​អគ្គស្នងការ​នគរបាល​ជាតិ​៖​​នៅ​កម្ពុជា​គ្មាន​ការគំរាមកំហែង​ផ្នែក​នយោបាយ​​

31-12-2020 4:34 pm 188

​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ បាន​ប្រតិកម្ម​ចំពោះ​មតិ​រិះគន់​ដែល​លើកឡើងថា នៅ​កម្ពុជា​មាន​ការគំរាមកំហែង​ផ្នែក​នយោបាយ ជា​រឿង​មិន​ពិត និង​ថា​ការលើកឡើង​នេះ​ដើម្បី​កេង​យក​ផលប្រយោជន៍​ផ្នែក​នយោបាយ ខណៈដែល​សកម្មជន និង​សាច់ញាតិ​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​ចាប់ខ្លួន និង​រង​អំពើហិង្សា​ជា​បន្តបន្ទាប់​។ 

​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​នៅ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២០​នេះ ថា​ថ្មីៗ​នេះ មាន​បណ្តាញសារព័ត៌មាន​មួយចំនួន បាន​ផ្សាយ​បទសម្ភាសន៍ និង​ការធ្វើ​អត្ថាធិប្បាយ​របស់​សកម្ម​ជន គ្រួសារ​របស់​សកម្មជន​បក្សនយោបាយ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​។ អ្នកនាំពាក្យ​បន្តថា ក្នុង​បទសម្ភាសន៍ អ្នក​ទាំងនោះ បានលើកឡើង​ពី​ការព្រួយបារម្ភ​របស់​ពួកគេ ចំពោះ​ការប្រើ​អំពើហិង្សា និង​ការគំរាមកំហែង​ផ្នែក​នយោបាយ ព្រមទាំង​បង្ហាញ​ពី​ការមិន​ជឿទុកចិត្ត​លើ​ច្បាប់ និង​រដ្ឋាភិបាល ក្នុង​ការចាត់វិធានកា​រ​ច្បាប់ និង​វិធានការ​ពង្រឹង​សន្តិសុខ​សង្គម ក្រោយពី​សកម្មជន និង​សាច់ញាតិ​របស់​ពួកគេ​ត្រូវបាន​ចាប់ខ្លួន និង​រង​អំពើហិង្សា​ជា​បន្តបន្ទាប់ ដោយ​មិនត្រូវ​ចាប់​ជនដៃដល់​មក​ដាក់ទោស​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​ដដែល បានចាត់ទុក​ការផ្សព្វផ្សាយ​បទសម្ភាសន៍ និង​ការអត្ថាធិប្បាយ​ទាំងនោះ ថា​ជា​ការចោទប្រកាន់​ទៅលើ​រដ្ឋាភិបាល​ដោយ​គ្មាន​ភស្តុតាង និង​ហេតុផល​ច្បាស់លាស់​។ អ្នកនាំពាក្យ​បន្តថា «​ការផ្សព្វផ្សាយ​នោះ មាន​ចរិត​គុំកួន និង​មាន​ចេតនា​ទុច្ចរិត បំភ័ន្ត​សាធារណៈមតិ​ជាតិ អន្តរជាតិ​ឱ្យមាន​ការយល់ច្រឡំ និង​បាត់បង់​ទំនុកចិត្ត​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​អាជ្ញាធ​រមាន​សមត្ថកិច្ច និង​រដ្ឋាភិបាល ដើម្បី​កេង​យក​ផលប្រយោជន៍​ផ្នែក​នយោបាយ​»​។ ជាមួយគ្នានេះ​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​អះអាងថា ពលរដ្ឋ​កម្ពុជា​គ្រប់រូប​មាន​សិទ្ធិ​ស្នើ​គ្នា​ចំពោះមុខ​ច្បាប់ ត្រូវបាន​ការពារ​ដោយ​ច្បាប់​និង​ត្រូវគោរព​ច្បាប់​ជា​ធរមាន​ដោយ​គ្មាន​ការបែងចែក​វណ្ណៈ​ពណ៌​សម្បុរ​ជាតិ​សាសន៍ ឬ​សាសនា​ឡើយ​។​

