​សហជីព​មួយចំនួន​៖​​ការ​ផុត​សុពល​ភាព​ប្រព័ន្ធ​GSP​អាមេរិក​ជា​ក្ដីបារម្ភ​បន្ថែមទៀត​​

07-01-2021 3:05 pm 566

សហជីព​កម្មករ​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង​មួយចំនួន ពួកគេ​បាន​សម្ដែង​ការព្រួយបារម្ភ បន្ទាប់ពី​កម្មវិធី​អនុគ្រោះ​ពន្ធ​ទូទៅ​របស់​សហរដ្ឋអាមេរិក​(Generalized System of Preferences -GSP)​បាន​ផុតរលត់​សុពលភាព​របស់ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា ក៏ដូចជា​ប្រទេស និង​ដែនដី​១១៩​ទៀត កាលពី​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២០​។

​សេចក្តីជូនដំណឹង​របស់​សមាគម​រោងច​ក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) ចុះ​ថ្ងៃទី​៦ ខែ​មករា ឆ្នាំ​២០២១ បាន​បញ្ជាក់ប្រាប់​ទៅ​សមាជិក​របស់ខ្លួន​ថា ការ​ផុត​សុពលភាព​នៃ​កម្មវិធី​អនុគ្រោះ​ពន្ធ GSP នឹងមាន​ផលប៉ះពាល់​ផ្ទាល់​ទៅលើ​អ្នកបញ្ជា​ទិញ​។ ប៉ះពាល់​ទៅលើ​អ្នកបញ្ជា​ទិញ ដោយសារ​ត្រូវ​បង់ពន្ធ​នាំចូល​ទៅកាន់​សហរដ្ឋអាមេរិក​សិន រហូត​ទាល់តែ​កម្មវិធី​នេះ ត្រូវ​សហរដ្ឋអាមេរិក​ផ្តល់​សុពលភាព​ឡើងវិញ​។ (GMAC) បន្តថា ការ​ផុត​សុពលភាព​នេះ គឺ​បន្ទាប់ពី​សភា​អាមេរិក​មាន​ភាពយឺតយ៉ាវ​ក្នុង​ការអនុម័ត​ច្បាប់​នេះ ដើម្បី​បន្ត​សុពលភាព​។​

​លោក​អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា​បាន​បញ្ជាក់ថា ការ​ផុត​សុពលភាព​នៃ​កម្មវិធី​អនុគ្រោះ​ពន្ធ GSP អាមេរិក កម្ពុជា​យើង​ក៏​ជួប​បញ្ហា​នេះ​ប៉ុន្មាន​ដង​ដែរ តែមាន​ការចរចា​បាន​ឡើងវិញ​។ ក៏ប៉ុន្តែ​បរិបទ​ថ្មី​នេះ លោក​មើលឃើញថា មាន​ការលំបាក​ខ្លាំង​សម្រាប់​កម្ពុជា ដោយសារ​ការបោះឆ្នោត​នៅ​អាមេរិក​ទើបតែ​បញ្ចប់ ហើយ​បញ្ហានយោបាយ​ការទូត​របស់​កម្ពុជា​ជាមួយ​អាមេរិក ក៏​នៅមាន​បញ្ហា​ខ្លះ​។ លោក​បន្ថែមថា ប្រសិនបើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP អាមេរិក មិនទាន់​ផ្ដល់ឱ្យ​កម្ពុជា​សារជាថ្មី វា​ជា​បញ្ហា​ប្រឈម​មួយទៀត​សម្រាប់​កម្ពុជា ខណៈ​កំពុងមាន​បញ្ហា​ប្រឈម​ក្នុង​ការនាំចេញ​ទៅ​សហភាព​អឺរ៉ុប និង​បញ្ហា​ជំងឺ​កូវី​ដ​-១៩ ហើយ​បញ្ហា​ទាំងនេះ​ជា​ក្ដីបារម្ភ​មួយទៀត​សម្រាប់​សហជីព​ផងដែរ​………

