«យុទ្ធសាស្ត្រមហាសមុទ្រខៀវ»បង្ហាញគន្លឹះជោគជ័យក្នុងអាជីវកម្ម

07-01-2021 2:06 pm 155

សៀវភៅ «យុទ្ធសាស្ត្រមហាសមុទ្រខៀវ»  Blue Ocean Strategy  ត្រូវបាននិពន្ធដោយសហស្ថាបនិក ដែលមានឈ្មោះថា W Chan Kim ដែលកាន់តំណែងជាសាស្ត្រចារ្យផ្នែកយុទ្ធសាស្ត្រ និងគ្រប់គ្រង់មុខជំនួញបរទេស និងជាប្រធានផ្នែកយុទ្ធសាស្ត្រមហាសមុទ្រខៀវនៃវិទ្យាស្ថាន INSEAD រីឯអ្នកនិពន្ធម្នាក់ទៀតមានឈ្មោះថា Renee mauborgne ជាឧត្តមក្រុមប្រឹក្សាជាន់ខ្ពស់ ជាសាស្ត្រចារ្យផ្នែកយុទ្ធសាស្ត្រ និងជាសហស្ថាបនិកវិទ្យាស្ថាន INSEAD។

សៀវភៅមួយក្បាលនេះ មាន៣៨៣ទំព័រ និង១១មេរៀនធំៗ ក្រោយចេញលក់បាន១០ឆ្នាំសៀវភៅ នេះត្រូវបានជាប់ចំណាត់ថ្នាក់ជាសៀវភៅលក់ដាច់បំផុតជាង៣.៥លានក្បាល ជាប់ជាសៀវភៅលក់ដាច់ក្នុងទ្វីបចំនួន៥ ថែមទាំងបំបែកឯកទគ្គកម្មដោយយកទៅបកប្រែជាភាសាផ្សេងៗដល់ទៅ៤៣ភាសា។ក្រៅពីនេះពាក្យថា «មហាសមុទ្រខៀវ» Blue Ocean ក៏បានក្លាយជាពាក្យដែលយកទៅប្រើប្រាស់យ៉ាងទូលំទូលាយក្នុងវិស័យជំនួញថែមទៀតផង។

មនុស្សភាគច្រើនគិតថាប្រសិនបើចង់ទទួលបានជោគជ័យនៅក្នុងអាជីវកម្ម អ្នកចាំបាច់ត្រូវផ្តួលការប្រកួតប្រជែងនៅលើទីផ្សារ ដើម្បីក្លាយជាតួរឯកក្នុងទីផ្សារ។ ការប្រកួតប្រជែងបានគឺថាអ្នកត្រូវតតាំងជាមួយ អាជីវកម្មយ៉ាងច្រើននៅលើទីផ្សារដែលមានយ៉ាងសន្ធឹកសន្ធាប់ ដើម្បីអ្នកអាចដណ្តើមបានចំណែកទីផ្សារណាមួយ។ប៉ុន្តែនៅក្នុងសៀវភៅ «យុទ្ធសាស្ត្រមហាសមុទ្រខៀវ»  Blue Ocean Strategy ការព្យាយាមយកឈ្នះលើដៃគូរក្នុងទីផ្សារមិនមែនជាយុទ្ធសាស្ត្រជំនួញដ៏អស្ចារ្យនោះទេ តែវាអាចនាំអោយខាតបង់ ហើយវាអាចធ្វើឱ្យភាពរីកចម្រើននានា នឹងថមថយបន្តិចម្តងៗទៅវិញ។

 អ្នកត្រូវដឹងថា នៅពេលអ្នកព្យាយមផ្តួល ដៃគូរប្រកួតប្រជែងអ្នកព្យាយាមប្រើយុទ្ធសាស្ត្រគ្រប់បែបយ៉ាងដើម្បី ដេញជើងកុំអោយដៃគូររបស់អ្នកតស៊ូជាមួយអ្នកបាន រហូតភ្លេចអភិវឌ្ឍន៍ចំណុចខ្លាំងរបស់ខ្លួន គឺជាការខាតបងដ៏ធំបំផុតទៅវិញ។វត្ថុបំណងនៃយុទ្ធសាស្ត្រមហាសមុទ្រខៀវវាមានលក្ខណៈត្រង់ទៅត្រង់មក គឺការជួយអោយអាជីវកម្ម ឬក្រុមហ៊ុន អាចទប់ទល់នឹងបញ្ហាប្រឈមដោយចាប់យកឱកាសបានច្រើនបំផុត និងមានហានិភ័យទាប។សៀវភៅនេះនឹងផ្ដល់គំនិតដែលអាចយកទៅអនុវត្តបានពិតប្រាកដ រួមទាំងឧបករណ៍សម្រាប់វិភាគដែលជួយឲ្យស្វែងរក និងគ្រប់គ្រងអាជីវកម្ម តាមបែបមហាសមុទ្រពណ៌ខៀវបានយ៉ាងមានប្រសិទ្ធភាព។ សៀវភៅមួយក្បាលនេះនឹងជួយបង្ហាញផ្លូវ និងផ្ដល់ជាគន្លឹះដល់អ្នកទាំងអស់គ្នាដើម្បីទទួលបានជោគជ័យក្នុងការធ្វើអាជីវកម្ម ដោយមិនចាំបាច់ខ្វល់ខ្វាយ ឬព្រួយបារម្ភពីដៃគូប្រកួតប្រជែង។

