អ៉ីរ៉ង់​ព្រមាន​វាយប្រហារ​ការពារ​ខ្លួន​និង​គំរាម​លោក​ត្រាំ​ឲ្យ​ឈប់​បង្ក​រឿង

01-01-2021 11:48 am 416

​រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់​លោក​Mohammad Javad Zarif នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​៣១​ខែ​ធ្នូ​ឆ្នាំ​២០២០ បាន​ចោទប្រកាន់​ប្រធានាធិបតី​អាមេរិក​ជិត​ផុត​អាណត្តិ​លោក​ដូណាល់ ត្រាំ ថា​បាន​ព្យាយាម​មួលបង្កាច់​លើ​អ៊ីរ៉ង់​។ លោក​Zarif​និយាយថា រដ្ឋាភិបាល​ទីក្រុង​តេ​រ៉ង់​នឹង​ការពារ​ខ្លួន ប្រសិនបើ​អាមេរិក​នៅ​តែ​មាន​គំនិត​មិន​ល្អ​លើ​អ៊ីរ៉ង់​បន្តទៀត​។​

​លោក​Zarif​បាន​សរសេរ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ធ្វី​ត​ទ័​រ​របស់​លោក​ថា លោក​ត្រាំ​និង​បក្ខពួក​បាន​ខ្ជះខ្ជាយ​លុយ​រាប់ពាន់​លាន​ដុល្លារ​ក្នុង​ការទម្លាក់​គ្រាប់បែក​B-52​លើ​ដែនដី​របស់​អ៊ីរ៉ង់​កាលពី​ថ្ងៃ​ពុធ​ទី​៣០​ខែ​ធ្នូ​ឆ្នាំ​២០២០​កន្លងទៅ​។ លោក​Zarif​បន្ថែមថា ការទម្លាក់​គ្រាប់បែក​របស់​សហរដ្ឋ​អាមេរិក​នេះ គោលបំណង​ដើម្បី​ជាការ​បន្លាច​ដល់​អ៊ីរ៉ង់ និង​ថា​នេះ​ជា​លេស​ក្នុង​ការបង្ក​សង្គ្រាម​របស់​លោក​ត្រាំ​ផងដែរ​។ តែ​លោក​Zarif​បានសរសេរថា អ៊ីរ៉ង់​មិន​ចង់​បង្ក​សង្គ្រាម​ទេ ប៉ុន្តែ​អ៊ីរ៉ង់​នឹង​ការពារ​ប្រជាជន សន្តិសុខ និង​ផលប្រយោជន៍​របស់​ខ្លួន​។ លើសពី​នេះ​បើ​តាម​សម្ដី​មន្ត្រី​យោធា​ជាន់ខ្ពស់​ម្នាក់​ទៀត​របស់​អ៊ីរ៉ង់​បាន​ព្រមាន​លោក​ត្រាំ​ថា សូម​កុំ​ធ្វើឲ្យ​ប្រែក្លាយ​ឆ្នាំ​ថ្មី​ទៅ​ជា​ការ​កាន់ទុក្ខ​សម្រាប់​ជនជាតិ​អាមេរិក​ឲ្យសោះ​។​

​គួរបញ្ជាក់​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​សហរដ្ឋអាមេរិក​កំពុងតែ​មាន​ការព្រួយបារម្ភ និង​ការប្រុងប្រយ័ត្ន​កាន់តែ​ខ្លាំង​ឡើងៗ​លើ​សន្តិសុខ​ជាតិ​របស់​ខ្លួន​។ ព្រួយបារម្ភ​ដោយហេតុថា សហរដ្ឋអាមេរិក​សង្ស័យ​ខ្លាចក្រែង​នឹង​មាន​ការវាយប្រហា​រស​ង​សឹក​ណាមួយ​ពី​កងកម្លាំង​គាំទ្រ​អ៊ីរ៉ង់​ទៅលើ​សហរដ្ឋអាមេរិក នៅមុន​ខួប​មរណភាព​របស់​មេ​បញ្ជាការ​ជាន់ខ្ពស់​អ៊ីរ៉ង់​លោក​Qassem Soleimani ដែល​ត្រូវបាន​សម្លាប់​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​កាលពី​ថ្ងៃ​០៣​ខែ​មករា​ឆ្នាំ​មុន​។​

​ជាមួយគ្នា កាលពីពេល​កន្លង​ទៅ​ថ្មីៗ​នេះ​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​បាន​ស្តីបន្ទោស​កងជីវពល​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់ ចំពោះ​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​ប្រមាណ​៨​គ្រាប់​ទៅលើ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​ប្រទេស​អ៊ីរ៉ាក់​។ ផ្ទុយទៅវិញ ពុំ​មាន​ការទទួលស្គាល់​ណាមួយ​ពី​កងជីវពល​គាំទ្រ​អ៊ីរ៉ង់​ថា​ជា​ទង្វើ​របស់​ពួកគេ​ឡើយ​។​

​សូមជម្រាបថា ភាព​តានតឹង​រវាង​សហរដ្ឋអាមេរិក​និង​អ៊ីរ៉ង់​បាន​ឆាបឆេះ​ឡើង ក្រោយ​ពី​អាមេរិក​បាន​សម្លាប់​លោក​Qassem Soleimani​កាលពី​ថ្ងៃ​ទី​០៣​ខែ​មករា​ឆ្នាំ​២០២០ ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​សហរដ្ឋអាមេរិក​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​។ ការវាយប្រហារ​សម្លាប់​មេបញ្ជាការ​ជាន់ខ្ពស់​រូប​នេះដែរ ដោយសារតែ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​ចោទប្រកាន់​លោក​Soleimani ថា​ជា​អ្នក​រៀបចំ​គម្រោង​វាយប្រហារ​របស់​ពួក​សកម្មប្រយុទ្ធ​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​អ៊ីរ៉ង់ លើ​កងកម្លាំង​សហរដ្ឋ​អាមេរិក​នៅក្នុង​តំបន់​មជ្ឈិមបូព៌ា​៕ ដោយ​៖ យឺន សីហា​

ព័ត៌មានផ្សេងទៀត