ទម្លាប់មិនល្អ៧យ៉ាងអាចបំផ្លាញខួរក្បាល

06-01-2021 4:24 pm 194

ខួរក្បាលជាសេរីរាង្គមួយដ៏សំខាន់សម្រាប់រាងកាយ។ តួនាទីរបស់ខួរក្បាលគឺប្រមូល និងដំណើរការព័ត៌មាន ហើយបន្ទាប់មកធ្វើការឆ្លើយតបទៅកាន់រាងកាយដើម្បីធ្វើសកម្មភាពអ្វីមួយ។ ខួរក្បាលមួយដ៏ល្អ គឺអាចជួយអោយមនុស្សម្នាក់ធ្វើអ្វីមួយដោយសកម្មប្រកបដោយភាពវៃឆ្លាត និងមានសុខភាពល្អ។

ខួរក្បាលពិតជាសំខាន់ណាស់សម្រាប់មនុស្ស ព្រោះបើខួរក្បាលខូច យើងអាចនឹងមានបញ្ហាធ្ងន់ធ្ងរ ជាពិសេសការចងចាំ។ នរណាក៏មិនចង់ឱ្យខួរក្បាលមានបញ្ហាដែរ ប៉ុន្តែខួរក្បាលមនុស្សយើងត្រូវធ្វើការធ្ងន់ជារៀងរាល់ថ្ងៃ ដូច្នេះផលប៉ះពាល់ត្រូវតែមានតិចឬច្រើន។ ក្រៅពីការចាស់ទ្រុធទ្រោមទៅតាមវ័យ ការគិត ធ្វើការច្រើនពេក ក៏នៅមានការសាងកំហុសដោយមិនដឹងខ្លួនបន្ថែមទៀត ជាក់ស្ដែងដូចជាកត្តារស់នៅប្រចាំថ្ងៃ ការបរិភោគ ការគេង ក៏ដូចជាទង្វើរមួយចំនួនទៀត ក៏សុទ្ធតែអាចធ្វើឲ្យខួរក្បាលទទួលរងនូវបញ្ហាយ៉ាងធ្ងន់ធ្ងបានដោយងាយ បើយើងភ្លេចខ្លួនអនុវត្តន៍មិនបានត្រឹមត្រូវ។ តើទង្វើទាំងនោះមានអ្វីខ្លះ? សូមតាមដានដូចខាងក្រោម៖

១.ទទួលទានដំណេកមិនគ្រប់គ្រាន់៖ ការទទួលទានដំណេកជាពិសេសពេលយប់ គឺជារឿងដ៏សំខាន់សម្រាប់សុខភាពរាងកាយ និងខួរក្បាលរបស់មនុស្ស។ ដូច្នេះប្រសិនបើអ្នកទទួលទានដំណេកមិនបានគ្រប់គ្រាន់ក្នុងរយៈពេលយូរ កោសិកាខួរក្បាលរបស់អ្នកនឹងត្រូវបានបំផ្លាញ ហើយវានឹងរារាំងដល់សមត្ថភាពខួរក្បាលរបស់អ្នកផងដែរ។

២. គេងដោយយកភួយគ្របក្បាល៖ ការគេងបែបនេះ ធ្វើឱ្យឡើងកាបូនឌីអុកស៊ីត ថែមទាំងថយចុះអុកស៊ីសែន ហើយវានឹងបណ្ដាលឱ្យខួរក្បាលមានបញ្ហា។

៣.រំលងអាហារពេលព្រឹក៖ អាហារពេលព្រឹកជាអាហារដ៏សំខាន់មួយ ដែលមានឥទ្ធិពលទៅលើសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្ត។ ប៉ុន្តែមនុស្សជាច្រើនតែងតែមានទម្លាប់ក្រោកពីគេង ហើយប្រញាប់ទៅធ្វើការទាំងពោះទទេ ដោយមិនទទួលទានអាហារពេលព្រឹក។ ការមិនញ៉ាំអាហារពេលព្រឹកនឹងបណ្តាលឱ្យខួរក្បាលខ្វះថាមពល និងធ្វើឱ្យអ្នកមានអារម្មណ៍មិនល្អ។

៤. បរិភោគច្រើនជ្រុល៖ មិនញុំាអាហារអាចប៉ះពាល់សុខភាពរាងកាយព្រមទាំងខួរក្បាល។ ប៉ុន្តែបើបរិភោគអាហារច្រើនជ្រុលវិញ វាក៏ជាបញ្ហាមួយធ្វើអោយចុះអន់ថយថាមពលប្រាជ្ញា ពីព្រោះវាបានទៅពង្រឹងសសៃឈាមក្រហមក្នុងខួរក្បាលរបស់អ្នក។

៥. ជក់បារី៖ ការជក់បារីមិនបានជួយដល់សុខភាពផ្នែកណាមួយឡើយ ពិសេសថែមទាំងបំផ្លាញដល់ខួរក្បាលអ្នកថែមទៀតផង។ វានឹងធ្វើឲ្យខួរក្បាលកាន់តែរួញ និងឆាប់ងាប់កោសិការប្រសាទ ហើយអាចប្រឈមមុខខ្លាំងនឹងជំងឺវង្វេងវង្វាន់មុនអាយុ។

៦.ការស្រូបខ្យល់ដង្ហើមពីបរិយាកាសពុល៖ ខួរក្បាលត្រូវការអុកស៊ីសែនច្រើនបំផុតពីរាងកាយ។ ដូច្នេះការស្រូបយកជាតិពុល នឹងធ្វើឱ្យថមថយអុកស៊ីសែនទៅកាន់ខួរក្បាល។

៧. ទម្លាប់មិនសូវនិយាយ៖ ការនិយាយស្ដីប្រៀបបានដូចជាការធ្វើលំហាត់ប្រាណមួយដែរ វានឹងជំរុញឲ្យខួរក្បាលដំណើរការបានល្អ។ រីឯការមិនសូវនិយាយស្ដី វានឹងធ្វើឲ្យអ្នកមានទំនាក់ទំនងតិចតួចជាមួយនឹងពិភពខាងក្រៅ។ មិនសូវនិយាយស្ដីនិងធ្វើឱ្យខួរក្បាលអសកម្ម ហើយយូរៗអាចនឹងក្លាយទៅជាកើតជំងឺសតិអារម្មណ៍ខូចក្បាល ថែមទាំងអាចបណ្ដាលឱ្យកើតមានអាការធុញថប់ និងផលប៉ះពាល់ជាច្រើនទៅដល់ខួរក្បាលរបស់អ្នក។ ដូច្នេះ ការនិយាយនិងមានទំនាក់ទំនងល្អនឹងអ្នកដទៃ វានឹងធ្វើឱ្យសមត្ថភាពខួរក្បាលរបស់អ្នកកើនឡើង៕ ដោយ៖ស៊ូ សូរិយា

ព័ត៌មានផ្សេងទៀត