អតីត​ប្រធានាធិបតី​អាមេរិក​៤​រូប​ថ្កោលទោស​ចំពោះ​កុបកម្ម​នៅ​សាលប្រជុំ​សភា​

07-01-2021 5:12 pm 509

​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ចំនួន ៤​រូប​បាន​ចេញមុខ​ថ្កោលទោស​ចំពោះ​ហិង្សា​ក្នុង​កុបកម្ម​នៅឯ​សាល​ប្រជុំ​សភា​កា​ពី​តូ​ល នៅ​បង្កឡើង​ដោយ​ហ្វូង​អ្នកគាំទ្រ​លោក​ដូណាល់ ត្រាំ ប្រធានាធិបតី​ជិត​ផុត​អាណត្តិ​កាលពី​ថ្ងៃ​ពុធ​ទី​០៦​ខែ​មករា​ឆ្នាំ​២០២១​។ 

​អតីត​ប្រធានាធិបតី​ទី​១​ដែល​បាន​រិះគន់​និង​ថ្កោលទោស​លើ​កុបកម្ម​នេះ គឺ​លោក​បា​រ៉ាក់ អូ​បា​ម៉ា អតីត​ប្រធានាធិបតី​ទី​៤៤ បាន​និយាយថា ហិង្សា​ដ៏​អាក្រក់​នៅ​សាលប្រជុំ​កា​ពី​តូ​ល​នេះ​នឹង​ត្រូវ​កត់ចូល​ប្រវត្តិសាស្ត្រ និង​ថា​វា​ជា​ពេលវេលា​ដ៏​គួរឲ្យ​អាម៉ាស់​សម្រាប់​អាមេរិក​។ លោក​អូ​បា​ម៉ា​បន្ថែមថា ហិង្សា​នេះ​កើតចេញ​ពី​ការ​ញុះញង់​ដោយ​ប្រធានាធិបតី​ក្នុង​តំណែង គឺ​លោក​ដូណាល់ ត្រាំ ដោយ​លោក​សារ​នៅតែ​មិន​ព្រម​ទទួលយក​បរាជ័យ​របស់​ខ្លួន​ក្នុង​ការបោះឆ្នោត​ប្រធានា​ធិបតី​កាលពី​ចុងឆ្នាំ​មុន​ដដែល​។​

​ជាមួយគ្នា លោក​ប៊ីល គ្លី​ន​តុ​ន អតីត​ប្រធានាធិបតី​ទី​៤២​របស់​អាមេរិក​បាន​និយាយថា វិមាន​ឬ​សាលប្រជុំ​កា​ពី​តូ​ល​ត្រូវ​បាន​លុកលុយ​យ៉ាង​អនាធិបតេយ្យ​ក្នុង​រយៈពេល​ជាង​៤​ឆ្នាំ​នៃ​អាណត្តិ​នយោបាយ​របស់​លោក​ត្រាំ​។ លោកគ្លី​ន​តុន​ថ្លែង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​កា​លពី​យប់​ថ្ងៃ​ពុធ​ថា កុបកម្ម​នៅ​សាលប្រជុំ​កា​ពី​តូ​ល បណ្តាលមកពី​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ដែល​បង្កើត​ឱ្យ​មាន​ការ​មិន​ទុកចិត្ត​គ្នា​នៅ​អាមេរិក និង​ធ្វើឲ្យ​ពលរដ្ឋ​អាមេរិក​ប្រឆាំង​ទាស់ទែ​ង​គ្នា​។ 

​មិនតែប៉ុណ្ណោះ​លោកគ្លី​ន​តុន​ថែមទាំង​បាន​ថ្លែងទៀតថា លោក​ដូណាល់ ត្រាំ ក៏ដូចជា​សមាជិក​បក្ស​សាធារណរដ្ឋ​ផ្សេងៗ​ទៀត សុទ្ធតែ​ជា​អ្នក​ដែល​ពូកែ​ឈ្លោះប្រកែក​តវ៉ា​បំផុត និង​មិន​ដែល​ទទួលស្គាល់​បរាជ័យ​របស់​លោក​ឡើយ​។ ជាក់ស្ដែង​ដូចជា​កាលពី​អំឡុង​ឆ្នាំ​២០១៦ លោកស្រី​ហ៊ីល​ឡា​រី គ្លី​ន​តុ​ន ដែលជា​ភរិយា​របស់​លោក​ប៊ីល គ្លី​ន​តុ​ន បាន​បរាជ័យ​ក្រោម​ថ្វីដៃ​លោក​ត្រាំ​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​ដ៏​ជូរ​ចត់​។​

