មេធាវីជនជាតិអាមេរិកកាំង ដែលត្រូវចាប់ខ្លួនដោយប៉ូលិសហុងកុងមានឈ្មោះJohn Clancey មានតួនាទីជាប្រធានគណៈកម្មការសិទ្ធិមនុស្សអាស៊ី និងជាអ្នកដែលមានទំនាក់ទំនងជាមួយក្រុមអ្នកតវ៉ាលទ្ធិប្រជាធិបតេយ្យហុងកុងផងដែរ។ លោកមេធាវីម្នាក់នេះ ត្រូវបានប៉ូលិសទៅក្របួចចាប់ដល់ការិយាល័យច្បាប់របស់លោកផ្ទាល់តែម្ដង ក្រោយពីត្រូវបានរកឃើញថា លោកពិតជាមានជាប់ពាក់ព័ន្ធនឹងក្រុមសកម្មជនតវ៉ាហុងកុង ប្រមាណជាង៥០នាក់ដែលទើបនឹងចាប់ខ្លួន។
លោកJohn Clancey ជាអ្នកដែលបានប្រមូលផ្ដុំអំណាច ដើម្បីប្រជាធិបតេយ្យនៅហុងកុង និងបានចូលរួមនៅក្នុងការបោះឆ្នោតក្រៅផ្លូវការជាច្រើនផ្សេងទៀតផងដែរ។ យ៉ាងណាជុំវិញការចាប់ខ្លួនជនជាតិអាមេរិកលើទឹកដីហុងកុងនេះ ពុំទាន់មានការឆ្លើយតបណាមួយ ពីខាងភាគីប៉ូលិសហុងកុងនៅឡើយ។
លោកមេធាវីJohn Clancey ជាមនុស្សម្នាក់ក្នុងចំណោមមនុស្សជាង៥០នាក់ដែលត្រូវបានចាប់ខ្លួន នៅថ្ងៃទី៦ខែមករាឆ្នាំ២០២១ ពីបទរំលោភលើច្បាប់សន្តិសុខជាតិនៅហុងកុង។ នេះជាការបង្ក្រាបដ៏ធំបំផុតលើក្រុមប្រឆាំងនៅទីក្រុងហុងកុង ក្រោមច្បាប់សន្តិសុខជាតិថ្មី ដែលរដ្ឋាភិបាលចិនបានសម្រេចដាក់ឲ្យអនុត្តនៅហុងកុងទាំងចម្រូងចម្រាស់កាលពីឆ្នាំមុន។
គួរជម្រាបថា ចាប់តាំងពីច្បាប់សន្តិសុខថ្មីត្រូវបានដាក់លើទីក្រុងហុងកុងរួចមក មានសកម្មជនតវ៉ាហុងកុងសំខាន់ជាច្រើន ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ មានដូចជា ដឹកនាំតវ៉ាវ័យក្មេងលោកJoshua Wong, និងមហាសេដ្ឋីហុងកុងលោកJimmy Laiជាដើម។ ក្រោមច្បាប់នេះនឹងដាក់ទោស ចំពោះអ្នកដែលបានប្រព្រឹត្តខុសច្បាប់ដូចជាធ្វើអបគមន៍,ការធ្វើវិទ្ធង្សនា, ការធ្វើអំពើភេរវកម្មនិងការឃុបឃិតជាមួយកម្លាំងបរទេស។ ច្បាប់នេះត្រូវបានប្រទេសលោកខាងលិចនិងក្រុមសិទ្ធិមនុស្សថ្កោលទោស និងថាច្បាប់សន្តិសុខជាតិ ជាឧបករណ៍ប្រើប្រាស់ដើម្បីបង្ក្រាបក្រុមប្រឆាំង នៅក្នុងទីក្រុងពាក់កណ្តាលស្វយ័តមួយនេះ៕ ដោយ៖ យឺន សីហា