យុទ្ធសាស្ត្រសមុទ្រខៀងគ្មានការកំណត់តម្លៃខ្ពស់ដូចអ្នកផ្តាច់មុខជំនាន់មុននោះទេ គោលដៅរបស់យុទ្ធសាស្ត្រមហាសមុទ្រពណ៌ខៀវមិនមែនជាការកំណត់បរិមានផលិតផលដោយកំណត់តម្លៃខ្ពស់ៗនោះទេ តែជាការបង្កើតតម្រូវការថ្មីៗក្នុងទីផ្សារដោយការបង្កើតតម្លៃដល់អ្នកទិញកំណត់តម្លៃដែលគ្រប់គ្នាមានលទ្ធភាពក្នុងការចាយទៅលើ។ក្នុងករណីនេះទាំងអ្នកទិញ និងសង្គមសុទ្ធតែបានប្រយោជន៍ពីប្រសិទ្ធភាពដែលកើនឡើងនេះជាស្ថានការណ៍ដែលគ្រប់គ្នាជាអ្នកឈ្នន អ្នកទិញ ក្រុមហ៊ុន និងសង្គមជារួមសុទ្ធតែទទួលបានគុណតម្លៃ។

នៅក្នុងមេរៀនទី២ទំព័រទី១៧ ត្រង់ចំណុចការច្នៃប្រឌិត ដែលអាចបង្កើតតម្លៃគឺជាបេះដូងនៃយុទ្ធសាស្ត្រមហាសមុទ្រពណ៌ខៀវត្រង់ចំណុចនេះអ្នកនិពន្ធ បានលើកឡើងថា ក្រុមហ៊ុនដែលប្រើប្រាស់យុទ្ធសាស្ត្រមហាសមុទ្រខៀវ មិនផ្តោតលើការប្រកួតប្រជែងទេតែផ្តោតលើការច្នៃប្រឌិតដែលអាចបង្កើតតម្លៃ (Val ue innovation) ការយកការប្រកួតប្រជែងមកដាក់មុខក្នុងអាជីវកម្មលែងមានតម្លៃតទៅទៀត ដោយម្ចាស់អាជីវកម្មត្រូវព្យាយាមបន្ថែមតម្លៃ ដល់អតិថិជន និងក្រុមហ៊ុនរបស់ខ្លួន ធ្វើអោយអ្នកបើកទីផ្សារថ្មីដែលគ្មានការប្រកួតប្រជែងបាន។ក្នុងនោះក៏មានវិធីសាស្ត្រមួយចំនួនទៀតដូចជា បញ្ជាក់កម្រិតតម្លៃសម្រាប់ក្រុមគោលដៅ ការកំណត់តម្លៃសមរម្យឆ្ពោះទៅរកដើមទុនគោលដៅ ដែលវានឹងអាចជួយបំពេញតម្រូវការផ្នែកប្រាក់ចំណេញខ្ពស់បំផុត ។

អ្នកនិពន្ធអះអាងថាក្រុមហ៊ុនឈានមុខគេនៅថ្ងៃស្អែកនឹងទទួលជោគជ័យមិនមែនដោយការប្រយុទ្ធជាមួយដៃគូប្រកួតប្រជែងនោះទេប៉ុន្តែតាមរយៈការបង្កើតមហាសមុទ្រពណ៌ខៀវ” ។ ការផ្លាស់ប្តូរយុទ្ធសាស្រ្តបែបនេះដែលមានឈ្មោះថា` ការច្នៃប្រឌិតតម្លៃ”បង្កើតបានជាឥទិ្ធពលដ៏មានតំលៃសំរាប់ក្រុមហ៊ុននិងអ្នកទិញ ។

ក្នុងចំណោមយុទ្ធសាស្ត្រជាច្រើន គឺមានយុទ្ធសាស្ត្រមួយគឺប្រយោជន៍ឆ្ពោះទៅរកការកំណត់តម្លៃដែលសមរម្យ ក្នុងទំព័រទី១៨២ ដោយអ្នកនិពន្ធបានលើកឡើងថា បើចង់អោយផលិតផលឬសេវាកម្មរបស់អ្នកអាចបង្កើតចរន្តប្រាក់ចំណូលរឹងមាំ អ្នកចាំបាច់ត្រូវកំណត់តម្លៃសមរម្យ។ដំណាលនេះ នឹងជួយអោយអ្នកជឿជាក់ថា អ្នកទិញមិនត្រឹមតែត្រូវការទិញផលិតផលរបស់អ្នកទេ ថែមទាំងមានលទ្ធភាពទិញផលិតផលនោះបានផងដែរ។ក្នុងសៀវភៅមួយក្បាលនេះមានវិធីសាស្ត្រ និងយុទ្ធសាស្ត្រជាច្រើនដែលអោយអ្នកយល់ដឹងកាន់តែច្បាស់ពីអាជីវកម្ម ហើយអ្នកក៏អាចយកគន្លឹះនិងយុទ្ធសាស្ត្រ ទាំងនោះទៅប្រើប្រាស់ក្នុងអាជីវកម្មរបស់អ្នកផ្ទាល់ថែមទៀតផង។ អ្នកនិពន្ធបានព្យាយាមពន្យល់ពីចំណុចសំខាន់ៗយ៉ាងច្រើន ដើម្បីអោយអាជីវកម្មទទួលបានជោគជ័យ និងមានហានិភ័យទាបបំផុត៕

 

ព័ត៌មានផ្សេងទៀត