្ច​ទៅកាន់​កោះ​តៃវ៉ាន់ ហើយ​លោក​បាន​ក្លាយជា​ឥស្សរជន​នយោបាយ​ជាន់ខ្ពស់​មួយរូប​របស់​អាមេរិក ដែល​ធ្វើដំណើរ​ទៅ​តៃវ៉ាន់ មិន​ធ្លាប់មាន អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​មកហើយ​៕ ដោយ​៖​អ៊ុន សុខ​ឡា​

 ពាក្យគន្លឹះ  អាមេរិកតៃវ៉ាន់

ព័ត៌មានផ្សេងទៀត