លោក​គីម ជុង​អ៊ុន​​ប្ដេជ្ញា​នឹង​បង្កើន​​ទំនាក់ទំនង​​ជាមួយ​​អន្ដរជាតិ​

08-01-2021 11:29 am 252

មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន​បាន​ប្ដេជ្ញា​ថា លោក​នឹង​បង្កើន​ចំណងមិត្ដភាព​អន្ដរ​កូរ៉េ​ឡើងវិញ ក៏ដូចជា​ជាមួយ​អន្ដរជាតិ​ផងដែរ​។ ការបញ្ជាក់​របស់​មេដឹកនាំ​វ័យក្មេង​រូបនេះ ត្រូវបាន​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​កូរ៉េខាងជើង​KCNA​។ ការប្ដេជ្ញាចិត្ដ​របស់លោ​ក​គីម ជុង​អ៊ុន ក៏​ធ្វើឡើង​ស្របពេល​ទំនាក់ទំនង​អន្ដរ​កូរ៉េ​ជួប​ភាព​តានតឹង ដោយសារតែ​កិច្ចព្រមព្រៀង​រំលាយ​នុយក្លេអ៊ែរ​ត្រូវ​ជាប់គាំង​។ 

​នៅក្នុង​កិច្ច​ជំនួប​ជា​ប្រវត្ដិសាស្ដ្រ​លើកដំបូង​រវាង​លោក​គីម ជុង​អ៊ុន​ជាមួយ​លោក​ដូណាល់ ត្រាំ​នៅ​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៨ លោក​គីម​និង​លោក​ត្រាំ​បាន​ឈានដល់​កិច្ចព្រមព្រៀង​ពិសេស​មួយ​មានចែង​ច្រើន​ចំណុច​សម្រាប់​អនុវត្ដ​រួមគ្នា​។ ក្នុងនោះ​មានការ​រឹត​ចំណងមិត្ដភាពអ​ន្ដ​រ​កូរ៉េ ចំណងមិត្ដភាព​ជាមួយ​អាមេរិក​ឡើងវិ​ញ និង​បាន​និយាយ​ពី​ការរំលាយ​នុយក្លែអ៊ែ​រ​កូរ៉េខាងជើង​ផងដែរ ជា​ថ្នូរ​នឹង​ការដកហូត​ទណ្ឌកម្មសេដ្ឋកិច្ច​ពី​សំណាក់​សហរដ្ឋអាមេរិក​។ ប៉ុន្ដែ​អនុវត្ដ​មិនបាន​ប៉ុន្មាន​កិច្ចព្រមព្រៀង​ត្រូវ​ជាប់គាំង ជាហេតុ​ធ្វើឲ្យ​ផ្ទុះឡើង​នូវ​ភាព​តានតឹង​ជាថ្មី​។ កិច្ច​ជំនួប​ត្រូវបាន​រៀបចំ​ជា​បន្ដបន្ទាប់​ដើម្បី​ចរចា​ចំណុច​ជាប់គាំង ប៉ុន្ដែ​នៅតែ​មិនអាច​រកឃើញ​ដំណោះស្រាយ​រហូតដល់​សព្វ​ថ្ងៃ​។​

​ចំពោះ​ការ​បង្ហើប​ពី​លោក​គីម ជុង​អ៊ុន​រឿង​ពិនិត្យឡើងវិញ​ទំនាក់ទំនង​អន្ដរ​កូរ៉េ​និង​ជាមួយ​អន្ដរជាតិ​នេះ ធ្វើឡើង​ប្រមាណ​ជាង​២​សប្ដាហ៍​ប៉ុណ្ណោះ​មុនពេល​លោកចូ បាយ​ដិន​ឡើងកាន់តំណែង​ជំនួស​លោក​ដូណាល់ ត្រាំ​។ លោក​បាយដិ​ននឹងត្រូវ​ប្រឈម​កិច្ច​ការ​ស្មុគស្មាញ ដោយ​ត្រូវ​រក​វិធីសាស្ដ្រ​បំបែក​ភាពបរាជ័យ​បង្កឡើង​ដោយ​លោក​ត្រាំ​។​

​សូមបញ្ជាក់ថា លោក​គីម ជុង​អ៊ុន​បានលើកឡើង​ពី​ការ​រឹតចំណង​មិត្ដ​ភាពជា​មួយ​អន្ដរជាតិ​និង​កូរ៉េខាងត្បូង នៅក្នុងពេល​ដឹកនាំ​សមាជ​បក្ស​ដ៏​កម្រ​មួយ​។ ជា​សមាជ​ធ្វើ​បច្ចុប្បន្នភាព​កិច្ចការបក្ស តាំងពី​កិច្ចប្រជុំ​ចុងក្រោយ​ក្នុង​ឆ្នាំ​២០១៦​។ លោក​គីម​ក៏បាន​និយាយ​ពី​បញ្ហា​ផ្លាស់ប្ដូរ​ទំនាក់ទំនង​ជាមួយ​កូរ៉េខាងត្បូង ទៅតាម​តម្រូវការ​នៃ​ស្ថានភាព​បច្ចុប្បន្ន​និង​ពេលវេលា​ដែល​ប្រែប្រួល​។ បន្ថែម​លើ​នេះ​លោក​បាន​ពិភាក្សា​ពី​គោលនយោបាយ​ការបរទេស រួមជាមួយ​ការប្រកាស​តម្រង់ទិស​គោលជំហរ​នយោបាយ​របស់​បក្ស ដើម្បី​ពង្រីក​និង​អភិវឌ្ឍ​ទំនាក់ទំនង​ជាមួយ​ពិភពលោក​ខាងក្រៅ​។​

​លោក​គីម​បាន​ពិភាក្សា​បន្ថែមទៀត​ពី​វិធីសាស្ដ្រ​ដើម្បី​បើក​យុគសម័យ​មាស​ថ្មី​មួយ នៅក្នុង​យុទ្ធនាការ​សម្រាប់​កិច្ចការ​វ​ប្បធ​ម៌​និង​សង្គមនិយម ខណៈដែល​ទីក្រុង​ព្យុងយ៉ាង​បាន​បង្កើន​ការបង្ក្រាប​ទៅ​លើ​ព័ត៌មាន​ពី​ខាងក្រៅ ដោយ​ទើប​អនុម័ត​ច្បាប់​ថ្មី​កាលពី​ខែ​មុន​។ ក្នុងនោះ​មាន​ហាមឃាត់​សម្ភារ​បរទេស​ដែល​អាច​បង្កឲ្យមាន​គំនិត​ប្រតិកម្ម​។ លោក​បាន​អំពាវនាវ​ឲ្យមាន​ការបង្កើតរ​បៀបរស់នៅ​ត្រឹមត្រូវ និង​ធ្វើ​បដិវត្ដន៍​នៅក្នុង​គ្រប់​វិស័យនៃ​សង្គម​ជីវិត និង​លុបបំបាត់ចោល​នូវ​ធាតុ​ដែល​មិនមែនជា​បញ្ហា​សង្គមនិយម​៕

​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត