ឆ្នាំ២០២០គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសធ្លាក់ចុះ២៣ភាគរយ

01-01-2021 2:33 pm 683

លោកស ខេងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក តាមរយៈទំព័រហ្វេសប៊ុកកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០បានឲ្យដឹងថា រយៈពេលពេញមួយឆ្នាំ២០២០ ពោលគឺចាប់ពីខែមករា ដល់ខែធ្នូ ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស បានថយចុះគួរឱ្យកត់សម្គាល់បើប្រៀបធៀបទៅនឹងឆ្នាំ២០១៩។ 

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបញ្ជាក់បន្ថែមថា បើតាមរបាយការណ៍បានបង្ហាញថានៅក្នុងឆ្នាំ២០២០ គ្រោះថ្នាក់ចរាចរណ៍បានថយចុះចំនួន៩៤២លើក ស្មើនឹង២៣ភាគរយ។ ពោលគឺនៅឆ្នាំ២០២០មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួនសរុប៣,១៧៩លើក ខណៈកាលពីឆ្នាំ២០១៩មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុបចំនួន៤,១២១លើក។ 

លោកស ខេងបញ្ជាក់ទៀតថា ការថយចុះជាង២០ភាគរយនៃចំនួនគ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០២០ បានធ្វើឱ្យចំនួនអ្នកស្លាប់ថយចុះ៣៣៥នាក់ ស្មើ១៧ភាគរយ។ យ៉ាងណាកាលពីឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍បានផ្ដាច់យកអាយុជីវិតអ្នកដំណើរ១,៩៨១នាក់ ប៉ុន្តែឆ្នាំ២០២០ចំនួនអ្នកស្លាប់បានថយមកនៅត្រឹមតែ១,៦៤៦នាក់ប៉ុណ្ណោះ។ ចំណែកអត្រាអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ក៏មានការថមថយដូចគ្នាដែរ គឺថយចុះចំនួន១,៤៥៥នាក់ ស្មើ២៤ភាគរយ ដ្បិតនៅឆ្នាំ២០២០មានអ្នករងរបួស៤,៦៨៦នាក់ រីឯកាលពីឆ្នាំ២០១៩មានអ្នករបួសចំនួន៦,១៤១នាក់។

ផ្អែកលើលទ្ធផលនេះ លោកស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវដ៏ច្រើនលើសលប់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក។ បន្ថែមពីលើនេះ លោកក៏បានអំពាវនាវដល់នគរបាលចរាចរណ៍ទូទាំងប្រទេស សូមបន្តប្រកាន់ខ្ជាប់នូវការអនុវត្តតួនាទីភារកិច្ចដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ និងសូមបងប្អូនជនរួមជាតិទាំងអស់បន្តចូលរួមគោរពច្បាប់ និងបើកបរប្រកបដោយស្មារតីប្រុងប្រយ័ត្ន ដើម្បីយើងអាចឈានទៅកាត់បន្ថយចំនួនអ្នកស្លាប់ និងរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ឱ្យមកនៅកម្រិតកាន់តែទាបជាងនេះ៕ ដោយ៖ស៊ូ សូរិយា 

ព័ត៌មានផ្សេងទៀត

កម្ពុជាបាត់ចំណូលជាង៣ពាន់លានដុល្លារ ដោយសារធ្លាក់ចុះចំនួនភ្ញៀវអន្តរជាតិនៅឆ្នាំមុន

បុរសវ័យ៦៥ឆ្នាំម្នាក់នៅខេត្តត្បូងឃ្មុំ ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ទាំងមិនដឹងថាខ្លួនឆ្លងកូវីដ!

 គ្រោះថ្នាក់​ចរាចរណ៍​ធ្លាក់ចុះ​យ៉ាង​គំហុក ក្រោយ​មាន​បម្រាម​គោចរ​និង​វិធានការ​បិទ​ខ្ទប់​

 ធនាគារពិភពលោក​៖​សេដ្ឋកិច្ច​មី​យ៉ាន់​ម៉ា​នឹង​ធ្លាក់​ចុះ​១០%​នៅ​ឆ្នាំ​នេះ​

 ​អ្នកតាមដាន​សង្គម​ថា​​បញ្ហា​ចំនួន​ពីរ​នៅ​កម្ពុជា​​គួរតែ​ប្រកាសអាសន្ន​​

សេដ្ឋកិច្ច​ជប៉ុន​ធ្លាក់ចុះ​៤,៨​ភាគរយ​ក្នុង​ឆ្នាំ​២០២០​ជា​លើកដំបូង​គិតពី​ឆ្នាំ​២០០៩

 ​គ្រោះថ្នាក់​ចរាចរណ៍​​ដល់​ពេល​ប្រកាសអាសន្ន​​ដូច​កូវី​ដ​១៩​ហើយ​?​

ខែ​ដំបូង​ឆ្នាំ​នេះ​អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ថយចុះ​៤៧​នាក់​

 ​អ្នកតាមដាន​សង្គម​៖​​គួរ​ប្រកាសអាសន្ន​​រឿង​គ្រោះថ្នាក់​ចរាចរណ៍​​​ដូច​ជំងឺ​កូវី​ដ​១៩​

លោក​ស ខេង ចូលរួម​ទិវា​អន្តរជាតិ​រំលឹក​ដល់​ជនរងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​