ទស្សនៈជុំវិញស្ថានការណ៍នយោបាយនៅកម្ពុជាក្រោយពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅតែរក្សាជំហរមិនព្រមចរចាជាមួយក្រុមអតីតគណបក្សសង្គ្រោះជាតិ ខណៈកន្លងមកមានអ្នកវិភាគ និងអ្នកតាមដានស្ថានការណ៍សង្គម និងនយោបាយមួយចំនួននៅកម្ពុជា ចាត់ទុកជម្លោះអ្នកនយោបាយថាជាវិបត្តិនយោបាយ មិនអាចឈានទៅរកការផ្សះផ្សារជាតិបាន។
តើស្ថានការណ៍នយោបាយនៅកម្ពុជានឹងទៅជាយ៉ាងណា ក្រោយពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅតែរក្សាជំហរមិនព្រមចរចាជាមួយក្រុមអតីតគណបក្សសង្គ្រោះជាតិ?
ពាក់ព័ន្ធបញ្ហានេះសម្រាប់លោកអ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិ លោកលើកឡើងថា ការនៅបន្តបែបនេះ គ្មានអ្វីក្រៅពីនៅប្រឈមមុខដាក់គ្នានោះទេ ហើយបញ្ហានេះនឹងបន្តរាំងស្ទះដល់ការអភិវឌ្ឍន៍ផងដែរ។ បើតាមលោកអ៊ូ ច័ន្ទរ័ត្ន ជម្លោះនយោបាយមិនថាប្រទេសណានោះទេ ការចរចាគឺជារឿងចាំបាច់សម្រាប់ផ្សះផ្សារជាតិហើយការឯកភាពជាតិ គឺជារបាំងសម្រាប់ប្រទេសជាតិ ដែលគ្មានការជ្រាតជ្រែកកិច្ចការផ្ទៃក្នុង តែបើគ្មានការឯកភាពជាតិទេ ច្បាស់ណាស់នឹងមានការញុះញង់ពីបរទេសខាងក្រៅ…………
សំឡេងលោកអ៊ូ ច័ន្ទរ័ត្ន៖
ដោយឡែកលោកបណ្ឌិតគិន ភា អ្នកតាមដានស្ថានការណ៍សង្គមនិងនយោបាយវិញ លោកលើកឡើងថា រឿងក្រុមអតីតគណបក្សសង្គ្រោះជាតិ ជារឿងមិនត្រូវចរចាក្នុងទិដ្ឋភាពនយោបាយទេ គឺជារឿងអនុវត្តច្បាប់ជាមុនសិន។ បើតាមបណ្ឌិតគិន ភា ការប្រកាសជំហរមិនចរចារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន គឺជារឿងចាំបាច់បំផុត។ លោកបន្តថា ក្រុមអតីតគណបក្សសង្គ្រោះជាតិបានប្រព្រឹត្តកំហុសហើយ អាងតែខ្លួនឯងជាអ្នកនយោបាយ មិនត្រូវចាត់ទុកកំហុសខ្លួនឯងថាជារឿងនយោបាយទេ បើមិនដូច្នេះទេការពង្រឹងនិតិរដ្ឋមិនអាចទៅរួចឡើយ…………
សំឡេងលោកគិន ភា៖
អ្នកតាមដានស្ថានការណ៍សង្គមនិងនយោបាយនៅកម្ពុជារូបនេះបានលើកឡើងផងដែរថា ដើម្បីឱ្យឯកភាពជាតិ និងការអភិវឌ្ឍន៍ប្រទេស សំខាន់គណបក្សនយោបាយទាំងអស់ កុំនាំគ្នាទៅប្រើប្រាស់ឥទ្ធិពលបរទេសមកធ្វើនយោបាយនិងកុំប្រើប្រាស់ប្រជាពលរដ្ឋជាឈ្នាន់នយោបាយដើម្បីបានឡើងកាន់អំណាច។ លោកបណ្ឌិតគិន ភា បន្តថា ការគោរពច្បាប់ក៏ជាផ្នែកមួយធ្វើឱ្យប្រទេសមានសុខសន្តិភាព និងគិតគូយុត្តិធម៌សង្គមទាំងអស់គ្នា កុំប្រកាន់បក្សពួក ត្រូវរួមគ្នាដោះស្រាយបញ្ហាខ្មែរក្នុងរង្វង់គ្រួសារខ្មែរ ដោយមិនត្រូវពឹងបរទេសនោះទេ។
សូមបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានច្រានចោលជាថ្មីចំពោះការស្វះស្វែងរកការចរចានយោបាយពីសំណាក់ក្រុមអតីតគណបក្សប្រឆាំង។ នៅក្នុងការថ្លែងសារពិសេសពាក់ព័ន្ធនឹងការបិទបញ្ចប់ព្រឹត្តិការណ៍២៨វិច្ឆិកា និងស្ថានការណ៍ថ្មីៗនៅកម្ពុជា ចេញពីទីក្រុងតាខ្មៅ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រកាសច្រានចោលចំពោះការសុំចរចាពីក្រុមអតីតបក្សប្រឆាំងដែលលោកមិនបញ្ចេញឈ្មោះ ខណៈលោកថា កន្លងមកអ្នកទាំងនោះបានប្រកាសពីការចង់ផ្តួលរំលំរដ្ឋាភិបាល ប៉ុន្តែឥលូវបែរជាមកចង់ចរចាទៅវិញ។ មិនតែប៉ុណ្ណោះលោកថែមទាំងនិយាយថា គ្មានការចរចានយោបាយណាមួយត្រូវធ្វើឡើងនោះទេ ដរាបណាពួកគេមិនទាន់ត្រូវបានតុលាការកាត់ទោសនោះ៕