ទ្រព្យ​កើន​ដល់​​ជាង​១៩០​​ពាន់​លាន​ដុល្លារ​​Elon Musk​​ក្លាយជា​​អ្នកមាន​​បំផុត​ក្នុង​លោក​

08-01-2021 2:45 pm 163

​នៅ​ទីបំផុត​លោក​Elon Musk​បាន​វ៉ា​ដាច់​លោក​Jeff Bezos​ស្ថាបនិក​ក្រុមហ៊ុន​Amazon​ហើយ ក្លាយជា​អ្នកមាន​ជាងគេ​បំផុត​នៅក្នុង​ពិភពលោក​។ នេះ​បើតាម​ទិន្នន័យ​គន់គូរ​របស់គេ​ហ​ទំព័រ​Bloomberg​។ លោក​Elon Musk​ត្រូវបាន​គេ​ស្គាល់​ថា​ជា​អ្នក​បច្ចេកវិទ្យា​ដ៏​ពូកែ ជា​ស្ថាបនិក ជា​នាយក​ប្រតិ​ប​ត្ដិ ជា​ប្រធាន​ផ្នែក​បច្ចេកវិទ្យា និង​ជា​ប្រធាន​ផ្នែក​រចនា​នៃ​ក្រុមហ៊ុន​SpaceX ហើយក៏​ជា​នាយក​ប្រតិ​ប​ត្ដិ​ក្រុមហ៊ុន​ផលិត​រថយន្ដ​អគ្គិសនី​របស់​អាមេរិក​Tesla​ផងដែរ​។​

​ការកើនឡើង​តម្លៃ​ភាគហ៊ុន​ចំនួន​៦​ភាគរយ​នៅក្នុង​ក្រុមហ៊ុន​Tesla​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ បានធ្វើឲ្យ​ជម្រើស​ភាគហ៊ុ​ន​នៅក្នុង​ដៃ​របស់លោក​Elon Musk​កើនឡើង​ដល់​ប្រមាណ​១០​ពាន់​លាន​ដុល្លារ​។ ដូច្នេះ​សរុប​ទ្រព្យសម្បត្ដិ​​​របស់លោក​គឺមាន​ប្រមាណ​ជាង១៩០​ពាន់​លាន​ដុល្លារ​អាមេរិក​។ ចំណែកឯ​លោក​Jeff Bezos​ដោយសារ​តម្លៃ​ភាគហ៊ុន​ក្រុមហ៊ុន​លោក​កើនឡើង​តិចជាង​២​ភាគរយ ដូច្នេះ​លោក​មានតម្លៃ​ភាគហ៊ុន​នៅក្នុង​ដៃ​បន្ថែម​តែ​៣​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ សរុប​ទ្រព្យសម្បត្ដិ​គឺជាង​១៨០​ពាន់​លាន​ដុល្លារ​អាមេរិក ជា​អ្នកមាន​បំផុត​លំដាប់​ទី​ពីរ​ក្នុង​លោក​។ រីឯ​លោក​Bill Gates​សហ​ស្ថាបនិក​ក្រុមហ៊ុន​Microsoft ស្ថិតនៅ​លំដាប់​ទី​បី​មាន​ទ្រព្យសម្បត្ដិ​សរុប​ជាង១៣០​ពាន់​លាន​ដុល្លារ​អាមេរិក នេះ​បើ​យោងតាម​ទិន្នន័យ​របស់​Bloomberg​ដដែល​៕

ដោយ៖ពេញ ផេង

ព័ត៌មានផ្សេងទៀត