​សំឡេង​លោក​អាត់ ធន់​៖

​ដោយឡែក​លោក​ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​កម្ពុជា លោក​ក៏បាន​សម្ដែង​ការបារម្ភ​ដូច​លោក​អាត់ ធន់​ផងដែរ ដោយ​លោក​លើកឡើងថា ប្រសិនបើ​សហរដ្ឋអាមេរិក​បន្ត​ផ្ដល់ឱ្យ​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP​ដល់​កម្ពុជា​សារជាថ្មី មិនដឹងថា​មានភ្ជាប់​លក្ខខណ្ឌ​អ្វីខ្លះ​នោះទេ​? លោក​បន្តថា បើ​អាមេរិក ភ្ជាប់​លក្ខខណ្ឌ​ប្រជាធិតេយ្យ និងសិទ្ធិមនុស្ស ដូច​អ្វីដែល​សហភាព​អឺរ៉ុប​បានធ្វើ​មក​លើក​កម្ពុជា នោះ​ជា​បញ្ហា​ប្រឈម​បន្ថែមទៀត​សម្រាប់​កម្ពុជា ហើយ​បញ្ហា​នេះ នឹង​ជះឥទ្ធិពល​ដល់​អ្នកវិនិយោគ និង​អ្នកបញ្ជា​ទិញ​ផងដែរ​ប្រសិនបើ​ការនាំ​ចូល​ពី​កម្ពុជា​ទៅ​អាមេរិក​ត្រូវបាន​បង់ពន្ធ​………….

​សំឡេង​លោក​ប៉ាវ ស៊ីណា​៖

​សូមបញ្ជាក់ថា កម្ពុជា​បានទទួល​អត្ថប្រយោជន៍​ពី​កម្មវិធី​អនុគ្រោះ​ពន្ធ GSP​អាមេរិក កាលពី​ឆ្នាំ​១៩៩៧ ហើយ​នៅ​ឆ្នាំ​២០១៦ កម្ពុជា​បាន​នាំ​ទំនិញ​របស់ខ្លួន​ទៅកាន់​សហរដ្ឋអាមេរិក ដោយ​មិន​បង់ពន្ធ​ជាង ១៧៩​លាន​ដុល្លារ​។ នេះ​បើតាម​ទិន្នន័យ​ពី​ស្ថាន​ទូរ​អាមេរិក​ប្រចាំ​កម្ពុជា​។ ក្នុងនោះ ទំនិញ​ទាក់ទង​នឹង ផលិតផល​សម្រាប់​ធ្វើដំណើ​រ​ដូចជា កាបូបដៃ កាបូប​យួរ និង​វ៉ា​លី​ស​ជាដើម ត្រូវបាន​រាប់បញ្ចូល​ជា​ផលិតផល​ទទួល​បានកា​រ​អនុគ្រោះ​ពន្ធ GSP កាលពី​ខែកក្កដា ឆ្នាំ​២០១៦​។​

​គួរ​ឱ្យដឹង​ផងដែ​រថា បើតាម​ទិន្នន័យ​របស់​ការិយាល័យ​ជំរឿន របស់​សហរដ្ឋអាមេរិក ដែល​ចេញផ្សាយ​នា​ដើម​ខែធ្នូ​ការនាំចេញ​ទំនិញ​របស់​កម្ពុជា ទៅកាន់​សហរដ្ឋអាមេរិក​នៅក្នុង​រយៈពេល​១០​ខែ ពោល គិត​ចាប់ពី​ខែ​មករា ឆ្នាំ​២០២០ រហូតមកដល់​ខែតុលា ឆ្នាំ​២០២០ មាន​ទំហំ​ប្រមាណ ៥៥៣១​លាន​ដុល្លារ ឬ​កើនឡើង​ប្រមាណ​២១​ភាគរយ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០១៩ ដែលមាន​ប្រមាណ ៤៥៥៨​លាន​ដុល្លារ​៕


ព័ត៌មានផ្សេងទៀត