​បើតាម​អ្នកនាំពាក្យ ក្នុងករណី​មាន​បទល្មើស ឬ​អំពើហិង្សា​កើតឡើង ជនរងគ្រោះ​ចាំបាច់​ត្រូវមាន​កាតព្វកិច្ច​សហកា​រ​ជាមួយ​សមត្ថកិច្ច​អនុវត្ត​ច្បាប់​ដោយ​ដាក់​ពាក្យបណ្តឹង ផ្តល់ព័ត៌មាន​ពាក់ព័ន្ធ​ហេតុការណ៍ និង​ភស្តុតាង​ផ្សេងៗ​ទៀត​ដល់​សមត្ថកិច្ច​ដើម្បី​បានជា​មូលដ្ឋាន​បម្រើ​ដល់​ឱ្យ​ការស៊ើបអង្កេត​។ អ្នកនាំពាក្យ​បន្ថែមថា កន្លងមក ក្រុមមនុស្ស​មួយចំនួន​តូច ដែល​តែងតែ​ប្រកាសថា ខ្លួន​ជា​ជនរងគ្រោះ ប៉ុន្តែ​ព្យាយាម​គេចវេស​មិន​សហការ​ជាមួយ​សមត្ថកិច្ច​ទេ ហើយ​ខំប្រឹង​បំប៉ោង​សំឡេង​តាមរយៈ​បណ្តាញ​ព័ត៌មាន​ក្រៅប្រទេស ដោយបាន​បកស្រាយ​បែប​អគតិ​បង្វែរ​ហេតុការណ៍​នៃ​អំពើហិង្សា​ទៅជា​ការគំរាមកំហែង​ផ្នែក​នយោបាយ​វិញ​។​

​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ បាន​អះអាង​ផងដែ​រថា ពលរដ្ឋ​កម្ពុជា​ប្រមាណ​១៦​លាន​នាក់​កំពុង​រស់នៅ​ដោយ​គ្មាន​ការព្រួយបារម្ភ និង​ប្រកបមុខរប​ចិញ្ចឹមជីវិត​ដោយ​ភាពកក់ក្តៅ​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត ហើយ​មាន​ការជឿជាក់​ចំពោះ​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់ និង​គាំទ្រ​ក្នុង​ការអនុវត្ត​ច្បាប់ រួមទាំង​គោលនយោបាយ​របស់​រដ្ឋាភិបាល ដែល​ផ្ទុយ​ពី​ការលើកឡើង​របស់​សកម្ម​ជន គ្រួសារ នៃ​សកម្មជន​នយោបាយ និង​សង្គម​ស៊ីវិល ដែល​បានបង្ហាញ​អំពី​ការភ័យខ្លាច ការគំរាមកំហែង ការបាត់បង់​ជំនឿ​លើ​អាជ្ញាធរ និង​មិន​ទទួលស្គាល់​ស្ថានភាព​ពិត​នៃ​សង្គម​កម្ពុជា​បច្ចុប្បន្ន​។​

