លោកចូ បាយដិន បេក្ខជនឈ្នះឆ្នោតប្រធានាធិបតីអាមេរិកបានស្តីបន្ទោសយ៉ាងខ្លាំងលើលោកដូណាល់ ត្រាំ បេក្ខជនចាញ់ឆ្នោតនិងជាប្រធានាធិបតីអាមេរិកជិតផុតអាណត្តិ ក្រោយពីមានអ្នកគាំទ្ររាប់ពាន់របស់លោកត្រាំបានផ្ទុះនូវការតវ៉ាបះបោរទ្រង់ទ្រាយជាកុបកម្ម និងសម្រុកចូលដោយហិង្សានៅឯសាលប្រជុំសភាពអាមេរិកកាពីតូល(Capitol)។ កុបកម្មដ៏ធំក្នុងប្រទេសបិតាធិបតេយ្យនេះដែរ បានបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់បាត់បង់ជីវិត ដោយសារតែហិង្សាបានឈានដល់ការផ្ទុះអាវុធ។
ទាក់ទងនឹងការតវ៉ានេះ លោកបាយដិនបានទទូចឲ្យលោកត្រាំចេញមុខរារាំង និងបញ្ឈប់នូវសកម្មភាពប្រឆាំងក្នុងរូបភាពជាហិង្សាចេញពីអ្នកគាំទ្ររបស់លោក។ លោកបាយដិនលើកឡើងទៀតថា សកម្មភាពប្រឆាំងបែបនេះពុំធ្លាប់មានពីមុនមកឡើយនៅអាមេរិក។ យ៉ាងណាមិញ សម័យប្រជុំសភាដើម្បីសម្រេចលើជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីរបស់លោកបាយដិនត្រូវបានពន្យាពេលហើយ។
ជាក់ស្ដែង ហ្វូងបាតុករដែលជាអ្នកគាំទ្រលោកត្រាំទាំងនោះ ដើមឡើយត្រូវបានអំពាវនាវ និងជំរុញឲ្យប្រមូលផ្ដុំគ្នានៅជុំវិញសាលប្រជុំកាពីតូលអាមេរិកដោយលោកត្រាំផ្ទាល់តែម្ដង។ ជាការឆ្លើយតប លោកត្រាំតាមរយៈខ្សែវីដេអូបង្ហោះលើបណ្ដាញសង្គមធ្វីតទ័រ បានបន្តលើកឡើងជុំវិញការលួចបន្លំសន្លឹកឆ្នោតរបស់លោកក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីខែវិច្ឆិកាឆ្នាំ២០២០។ លោកត្រាំបានថ្លែងទៅកាន់អ្នកគាំទ្ររបស់លោកថា ខ្ញុំដឹងពីការឈឺចាប់របស់អ្នក។ ខ្ញុំដឹងថាអ្នកឈឺចាប់។ ការបោះឆ្នោតមានការលួចបន្លំលើយើង ប៉ុន្តែអ្នកត្រូវតែត្រឡប់ទៅផ្ទះវិញឥឡូវនេះហើយយើងនឹងមានសន្តិភាព។
ទាក់ទងនឹងកុបកម្មដដែលនេះ មានឥស្សរជននយោបាយ និងមេដឹកនាំមួយចំនួនបានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះទង្វើរបស់ក្រុមអ្នកគាំទ្ររបស់លោកត្រាំនេះ។ ជាក់ស្ដែងនាយករដ្ឋមន្ត្រីអង់គ្លេសលោកBoris Johnson បានថ្កោលទោសចំពោះការតវ៉ានេះ និងបានអំពាវនាវឲ្យលោកត្រាំផ្ទេរអំណាចដោយសន្តិវិធី។ រីឯរដ្ឋមន្ត្រីក្រសួងការបរទេសអាឡឺម៉ង់លោកHeiko Maas ក៏បាននិយាយថា លោកត្រាំនិងអ្នកគាំទ្រត្រូវតែទទួលយកការសម្រេចចិត្តរបស់អ្នកបោះឆ្នោតអាមេរិក និងគួរបញ្ឈប់ការជាន់ឈ្លីលើលទ្ធិប្រជាធិបតេយ្យ។
ក្រៅពីនេះ សូម្បីតែលោកបារ៉ាក់ អូបាម៉ា អតីតប្រធានាធិបតីអាមេរិក ក៏បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដែរមួយថា ការវាយលុកទៅលើសាលប្រជុំកាពីតូលនេះនឹងត្រូវចារជាប្រវត្តិសាស្ត្រ និងថាវាជាពេលវេលាដ៏អាម៉ាស់សម្រាប់សហរដ្ឋអាមេរិក។
គួរជម្រាបថា មូលហេតុដែលឈានដល់ផ្ទុះមានការតវ៉ានិងសម្រុកចូលទៅកាន់សាលប្រជុំសភាកាពីតូលអាមេរិករបស់ក្រុមបាតុករគាំទ្រលោកត្រាំ គឺដោយសារតែពួកគេមិនពេញចិត្ដនឹងលទ្ធផលបោះឆ្នោតកាលពីថ្ងៃទី០៣ខែវិច្ឆិកាឆ្នាំមុន។ ដោយកាលនោះលោកចូ បាយដិនបានឈ្នះឆ្នោត ប៉ុន្ដែប្រធានាធិបតីដែលពួកគេគាំទ្រគឺលោកត្រាំបែរជាចាញ់ឆ្នោតទៅវិញ។ ប្រការនេះបានធ្វើឲ្យពួកគេមិនសុខចិត្ដ និងចោទថាការបោះឆ្នោតមានភាពមិនប្រក្រតីមានការបន្លំសន្លឹកឆ្នោត ដូចជាការអះអាងរបស់លោកត្រាំ៕ ដោយ៖ យឺន សីហា