​ជុំវិញ​ករណី​ដដែល​នេះ លោក​George W. Bush អតីត​ប្រធានាធិបតី​ទី​៤៣​អាមេរិក ក៏​ចេញ​មុខ​និយាយថា លោក​បាន​មើល​ព្រឹត្តិការណ៍​ដ៏​គួរឲ្យ​ស្អប់ខ្ពើម​នេះ​ដោយ​ស្រងាកចិត្ត​យ៉ាងខ្លាំង និង​ថា​ជា​ទង្វើ​គួរ​ឲ្យ​ធុញទ្រាន់​និង​ឈឺចាប់​បំផុត​។ លោក​George W. Bush លើកឡើង​ទៀត​ថា នេះ​មិនមែន​ជា​របៀបរបប​ក្នុង​ការប្រកាស​លទ្ធផល​បោះឆ្នោត​ក្នុងប្រទេស​ប្រជាធិបតេយ្យ​ដូច​អាមេរិក​យើង​នោះទេ​។ លោក​ប៊ូ​ស​ថា លោក​ពិត​មានការ​រន្ធត់ចិត្ត​ណាស់​ចំពោះ​អាកប្បកិរិយា​មិន​ប្រុងប្រយ័ត្ន​របស់​មេដឹកនាំ​នយោបាយ​មួយ​ចំនួន​នៅ​អាមេរិក ចាប់តាំងពី​ការបោះឆ្នោត​នៅ​សហរដ្ឋអាមេរិក និង​កង្វះ​ការគោរព​អត់អោន​គ្នា​ជាដើម​។​

​លើសពីនេះ លោក​Jimmy Carter អតីត​ប្រធានាធិបតី​ទី​៣៩​របស់​អាមេរិក​ក៏​បាន​ថ្លែង​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ដែល​ចុះផ្សាយ​ដោយ​សារព័ត៌មាន​ABC​ថា អំពើ​ហិង្សា​នៅ​សាលប្រជុំ​កា​ពី​តូ​ល គឺជា​សោកនាដកម្ម​ជាតិ​របស់​អាមេរិក​។ លោក​Carter​បន្តថា លោក​បាន​សង្កេត​មើលឃើញ​ពី​បញ្ហា​ដែល​កើតចេញពី​ការបោះឆ្នោត​នៅតាម​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ​នានា​នៅ​ជុំវិញ​ពិភពលោក​រួចហើយ និង​ថា​គួរតែ​មាន​ការបង្រួបបង្រួម​គ្នា​ដោយ​ស្របច្បាប់ និង​សន្តិវិធី​ក្នុងនាម​ជា​ប្រទេស​ប្រជាធិបតេយ្យ​។ 

​យ៉ាង​ណា​ក្រៅពី​អតីត​ប្រធានាធិបតី​ទាំង​៤​រូប​ខាងលើនេះ ក៏​នៅ​មាន​មេដឹកនាំ និង​អ្នកនយោបាយ​កំពូលៗ​របស់​អាមេរិក​ផង​ដែរ ដែល​បាន​រិះគន់ និង​ថ្កោលទោស​ចំពោះ​កុបកម្ម​ហិង្សា​ដែល​ពុំ​ធ្លាប់​មាន​នៅ​អាមេរិក​នេះ​រួមមាន​ដូចជា​លោកចូ បាយដិន​ជាដើម​។ 

​គួរ​ជម្រាប​ថា កុបកម្ម​កើតចេញពី​ក្រុម​អ្នកគាំទ្រ​របស់លោក​ត្រាំ​នេះ បាន​ផ្ទុះឡើង​នៅ​សាលប្រជុំ​សភា​កា​ពី​តូ​ល​អាមេរិក​ ដោយសារតែ​ពួកគេ​មិន​ពេញចិត្ដ​នឹង​លទ្ធផល​បោះឆ្នោត​កាលពី​ថ្ងៃ​ទី​០៣​ខែវិច្ឆិកា​ឆ្នាំ​មុន​។ ដោយ​កាលនោះ​លោកចូ បាយ​ដិនបាន​ឈ្នះឆ្នោត ប៉ុន្ដែ​ប្រធានាធិបតី​ដែល​ពួកគេ​គាំទ្រ​គឺ​លោក​ត្រាំ​បែរ​ជា​ចាញ់ឆ្នោត​ទៅវិញ​។ ប្រការ​នេះ​បាន​ធ្វើឲ្យ​ពួកគេ​មិន​សុខចិត្ដ និង​ចោទ​ថា​ការបោះឆ្នោត​មាន​ភាពមិនប្រក្រតី​មាន​ការបន្លំ​សន្លឹកឆ្នោត ដូច​ជា​ការអះអាង​រប​ស់លោក​ត្រាំ​។ ការតវ៉ា​ក្លាយជា​កុបកម្ម​បាន​បណ្ដាលឲ្យ​មនុស្ស​បួន​នាក់​ស្លាប់ និង​ចាប់ខ្លួន​ជាង​៥០​នាក់​ផង​ដែរ​៕ ដោយ​៖ យឺន សីហា​

ព័ត៌មានផ្សេងទៀត