​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ស្នើឱ្យ​បណ្តាញ​ព័ត៌មាន​ទាំងអស់ ធ្វើ​ការផ្សព្វផ្សាយ​ដោយ​គោរព​នូវ​គ្រមសីលធម៌​វិជ្ជាជីវៈ និង​ត្រូវ​ជៀសវាង​ការធ្វើ​អត្ថាធិប្បាយ​ខ្វះ​មូលដ្ឋាន​ព័ត៌មាន​ពិតប្រាកដ ធ្វើ​ការសន្និដ្ឋាន​មាន​លក្ខណៈ​លំអៀង ខ្វះ​តម្លាភាព​ដែល​អាច​បង្កឱ្យមាន​ចលា​នា​ក្នុងសង្គម និង​ធ្វើឱ្យប៉ះពាល់​ផលប្រយោជន៍​និង​បុគ្គល​ផ្សេងទៀត​។ អ្នកនាំពាក្យ ក៏​បានស្នើ​មិនឱ្យ​យក​បញ្ហា​ទំនាស់​ឯកជន អំពើ​ល្មើស អំពើហិង្សា ឬ​ហេតុការណ៍​គ្រោះថ្នាក់​នានា​មក​ធ្វើ​ការបកស្រាយ ដោយ​បង្វែរ​ទៅជា​រឿង​នយោបាយ ដែល​ធ្វើឱ្យ​សាធារណមតិ​ជាតិ និង​អន្តរជាតិ មាន​ការភ័ន្តច្រឡំ ចំពោះ​ស្ថានការណ៍​ពិត​នៅ​កម្ពុជា​ឡើយ​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២០ កន្លងទៅនេះ អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទិ្ធ​មនុស្សហៅ​កាត់ថា លីកាដូ បានចេញ​របាយការណ៍​មួយ​ដោយ​លើកឡើងថា រយៈពេល​៣​ឆ្នាំ​កន្លងមកនេះ អាជ្ញាធរ​រដ្ឋាភិបាល បន្ត​បង្ក្រាប ចាប់ឃុំខ្លួន​និង​រឹតត្បិត​សេរីភាព​របស់​អ្នកនយោបាយ​អតីត​គណ​បក្សប្រឆាំង សកម្មជន អ្នកការពារ​សិទិ្ធមនុ​ស្ស ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពួកគេ​។ របាយការណ៍​ដដែល ឱ្យដឹងទៀតថា អ្នកការពារ​សិទិ្ធមនុ​ស្ស​ជាច្រើន​បាន​លះបង់​ពេលវេលា​ជាច្រើន​ឆ្នាំ រស់នៅ​យ៉ាង​លំបាក​ក្នុង​ពន្ធនាគារ​មាន​ភាព​ចង្អៀត​ណែន ខណៈ​អ្នកការពារ​សិទិ្ធមនុ​ស្ស​ផ្សេងទៀត ប្រឈម​ទៅនឹង​ការវាយដំ​លើ​រូបរាងកាយ និង​គំរាមកំហែង​ដល់​អាយុជីវិត​ជាដើម​។​

​នៅ​ក្នុងនោះដែរ របាយការណ៍​អង្គការ​លីកាដូ បានផ្តល់​ជា​អនុសាសន៍​ជូន​រដ្ឋាភិបាល និង​អាជ្ញាធរ​រដ្ឋ ដោះលែង​អ្នកការពារ​សិទ្ធមនុស្ស​ដែល​កំពុង​ជាប់ពន្ធនាគារ​ដោយ​មិន​ត្រឹមត្រូវ ធ្វើ​ការស៊ើបអង្កេត​ឱ្យបាន​ច្បាស់លាស់​លើ​ការគំរាមកំហែង​និង​ការរំលោភបំពាន​នានា​លើ​អ្នកការពារ​សិទ្ធិមនុស្ស និង​ផ្តន្ទាទោស​ជនល្មើស​ទៅ​តាមច្បាប់​។ ជា​អនុសាសន៍​បន្ត អង្គការ​លីកាដូ បាន​ជំរុញ​ឱ្យ​បញ្ឈប់​ការបង្ក្រាប​ដោយ​មិន​ត្រឹមត្រូវ​ទៅលើ​ពលរដ្ឋ​ដែល​ចេញ​តវ៉ា​ដោយ​អហិង្សា ធ្វើ​វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ លុបចោល​ច្បាប់​ស្តីពី​សមាគម​និង​អង្គការ​មិន​មែនរដ្ឋាភិបាល​និង​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រទេស​ស្ថិតក្នុង​ភាពអាសន្ន​ជាដើម​៕

ព័ត៌មានផ្សេងទៀត